ខេត្តសៀមរាប ៖ អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី ១៣ ខែមេសា ឆ្នាំ២០២៦នេះ ជូនដំណឹងស្តីពី ហានិភ័យមួយចំនួន ដែលអាចកើតឡើងនៅរមណីយដ្ឋានអង្គរ ដោយសារឥទ្ធិពលខ្យល់ព្យុះទី៤ ឈ្មោះស៊ីនឡាគូ ។
តាមរយៈសេចក្តីជូនដំណឹងចុះថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ របស់ក្រសួងធនធានទឹក និងឧតុនិយម ប្រទេសកម្ពុជា នឹងទទួលរងឥទ្ធិពលមួយចំនួនពីខ្យល់ព្យុះទី៤ ឈ្មោះស៊ីនឡាគូ ចាប់ពីថ្ងៃទី១៤-២៥ ខែមេសា ឆ្នាំ២០២៦ ក្នុងនោះខេត្តសៀមរាបក៏ទទួលរងឥទ្ធិពលខ្លះៗផងដែរ។
តាមរយៈនេះ រមណីយដ្ឋានអង្គរ អាចនឹងទទួលរងផលប៉ះពាល់មួយចំនួន កើតចេញពីឥទ្ធិពលខ្យល់ព្យុះនេះ ដែលអាចបង្កឱ្យមានភ្លៀងធ្លាក់ ផ្គរ រន្ទះ លាយឡំជាមួយខ្យល់កន្ត្រាក់ដែលជាហេតុបណ្តាលឱ្យដីជ្រាយ ងាយរលំ ឬបាក់មែកឈើនានា ជាយថាហេតុ នៅតាមទីតាំងមួយចំនួន ។
ក្នុងន័យនេះ អាជ្ញាធរជាតិអប្សរា សូមអំពាវនាវដល់សាធារណជន ភ្ញៀវទេសចរជាតិ-អន្តរជាតិ អ្នកបើកបរយានគ្រប់ប្រភេទ និងអ្នកដឹកភ្ញៀវទេសចរទាំងអស់ សូមមេត្តាបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ នៅក្នុងអំឡុងពេលធ្វើដំណើរ ឬទស្សនាប្រាសាទនានា នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ជាពិសេសក្នុងអំឡុង ពេលខាងលើ ដោយសូមមេត្តាកុំចតយានគ្រប់ប្រភេទ ឬឈប់ជ្រកក្រោមដើមឈើ ដើម្បីបង្ការនូវហានិភ័យ នានា ដែលអាចបណ្តាលឱ្យរងរបួស ឬខូចខាតទ្រព្យសម្បត្តិ ឬអាចឈានទៅដល់ប៉ះពាល់អាយុជីវិតផងដែរ។ សេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណជន ភ្ញៀវទេសចរជាតិ-អន្តរជាតិ អ្នកបើកបរ យានគ្រប់ប្រភេទ និងអ្នកដឹកភ្ញៀវទេសចរទាំងអស់ មេត្តាជ្រាបជាព័ត៌មាន និងចូលរួមអនុវត្តតាមការគួរ ៕





ចែករំលែកព័តមាននេះ