រាជធានីភ្នំពេញ ៖ រថយន្តប្រភេទកូរ៉េដឹកទំនិញធន់ធំបានបើកជ្រុលទៅបុកម៉ូតូសណ្តោងរ៉ឺម៉កដែលជិះដោយស្ត្រីពោះធំ និងបុរសម្នាក់ពីក្រោយយ៉ាងពេញទំហឹង បណ្ដាលឲ្យអ្នកទាំង២រងរបួសធ្ងន់ស្រាល នៅវេលាម៉ោង១២និង៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី១០ខែមិនាឆ្នាំ២០២៦តាមបណ្ដោយផ្លូវបុរីអង្គរ សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានបានអោយដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ជិះម៉ូតូសណ្តោងរ៉ឺម៉កដឹកស្ត្រីពោះធំជិតគ្រប់ខែសុំដោយសារជិះទៅជាមួយគ្នា ធ្វើដំណើរតាមបណ្ដោយផ្លូវបុរីអង្គរទិសដៅពីជើងទៅត្បូង លុះមកដល់ចំនុចកើតហេតុ ក៍ស្រាប់តែរថយន្តប្រភេទកូរ៉េដឹកទំនិញធន់ធំមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 3D 7433 ធ្វើដំណើរក្នុងទិសដៅស្របគ្នា ក៍ជ្រុលទៅបុកនិងម៉ូតូសណ្តោងរ៉ឺម៉កពីក្រោយទាំងកំរោល បណ្ដាលឲ្យស្ត្រីពោះធំរបួសបែកក្បាលហូរឈាមសន្លប់ស្ដូកស្ដឹងបាត់ស្មារតី ចំនែកបុរសជាអ្នកឌុបរបួសបែកក្បាលមុខមាត់តិចតួច អ្នកទាំង២ត្រូវបានបញ្ជូនតាមរថយន្តសាមុយយកទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសមៈ ។
ដោយឡែករថយន្តវិញ នៅពេលបុកម៉ូតូសណ្តោងរ៉ឺម៉កហើយ ក៍ជ្រុលទៅឡើងឃឿនសួនច្បារពុះចែកទ្រូងផ្លូវ បុកនិងបង្គោលស្លាកផ្សព្វផ្សាយពាណិជ្ជកម្ម ខូចខាតអស់មួយដើមថែមទៀត ហើយរថយន្តក៍បានបន្តបើករថយន្តគេចបាត់ តែបានបន្សល់ទុកស្លាកលេខនៅកន្លែងកើតហេតុ ។
ក្រោយពេលកើតហេតុ នៅតែមធ្យោបាយត្រូវសមត្ថកិច្ចជំនាញចរាចរណ៍វាស់វែងយកទៅរក្សាទុកនៅផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បីធ្វើការស្រាវជ្រាវរករថយន្តបង្កមកទទួលខុសត្រូវលើករណីនេះផងដែរ ៕




ចែករំលែកព័តមាននេះ