(រាជធានីភ្នំពេញ)៖ យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ ឥទ្ធិពលនៃរបបខ្យល់មូសុងឦសាន នឹងបង្កឱ្យមានការប្រែប្រួលអាកាសធាតុនៅតាមតំបន់មួយចំនួនក្នុងប្រទេសកម្ពុជា។
បើទោះបីជាស្ថានភាពទូទៅមានសីតុណ្ហភាពក្តៅចន្លោះពី ៣៤°C ទៅ ៣៥°C ក៏ដោយ ប៉ុន្តែបណ្តាខេត្តមួយចំនួនដូចជា បាត់ដំបង ពោធិ៍សាត់ តាកែវ កំពង់ស្ពឺ និងប៉ៃលិន អាចនឹងមានភ្លៀងធ្លាក់លាយឡំជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះ គ្របដណ្តប់លើផ្ទៃដីប្រមាណ ១០%។
ដោយឡែកសម្រាប់តំបន់មាត់សមុទ្រ រួមមានខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចនឹងមានភ្លៀងធ្លាក់និងខ្យល់កន្ត្រាក់ក្នុងកម្រិតផ្ទៃដី ១៥% ខណៈរលកសមុទ្រមានកម្ពស់អតិបរមាដល់ ១,០០ម៉ែត្រ។
អាស្រ័យហេតុនេះ ប្រជាពលរដ្ឋដែលរស់នៅតាមបណ្តាខេត្តដែលមានការប្រកាសខាងលើ គួរបង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិទាំងនេះ ដើម្បីជៀសវាងគ្រោះថ្នាក់ជាយថាហេតុ៕

ចែករំលែកព័តមាននេះ