ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការបំភ្លឺរបស់អាជ្ញាធរជាតិអប្សរា៖ ស្នើសុំការ​យោគ​យល់ និងសហការពីសាធារណជន ក្នុងកិច្ច​ការអភិរក្សតំបន់អង្គរ

4 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​ជាតិ​អប្សរា​បាន​ធ្វើការ​អំពាវនាវ​ពី​ការ​ថតរូប​ភាព និង​វី​ដេ​អូ​ផ្សព្វ ផ្សាយ​នានា​នៅ​ក្នុង​រមណីយដ្ឋាន​អង្គរ ដែល​និង​មាន​ក្រុមការងារ​ភ្នាក់ងារទេសចរណ៍ និង​ភ្នាក់ងារ​សណ្តាប់ធ្នាប់​អាច​នឹង​ស្នើ​សុំ​ត្រួតពិនិត្យ និង​សួរនាំ​ទៅ​លើ​ទម្រង់​នៃ​ការ​ថត​មួយ​ចំនួន​នៅ​បរិវេណ​អង្គរ ។ យោង​តាម​សេចក្តី​អំពាវនាវ​ស្តី​ពី​ការ​ថតរូប​ភាព…

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​ជាតិ​អប្សរា​បាន​ធ្វើការ​អំពាវនាវ​ពី​ការ​ថតរូប​ភាព និង​វី​ដេ​អូ​ផ្សព្វ ផ្សាយ​នានា​នៅ​ក្នុង​រមណីយដ្ឋាន​អង្គរ ដែល​និង​មាន​ក្រុមការងារ​ភ្នាក់ងារទេសចរណ៍ និង​ភ្នាក់ងារ​សណ្តាប់ធ្នាប់​អាច​នឹង​ស្នើ​សុំ​ត្រួតពិនិត្យ និង​សួរនាំ​ទៅ​លើ​ទម្រង់​នៃ​ការ​ថត​មួយ​ចំនួន​នៅ​បរិវេណ​អង្គរ ។

យោង​តាម​សេចក្តី​អំពាវនាវ​ស្តី​ពី​ការ​ថតរូប​ភាព និង​វី​ដេ​អូ​ផ្សព្វផ្សាយ​នានា នៅ​ក្នុង​រមណីយដ្ឋាន​អង្គរ​របស់​អាជ្ញាធរ​ជាតិ​អប្សរា នៅ​ថ្ងៃ​ទី​១០ ខែមីនា ឆ្នាំ​២០២៦ បាន​លើក​ឡើង​ថា ក្នុង​នាម​ជា​ស្ថាប័ន​គ្រប់គ្រង និង​អភិរក្ស​តំបន់​បេតិកភណ្ឌ​ពិភពលោក​អង្គរ ដែល​ជា ដួង​ព្រលឹង និង​អត្ត​សញ្ញាណ​ជាតិ សូម​ថ្លែងអំណរគុណ​ដោយ​សេចក្តី​គោរព​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​គ្រប់ មជ្ឈដ្ឋាន​ទាំងអស់ ទាំង​សិល្បករ សិល្ប​ការិនី និង​អ្នក​បង្កើត​មាតិកា​នានា ដែល​បាន​ចូលរួម​ថែរក្សា និង​ផ្សព្វផ្សាយ បេតិកភណ្ឌ និង​ប្រពៃណី​ជាតិ​ដ៏​រុងរឿង​ប្រកបដោយ​ក្តី​គោរព​ស្រឡាញ់ ។

អាជ្ញាធរ​ជាតិ​អប្សរា​សូម​គាំទ្រ​ចំពោះ​សកម្មភាព​នានា ដែល​បាន​បង្ហាញ​ពី​ការ​គោរព​ស្រឡាញ់​ដល់​បេតិកភណ្ឌ វប្បធម៌ និង​ប្រពៃណី​ជាតិ ទាំង សកម្មភាព​ទស្សនា ក៏​ដូច​ជា​សកម្មភាព​ថតរូប​ភាព​អនុស្សាវរីយ៍ និង​ការ​ថត​វី​ដេ​អូ​សម្តែង ក្នុង​គោលដៅ​ផ្សព្វផ្សាយ វប្បធម៌ និង​ប្រពៃណី​ជាតិ ចូលរួម​ចំណែក​ជាមួយ​ក្រសួង​/​ស្ថាប័ន និង​អាជ្ញាធរ ដែល​ទាំងនេះ​ជា​កាយវិការ​គួរ​ជាទី គោរព និង​គួរ​លើកទឹកចិត្ត​។

ប្រភព​បាន​លើក​ឡើង​ថា​កន្លង​មក តាម​រយៈ​សេចក្តីជូនដំណឹង​លេខ ៥៧៩/២៤ រប​.​ស​ជ​ណ
ស្តី​ពី​ការ​កែសម្រួល​នូវ​លក្ខខណ្ឌ តម្រូវ​ថ្មី ពាក់ព័ន្ធ​នឹង​សេវាកម្ម​ថត​វី​ដេ​អូ ឬ​រូបភាព​សន្លឹក​នៅ​ក្នុង​រមណីយដ្ឋាន​អង្គរ ចុះ​ថ្ងៃ​ទី​២ ខែសីហា ឆ្នាំ​២០២៤ អាជ្ញាធរ​ជាតិ​អប្សរា​សង្កេត​ឃើញ​ថា បងប្អូន​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន​បាន​ចូលរួម​អនុវត្ត​បាន​ល្អ​ប្រសើរ​ក្នុង​ស្មារតី អភិរក្ស និង​លើក​តម្លៃ​បេតិកភណ្ឌ និង​វប្បធម៌​ជាតិ​។ ប៉ុន្តែ ជាមួយ​គ្នា​នេះ អាជ្ញាធរ​ជាតិ​អប្សរា​ក៏​បាន​សម្គាល់​ឃើញ នៅ​មាន​ចំណុច​ខ្វះចន្លោះ​មួយ​ចំនួន ដែល​អាច​បង្ក​ផល​ប៉ះពាល់​ទៅ​ដល់​សង្គម បេតិកភណ្ឌ និង​វប្បធម៌​ជាតិ ដ៏​ល្អ​ផូរផង់​ផង​ដែរ​។

ប្រភព​បាន​បញ្ជាក់​ថា​៖ «​ក្នុង​ន័យ​នេះ អាជ្ញាធរ​ជាតិ​អប្សរា ដែល​មាន​ក្រុមការងារ​ភ្នាក់ងារទេសចរណ៍ និង​ភ្នាក់ងារ​សណ្តាប់ធ្នាប់ អាច​នឹង​ស្នើ​សុំ​ត្រួតពិនិត្យ និង​សួរនាំ​ទៅ​លើ​ទម្រង់​នៃ​ការ​ថត​មួយ​ចំនួន ដែល​អាច​ប៉ះពាល់​ដូច​បាន​បញ្ជាក់​ជូន ខាងលើ ជា​អាទិ៍​មាន​ដូច​ជា ទ​ង្វើ​ខុស​ពី​ក្រម​ប្រតិបត្តិ​អង្គរ ការ​ថត​សម្តែង ការ​ស្លៀក​សម្លៀក​បំពាក់​ដែល​ខុសឆ្គង​ខ្លាំង នឹង​ទីតាំង​បេតិកភណ្ឌ ការ​ដើរ​បង្ហាញ​ម៉ូត និង​ការ​បញ្ចេញ​សកម្មភាព​ដែល​ឆ្គាំឆ្គង និង​មិន​សម​ស្រប ការ​ថត​ផ្សាយ ផលិតផល​មិន​មានការ​អនុញ្ញាត ក៏​ដូច​ជា​កាយវិការ​ប្រមូលផ្តុំ​ណាមួយ និង​ការ​ថត​ដែល​អាច​រំខាន​ដល់​ការ​ទស្សនា របស់​ភ្ញៀវ​ជាតិ​/​អន្តរជាតិ និង​ការ​គ្រប់គ្រង​សណ្តាប់ធ្នាប់​សាធារណៈ ជាដើម​»​។

អាជ្ញាធរ​ជាតិ​អប្សរា ក៏​សូម​បងប្អូន​ប្រជាពលរដ្ឋ ព្រមទាំង​សាធារណជន​គ្រប់​មជ្ឈដ្ឋាន ទាំងអស់​មេត្តា​យោគយល់​ចំពោះ​ការ​បំពេញ​កាតព្វកិច្ច​របស់​ក្រុមការងារ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា និង​ចូលរួម​សហការ ក្នុង​គោលដៅ​រួម​គ្នា ដើម្បី​អភិរក្ស និង​លើក​តម្លៃ​បេតិកភណ្ឌ​ជាតិ ព្រមទាំង​សូម​អំពាវ​ដល់​ម្ចាស់​គណនី ដែល​បាន​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម​ទាំងអស់ ដែល​បាន​បង្ក​ការ​យល់​ច្រឡំ​ដល់​មតិ​សាធារណជន មេត្តា​លុប​ចេញពី​គណនី​របស់​ខ្លួន ដើម្បី​រក្សា​បរិយាកាស​សង្គម​របស់​យើង​ប្រកបដោយ​សាមគ្គីភាព​ជាតិ​តែ​មួយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ