ទីក្រុងប៉េកាំង៖ ប្រទេសចិនបានជំរុញឱ្យគ្រប់ភាគីនៅក្នុងជម្លោះអាមេរិក-អ៊ីរ៉ង់រក្សាភាពស្ងប់ស្ងាត់ និងប្រើប្រាស់ការអត់ធ្មត់បន្ទាប់ពីលោកដូណាល់ត្រាំព្រមានបិទខ្ទប់ច្រកសមុទ្រហ័រម៉ូស និងមិនអនុញ្ញាតឱ្យកប៉ាល់ទាំងអស់បើកចេញចូលដែនសមុទ្រអ៊ីរ៉ង់ ឬកំពង់ផែអ៊ីរ៉ង់ជាដាច់ខាត។ ចំណាត់ការរបស់ត្រាំធ្វើឡើងបន្ទាប់ពីការចរចាគ្នានៅទីក្រុងឥស្លាមម៉ាបាត ប្រទេសប៉ាគីស្ថាននោះបានទទួលបរាជ័យ។ កាលមុនពេលផ្ទុះសង្គ្រាម ប្រេងរបស់អ៊ីរ៉ង់ភាគច្រើននាំចេញទៅប្រទេសចិនដែលជាប្រទេសនាំចូលប្រេងឆៅច្រើនបំផុត។

អ្នកនាំពាក្យក្រសួងការបរទេសចិនថ្លែងថាការថែរក្សាសុវត្ថិភាព ស្ថិរភាព និងគ្មានភាពរាំងស្ទះនៅច្រកសមុទ្រហ័រម៉ូសជាផលប្រយោជន៍សម្រាប់សហគមន៍អន្តរជាតិ។ លោកថ្លែងបន្តទៀតថាប្រទេសចិនសង្ឃឹមថាភាគីពាក់ព័ន្ធទាំងអស់នឹងគោរពតាមស្មារតីនៃបទឈប់បាញ់, ប្ដេជ្ញាដោះស្រាយជម្លោះតាមផ្លូវនយោបាយ និងការទូត និងជៀសវាងការវិលទៅរកអរិភាពសាជាថ្មី។ លោកអះអាងថាប្រទេសចិនត្រៀមខ្លួនរួចជាស្រេចដើម្បីដើរតួបែបវិជ្ជមាន និងស្ថាបនានៅក្នុងការដោះស្រាយវិបត្តិនេះ។

បន្ទាប់ពីការចរចាគ្នាដ៏វែងអន្លាយនៅប៉ាគីស្ថានទទួលបរាជ័យ បញ្ជាការដ្ឋានកណ្ដាលយោធាអាមេរិកថ្លែងថាកងទ័ពរបស់ខ្លួននឹងចាប់ផ្ដើមអនុវត្តការបិទខ្ទប់មិនឱ្យកប៉ាល់គ្រប់ប្រភេទអាចបើកចេញចូលកំពង់ផែរបស់អ៊ីរ៉ង់បានទេ។ វិធានការនេះអនុវត្តចាប់ពីម៉ោង១០ព្រឹកតទៅ។ ប្រទេសចិន និងប៉ាគីស្ថានគាំទ្រការចរចាគ្នាកាលពីខែមីនា, ជំរុញឱ្យមានបទឈប់បាញ់ជាបន្ទាន់ និងអំពាវនាវឱ្យបើកច្រកសមុទ្រហ័រម៉ូសដើម្បីដំណើរការដូចធម្មតាឡើងវិញ។

អ្នកនាំពាក្យចិនសូមបដិសេធរបាយការណ៍ដែលថាប្រទេសចិនមានគម្រោងផ្ដល់អាវុធយុទ្ធភ័ណ្ឌទៅឱ្យអ៊ីរ៉ង់។ លោកចាត់ទុកថានោះជារបាយការណ៍ដែលគ្មានមូលដ្ឋានច្បាស់លាស់ និងមានចេតនាបង្ខូចកេរ្តិ៍ឈ្មោះរបស់ប្រទេសចិន។ កាលពីសប្ដាហ៍មុន លោកត្រាំព្រមានដំឡើងពន្ធ៥០%ទៅលើប្រទេសណាដែលដឹកអាវុធទៅឱ្យអ៊ីរ៉ង់។ អ្នកនាំពាក្យចិនបញ្ជាក់ថារដ្ឋាភិបាលរបស់លោកតែងតែប្រកាន់ខ្ជាប់នូវគោលការណ៍នាំចេញអាវុធប្រកបដោយការប្រុងប្រយ័ត្ន និងការទទួលខុសត្រូវ។ គោលការណ៍នេះស្របទៅនឹងច្បាប់នៅក្នុងស្រុកផង និងច្បាប់អន្តរជាតិផង៕ ប្រភព៖ ឆេនណល ញូស៍ អេស៊ា និងប្រភពដទៃទៀត
ចែករំលែកព័តមាននេះ