សុខភាព៖ យោងតាមការចុះផ្សាយពីប្រភពបរទេស ការភាយខ្យល់ ឬ “ផោម” ជារឿងធម្មជាតិរបស់មនុស្ស ប៉ុន្តែនៅពេលវាចាប់ផ្ដើមកើតឡើងញឹកញាប់ខុសធម្មតា មនុស្សជាច្រើនតែងតែបារម្ភ និងចែកចាយព័ត៌មានតៗគ្នាថា នេះគឺជាសញ្ញាព្រមាននៃជំងឺមហារីកពោះវៀនធំ។
ដើម្បីជម្រះមន្ទិលនេះ យើងបានធ្វើការស្រាវជ្រាវ និងផ្ទៀងផ្ទាត់ការពិតពីអ្នកជំនាញផ្នែកវះកាត់ពោះវៀនធំ និងទ្វារធំ ដើម្បីឱ្យអ្នកដឹងច្បាស់ពីស្ថានភាពសុខភាពពិតប្រាកដរបស់ខ្លួនឯង។
តាមពិតទៅ ការភាយខ្យល់គឺជាយន្តការធម្មតារបស់រាងកាយក្នុងការបញ្ចេញហ្គាសចេញពីប្រព័ន្ធរំលាយអាហារ។ ជាមធ្យម មនុស្សម្នាក់អាចភាយខ្យល់ពី ៥ ទៅ ២៥ ដងក្នុងមួយថ្ងៃ (ជាមធ្យម ១៥ ដង) ដែលនេះគឺជាសញ្ញាបញ្ជាក់ថា ពោះវៀនរបស់អ្នកកំពុងធ្វើចលនា និងដំណើរការបានយ៉ាងល្អ។ អ្វីដែលគួរឱ្យបារម្ភសម្រាប់គ្រូពេទ្យនោះ មិនមែនជាការភាយខ្យល់ច្រើននោះទេ ប៉ុន្តែគឺ “ការមិនភាយខ្យល់សោះ” ទៅវិញទេ។ ចំពោះករណីដែលអ្នកភាយខ្យល់លើសពី ២៥ ដងក្នុងមួយថ្ងៃ ភាគច្រើនវាបណ្ដាលមកពីរបបអាហារដែលបង្កើតហ្គាសងាយ ឬការកន្ត្រាក់នៃពោះវៀនលឿនពេកតែប៉ុណ្ណោះ។
ចុះចំណែករឿងក្លិនដែលអាក្រក់ខ្លាំងវិញ តើមកពីអ្វី? អ្នកជំនាញបានប្រៀបធៀបទៅនឹង “ទ្រឹស្ដីថង់សំរាម” ពោលគឺវាអាស្រ័យទៅលើអ្វីដែលអ្នកបានញ៉ាំចូលទៅ។ ប្រសិនបើអ្នកញ៉ាំសាច់ ឬជាតិខ្លាញ់ច្រើន ហើយមានអាការៈទល់លាមកច្រើនថ្ងៃ នោះក្លិននឹងកាន់តែខ្លាំង។ ប៉ុន្តែ ប្រសិនបើអ្នកញ៉ាំបន្លែ ឬអាហារដែលមានជាតិសរសៃ ខ្ពស់ ក្លិននឹងកាត់បន្ថយ ហើយប្រព័ន្ធបញ្ចេញចោលរបស់អ្នកក៏នឹងកាន់តែប្រសើរ។
ពាក់ព័ន្ធនឹងជំងឺមហារីកពោះវៀនធំ ការភាយខ្យល់ញឹកញាប់ ឬក្លិនអាក្រក់តែមួយមុខ “មិនមែន” ជាសញ្ញាបញ្ជាក់ដោយផ្ទាល់ថាអ្នកមានជំងឺមហារីកឡើយ។ សម្រាប់មនុស្សដែលមានអាយុក្រោម ៤០ ឆ្នាំ អាការៈនេះច្រើនតែកើតចេញពីទម្លាប់ញ៉ាំ និងការប្រែប្រួលបាក់តេរីក្នុងពោះវៀន។ ប៉ុន្តែ ប្រសិនបើអ្នកស្ថិតក្នុងវ័យកណ្ដាលឡើងទៅ ហើយស្រាប់តែមានការប្រែប្រួលទម្លាប់បន្ទោបង់ភ្លាមៗ ដូចជា ទល់លាមកឆ្លាស់ជាមួយរាក បន្ទោបង់មកមានឈាមលាយឡំដោយគ្មានការឈឺចាប់ ឬមិនភាយខ្យល់សោះ រួមជាមួយអាការៈមិនប្រក្រតីដទៃទៀត នោះទើបជាសញ្ញាគ្រោះថ្នាក់ដែលត្រូវទៅជួបគ្រូពេទ្យជាបន្ទាន់។
សរុបមកវិញ ព័ត៌មានដែលថាការភាយខ្យល់ច្រើនស្មើនឹងការកើតមហារីក គឺជាព័ត៌មានដែលមិនទាន់ត្រឹមត្រូវទាំងស្រុង និងបង្កឱ្យមានការយល់ច្រឡំ។ អ្វីដែលអ្នកគួរធ្វើគឺ សង្កេតមើលរោគសញ្ញាដទៃទៀតដែលមកជាមួយគ្នា និងគួរទៅពិនិត្យសុខភាពប្រចាំឆ្នាំ ដើម្បីទទួលបានការវិនិច្ឆ័យដែលច្បាស់លាស់ពីគ្រូពេទ្យជំនាញ៕
ចែករំលែកព័តមាននេះ