រាជធានីភ្នំពេញ ៖ លោកតាវ័យចំណាស់ម្នាក់ ត្រូវបានពលរដ្ឋប្រទះឃើញ អង្គុយក្រោមដើមត្របែកព្រៃ ម្សិលមិញនេះ ត្រូវបានកូនប្រសាប្រុសមកទទួលយកចេញពីមន្ទីរពេទ្យ ត្រឡប់ទៅផ្ទះវិញហើយ ។ គួររំលឹកថា ប្រទះឃើញលោកតាម្នាក់ដើរមិនរួចអង្គុយក្រោមត្របែកព្រៃមួយ ក្នុងសង្កាត់ស្រះចក តាំងពីព្រលឹមស្រាងៗ
ជាក់ស្តែងនៅព្រឹកថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០២៥នេះ លោកតាវ័យជាង ៨០ឆ្នាំខាងលើ ត្រូវបានកូនប្រសាប្រុសមកទទួលយកទៅផ្ទះវិញហើយ ក្រោយបាត់ចេញពីផ្ទះអស់១ទៅ២ថ្ងៃ ។
តាមការបញ្ជាក់ពីបុរសជាកូនប្រសាររបស់លោកតាវ័យ ៨០ឆ្នាំខាងលើ បានអោយដឹងថា ភាគច្រើនគេហៅលោកតាថា តាណុច អាយុជាង៨០ឆ្នាំ (មានជម្ងឺទឹកនោមផ្អែម) មានផ្ទះស្នាក់នៅម្តុំពេទ្យបង្អែករាជធានីភ្នំពេញ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
បុរសជាកូនប្រសារខាងលើបានបន្តថា លោកតាណុច បានបាត់ចេញពីផ្ទះ ១ទៅ២ថ្ងៃហើយ ភាគច្រើនអោយតែលោកតា ហូបកាហ្វេ ឬក៏ហូបភេសជ្ជៈគ្រឿងកំប៉ុងរួច គឹលោកតាតែងតែវង្វេងស្មារតីតែម្តង ។ រហូតមកដល់យប់ថ្ងៃទី១៥ តុលា ក៏ឃើញសារព័ត៍មានចុះផ្សាយ អំពីលោកតា ។ ភ្លាមៗនោះ គាត់ប្រញាប់មកសួនច្បារក្បែររង្វង់មូលគួចកាណុង ដើរសួរនាំគេឯង ទើបដឹងថា លោកតាត្រូវបានអាជ្ញាធរខណ្ឌដូនពេញ បញ្ជូនទៅកាន់មន្ទីរពេទ្យកាល់ម៉ែត្រ ។
សូមរំលឹកឡើងវិញថា តាមប្រភពពីនគរបាលបានអោយដឹងថា កាលពីវេលាម៉ោង១រសៀលថ្ងៃទី ១៥ ខែតុលា ឆ្នាំ២០២៥ នៅចំណុចសួនច្បារក្បែររវង្វង់មូលគួចកាណុង ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ មានករណីប្រទះឃើញលោកតាវ័យចំណាស់ម្នាក់ អង្គុយក្រោមដើមត្របែកព្រៃ តាំងពីព្រឹកព្រលឹមស្រាងៗ មកម្ល៉េះ ពួកគាត់នឹកស្មានថា លោកតាខាងលើ អង្គុយសម្រាក បន្ទាប់ពីហាត់ប្រាណ ។ រហូតមកដល់វេលាម៉ោងជាង ១០ព្រឹក មិនឃើញលោកតាទៅណាសោះ ភ្លាមៗនោះ នគរបាលគោលដៅចរាចរណ៍គួចណុង បានដើរមកសួរនាំដែរ ប៉ុន្តែលោកតានិយាយមិនកើត តែគាត់ស្តាប់បាន ដោយមិនដឹងត្រូវធ្វើយ៉ាងណា សមត្ថកិច្ចបានទាក់ទងទៅកាន់ គណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ដើម្បីទាក់ទងរថយន្តពេទ្យកាល់ម៉ែត្រ ចុះមកកាន់ទីតាំងខាងលើ និងបញ្ជូនលោកតាទៅមន្ទីរពេទ្យកាល់ម៉ែត្រ ។
បច្ចុប្បន្ន នៅព្រឹកថ្ងៃទី ១៦ តុលា ឆ្នាំ២០២៥នេះ លោកតាខាងលើ ត្រូវបានកូនប្រសារប្រុស មកទទួលយកទៅកាន់ផ្ទះវិញដោយសុវត្ថិភាពហើយ ៕




ចែករំលែកព័តមាននេះ