ទីក្រុងមូស្គូ៖ ក្រសួងការពារជាតិរុស្ស៊ី បានបញ្ជាក់កាលពីថ្ងៃចន្ទថា ប្រព័ន្ធការពារអាកាសរបស់ខ្លួនបានស្ទាក់ចាប់ និងកម្ទេចដ្រូនរបស់អ៊ុយក្រែនចំនួន ១៦៣ គ្រឿង ដែលបានព្យាយាមវាយប្រហារចូលក្នុងដែនដីរុស្ស៊ីក្នុងរយៈពេលមួយយប់។ នេះបើយោងតាមសារព័ត៌មាន Xinhua និងប្រភពផ្សេងទៀតចុះផ្សាយនៅថ្ងៃទី៩ ខែមីនានេះ។
ក្នុងចំណោមដ្រូនទាំងនោះ ភាគច្រើនត្រូវបានបាញ់ទម្លាក់នៅតំបន់ Bryansk (៥៤ គ្រឿង) និងតំបន់គ្រីមៀ (៤៧ គ្រឿង) ខណៈដែលដ្រូនចំនួន ៦ គ្រឿងផ្សេងទៀតត្រូវបានរារាំងនៅពេលកំពុងហោះសំដៅទៅរកទីក្រុងមូស្គូ។
ការវាយប្រហារដោយដ្រូនទ្រង់ទ្រាយធំរបស់អ៊ុយក្រែននាពេលនេះ គឺជាផ្នែកមួយនៃយុទ្ធសាស្ត្រវាយបកចូលជ្រៅក្នុងទឹកដីរុស្ស៊ី ដើម្បីបំផ្លាញហេដ្ឋារចនាសម្ព័ន្ធយោធា និងភស្តុភារ បន្ទាប់ពីសង្គ្រាមបានអូសបន្លាយអស់រយៈពេលជាច្រើនឆ្នាំ។ ស្របពេលដែលសមរភូមិនៅជួរមុខកំពុងជាប់គាំង អ៊ុយក្រែនបានបង្កើនការប្រើប្រាស់បច្ចេកវិទ្យាដ្រូនដែលផលិតក្នុងស្រុក ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារតាមអាកាសរបស់រុស្ស៊ីវិញ ដែលធ្វើឱ្យផ្ទៃមេឃនៃប្រទេសទាំងពីរ ក្លាយជាសមរភូមិបច្ចេកវិទ្យាដ៏កាចសាហាវបំផុតមិនធ្លាប់មាន៕

ចែករំលែកព័តមាននេះ