រាជធានីភ្នំពេញ ៖ រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំកម្ពុជាក៏បាន និងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះផលប៉ះពាល់នៃសង្គ្រាមនៅមជ្ឈិមបូព៌ា ជាពិសេសការគ្រប់គ្រងតម្លៃប្រេងឥន្ទនៈ ។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល ។
ថ្លែងក្នុងសន្នីសីទសារព័ត៌មាន នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានលើកឡើងថា ដើម្បីធានាបាននូវតម្លាភាពនៃការផ្គត់ផ្គង់ និងការទិញ-លក់ប្រេងឥន្ធនៈនៅតាមស្ថានីយនិងដេប៉ូនានា រាជរដ្ឋាភិបាលតាមរយៈក្រសួងពាណិជ្ជកម្ម បានណែនាំឱ្យក្រុមហ៊ុនចែកចាយ និងផ្គត់ផ្គង់ប្រេងឥន្ធនៈតាមស្ថានីយ និងដេប៉ូ នៅតាមបណ្តារាជធានី-ខេត្ត ត្រូវធានាការអនុវត្តកាតព្វកិច្ចដូចខាងក្រោម ៖
-ត្រូវលក់តាមតម្លៃដែលស្ថានីយ និងដេប៉ូ បានដាក់តាំងបង្ហាញជាសាធារណៈដោយយោងសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ស្តីពីថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ ។

-ត្រូវធានាសុក្រឹតភាពនៃគុណភាព និងបរិមាណប្រេងឥន្ធនៈដែលត្រូវលក់ជូនអតិថិជន ។
– ត្រូវធានាតម្លាភាពជូនអតិថិជនចំពោះសន្និធិ (ឬស្តុក)ប្រេងឥន្ធនៈដែលមាន ជាពិសេសត្រូវជូនដំណឹងជាមុនយ៉ាងតិច១ថ្ងៃ មកកាន់មន្ទីររ៉ែ និងថាមពល ឬមន្ទីរពាណិជ្ជកម្ម ឬសាខា ក.ប.ប និង/ឬអាជ្ញាធរមូលដ្ឋានតាមបណ្តារាជធានី-ខេត្ត ក្នុងករណីប្រេងឥន្ធនៈអស់ពីស្តុក ឬមានបំណងផ្អាកលក់ប្រេងឥន្ធនៈជាបណ្តោះអាសន្ន ។
-ក្នុងករណីអស់ស្តុក ត្រូវជូនដំណឹងជាសាធារណៈនៅថ្ងៃដែលមានស្តុកប្រេងឥន្ធនៈវិញ ។ – ត្រូវធានាតម្លាភាព និងគណនេយ្យភាពនៃស្តុកប្រេងឥន្ធនៈតាមស្ថានីយ និងដេប៉ូ ដោយជូនដំណឹងមកកាន់មន្ទីររ៉ែ និងថាមពល ឬមន្ទីរពាណិជ្ជកម្ម ឬសាខា ក.ប.ប និង/ឬអាជ្ញាធរមូលដ្ឋានតាមបណ្តារាជធានី-ខេត្តអំពីស្ថានភាពស្តុកជាក់ស្តែង ១០% មុនពេលអស់ស្តុក ។
អ្នកនាំពាក្យបានលើកឡើងថា ចំពោះស្ថានីយ និងដេប៉ូ ដែលមានបំណងផ្អាកដំណើរការជាបណ្តោះអាសន្ន ៖
-ត្រូវអនុវត្តតាមនីតិវិធីនៃការផ្អាកជាបណ្តោះអាសន្នរបស់ស្ថាប័នមានសមត្ថកិច្ច ទើបអាចផ្អាកការលក់ចែកចាយរបស់ខ្លួនបាន ។
-ចំពោះស្ថានីយ និងដេប៉ូ ដែលបានទទួលការវាយតម្លៃថា អាចដំណើរការឡើងវិញបាន ត្រូវសហការជាមួយស្ថាប័នមានសមត្ថកិច្ច ដើម្បីបំពេញនីតិវិធីបើកដំណើរការ ។
-ក្នុងករណីដែលរកឃើញថា បានប្រព្រឹត្តខុសនឹងសេចក្តីណែនាំនេះ ស្ថាប័នមានសមត្ថកិច្ចនឹងបន្តអនុវត្តនីតិវិធីនៃច្បាប់ជាធរមាន ។
ជាមួយគ្នានោះដែរ ឯកឧត្តមក៏បានលើកឡើងទៀតថា ស្ថានីយ៍លក់ឥន្ធនៈ ត្រូវផ្តល់អាទិភាពក្នុងការផ្គត់ផ្គង់ប្រេងឥន្ធនៈដល់សេវាសាធារណៈចាំបាច់ ៖ រថយន្តសង្គ្រោះបន្ទាន់ រថយន្តពន្លត់អគ្គិភ័យ និងរថយន្តបម្រើសេវាសាធារណៈ។ល។ ប្រជាកសិករ និងបុគ្គលពាក់ព័ន្ធក្នុងខ្សែច្រវាក់ផលិតកម្ម និងភស្តុភារកម្ម ដែលមានតម្រូវការចម្បង ក្នុងការរក្សាដំណើរការចាំបាច់នៃសេដ្ឋកិច្ច ពាណិជ្ជកម្ម ។
ឯកឧត្តមក៏បានឱ្យដឹងថា មន្ត្រីជំនាញរបស់អគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែងនៃក្រសួងពាណិជ្ជកម្ម មន្ទីរពាណិជ្ជកម្ម មន្ទីររ៉ែ និងថាមពល និងអាជ្ញាធរតាមបណ្តារាជធានី-ខេត្ត នឹងបន្តចុះតាមដាន និងត្រួតពិនិត្យការលក់ជាប្រចាំ ដើម្បីធានាបានអនុលោមភាពនៃការគ្រប់គ្រងការទិញ-លក់ប្រេងឥន្ធនៈតាមស្ថានីយ និងដេប៉ូ រួមទាំងអនុវត្តច្បាប់ចំពោះបុគ្គលខិលខូចណា ដែលកេងប្រវ័ញ្ច និងឆ្លៀតឱកាសដំឡើងថ្លៃប្រេងឥន្ធនៈ៕
ចែករំលែកព័តមាននេះ