ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​ការ​ប្រណាំង​រទេះសាឡី​គោ​លឿន​ឆ្នាំ​២០២៦​​នៅ​ខេត្តកំពង់ស្ពឺ

1 នាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​វប្បធម៌ វិចិត្រសិល្បៈ បាន​អនុញ្ញាត​ឲ្យ​មានការ​ប្រណាំង​រទេះសាឡី​គោ​លឿន​ឆ្នាំ​២០២៦ នៅ​ទឹកដី​ខេត្តកំពង់ស្ពឺ នៅ​ថ្ងៃ​ទី​៥ មេ​សា ខាង​មុខ​នេះ ។…

រាជធានី​ភ្នំពេញ ៖ ក្រសួង​វប្បធម៌ វិចិត្រសិល្បៈ បាន​អនុញ្ញាត​ឲ្យ​មានការ​ប្រណាំង​រទេះសាឡី​គោ​លឿន​ឆ្នាំ​២០២៦ នៅ​ទឹកដី​ខេត្តកំពង់ស្ពឺ នៅ​ថ្ងៃ​ទី​៥ មេ​សា ខាង​មុខ​នេះ ។

យោង​តាម​សេចក្តីជូនដំណឹង​ស្តី​ពី​ពិធី​ប្រណាំង​រទេះសាឡី​គោ​លឿន ឆ្នាំ​២០២៦​របស់​ក្រសួង​វប្បធម៌ នៅ​ថ្ងៃ​ទី​៩ មីនា បាន​លើក​ឡើង​ថា ដោយ​ទទួល​បានការ​អនុញ្ញាត​ជា​គោលការណ៍​ពី​រដ្ឋបាល​ខេត្តកំពង់ស្ពឺ ស្តី​ពី​ការ​ប្រណាំង​រទេះសាឡី គោ​លឿន ឆ្នាំ​២០២៦ មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តកំពង់ស្ពឺ មាន​កិត្តិយស​សូម​ជម្រាប​ជូនដំណឹង​ដល់​សាធារណៈជន​ឱ្យ​បាន​ជ្រាប​ថា មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​ខេត្តកំពង់ស្ពឺ បាន​សហការ​ជាមួយ​រដ្ឋបាល​ខេត្តកំពង់ស្ពឺ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តកំពង់ស្ពឺ រដ្ឋបាល​ក្រុង​ច្បារមន និង​សមាគម​រទេះសាឡី​គោ​លឿន​ខេត្តកំពង់ស្ពឺ ប្រារព្ធ​ពិធី​ប្រណាំង​រទេះសាឡី​គោ​លឿន ឆ្នាំ​២០២៦ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃអាទិត្យ ទី​៥ ខែមេសា ឆ្នាំ​២០២៦ វេលា​ម៉ោង ៨ ០០​នាទី​ព្រឹក ស្ថិត​ក្នុងភូមិ​ស្លោ​ទី​១ សង្កាត់​រការ​ធំ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ​។

ក្រសួង​បាន​បន្ត​ថា ពិធី​នេះ​ប្រារព្ធ​ឡើង​ក្នុង​គោលបំណង​ចូលរួម​អភិរក្ស​លើក​ស្ទួយ​អភិវឌ្ឍ និង​ផ្សព្វផ្សាយ​ឱ្យ​កាន់តែ​ទូលំទូលាយ​នូវ​ប្រពៃណី​ប្រណាំង រទេះសាឡី​គោ​លឿន​នៅ​ក្នុង​ខេត្តកំពង់ស្ពឺ ដែល​បុព្វបុរស​ខ្មែរ​បាន​បន្សល់​ទុកជា​យូរណាស់​មក​ហើយ​។

មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​ខេត្តកំពង់ស្ពឺ​សង្ឃឹម​យ៉ាង​មុតមាំ​ថា ពិធី​ប្រណាំង​រទេះសាឡី​គោ​លឿន ឆ្នាំ​២០២៦​នេះ នឹង​មាន​បងប្អូន​ប្រជាពលរដ្ឋ​ចូលរួម​ទស្សនា​ដ៏​ច្រើន​កុះករ​។

សូម​បញ្ជាក់​ថា បើ​តាម​ការ​សិក្សា​អំពី​ប្រវត្តិ​នៃ​ពិធី​នេះ គឺ​ដើម​ឡើយ​រទេះសាឡី​គោ ប្រើប្រាស់​សម្រាប់​តែ​ដឹក​ជញ្ជូន​បណ្ណាការ​ក្នុង​ពិធី​អាពាហ៍ពិពាហ៍ និង​ដឹក​ជញ្ជូន​លោកយាយ លោកតា​ចូលរួម​ក្នុង​​ពិធី​អា​អាពាហ៍ពិពាហ៍ ពី​ធី​បុណ្យប្រពៃណី និង​ពី​ធី​បុណ្យ​ផ្សេង​ៗ​ទៀត​តែ​ប៉ុណ្ណោះ លុះ​ក្រោយ​ៗ​មក​ទៀត អ្នក​ភូមិ​ក៏​បាន​ផ្តួចផ្តើម​គំនិត បង្កើត​ពិធី​ប្រណាំង​រទេះសាឡី​គោ​នេះ​នៅ​តាម​ភូមិ នៅ​តាម​សហគមន៍ រហូត​នៅ​តាម​ទីប្រជុំជន ដើម្បី​អបអរ​មុន ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​នឹង​ឈាន​ចូល​មក​ដល់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ