រាជធានីភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា ធាតុអាកាសក្តៅស្អុះស្អាប់ មានពពកច្រើន មានភ្លៀងផ្គររន្ទះពីតិចទៅច្រើន សីតុណ្ហភាពមានពី ២៨°C ទៅ ៣៩°C ។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក អំពីស្ថានភាពអាកាសធាតុ រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ បានលើកឡើងថា មន្ទីរធនធានទឹក និងឧតុនិយមរាជធានីភ្នំពេញ សូមគោរពជម្រាបជូនជាព័ត៌មានអំពីស្ថានភាពធាតុអាកាសចាប់ពីថ្ងៃទី១៥ រហូតដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ (ចូលឆ្នាំប្រពៃណីជាតិខ្មែរ) ខាងមុខនេះ ៖ ជ្រលងសម្ពាធទាប មានឥទ្ធិពលមកលើរាជធានីភ្នំពេញ ស្ថានភាពបែបនេះ និងបង្ករឱ្យធាតុអាកាសក្តៅស្អុះស្អាប់ មានពពកច្រើន មានភ្លៀងផ្គររន្ទះពីតិចទៅច្រើន សីតុណ្ហភាពមានពី ២៨°C ទៅ ៣៩°C ខ្យល់បក់មក ពីទិសទក្សិណ ល្បឿនពី ២ ទៅ ៥ម៉ែត្រ /វិនាទី និងមានខ្យល់កន្ត្រាក់ បក់ក្នុងល្បឿន ៥ ទៅ ៩ម៉ែត្រ /វិនាទី។
ក្រសួងថា អាស្រ័យដូចបានជម្រាបជូន មន្ទីរធនធានទឹក និងឧតុនិយមរាជធានីភ្នំពេញ សូមជូនដំណឹងជាសាធារណៈ មេត្តាយកចិត្តទុកដាក់ និងប្រុងប្រយ័ត្ន អំពីស្ថានភាពអាកាសធាតុប្រែប្រួលរហ័ស បាតុភូតរលក កម្ដៅ ភ្លៀងផ្គររន្ទះកម្រិតច្រើនធ្លាក់មកក្នុងរយៈពេលខ្លីៗ ជាមួយខ្យល់កន្ត្រាក់បក់មកក្នុងកម្រិតមធ្យម និងអាចមានជំនន់ទឹកភ្លៀង។ ដើម្បីជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានជាយថាហេតុ ត្រូវយកចិត្តទុកដាក់លើសុខភាពមនុស្សចាស់ ស្ត្រី និងកុមារ ។
មន្ទីរធនធានទឹក និងឧតុនិយមរាជធានីភ្នំពេញ នឹងបន្តការតាមដានសភាពការណ៍ធាតុអាកាស និងជម្រាបជូនជាបន្តបន្ទាប់ ក្នុងករណីប្រែប្រួល៕
ចែករំលែកព័តមាននេះ