ទីក្រុងប៊ូដាប៉េស៖ ប្រធានាធិបតីចាស់វស្សារបស់ប្រទេសហុងគ្រីបានទទួលបរាជ័យហើយនៅក្នុងការបោះឆ្នោតសភាដែលមានអាសនៈសរុប១៩៩បន្ទាប់ពីលោកដឹកនាំប្រទេសរយៈពេល១៦ឆ្នាំកន្លងទៅនេះ។ លោកជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់លោកពូទីន និងលោកដូណាល់ត្រាំ។ ដូច្នេះការចាញ់ឆ្នោតលើកនេះធ្វើឱ្យលោកទាំង២ខកចិត្តមិនតិចឡើយ។ គណបក្សដែលទទួលជ័យជម្នះគឺគណបក្សទីសហ្សា (Tisza) ដែលមាននិន្នាការស្ដាំនិយមកណ្ដាល។

ប្រធានាធិបតីហុងគ្រី លោកវីកទ័រ អ័របាន (Viktor Orban) វ័យ៦២ឆ្នាំត្រូវបានកោតសរសើរដោយក្រុមអ្នកអភិរក្សនិយមនៅទូទាំងទ្វីបអឺរ៉ុប និងនៅអាមេរិកថាជាអ្នកមេគំនិតធំជាងគេនៅក្នុងការបង្កើតទម្រង់ប្រជាធិបតេយ្យមួយបែបផ្ទុយគ្នាពី «លទ្ធិប្រជាធិបតេយ្យសេរី»។ ទោះជាទទួលបានការគាំទ្របែបនេះក្ដី លោកបែរជាមិនទទួលបានការគាំទ្រនៅក្នុងស្រុកទៅវិញ។ ប្រជាជនម្ចាស់ឆ្នោតបារម្ភអំពីបញ្ហារាំងស្ទះផ្នែកសេដ្ឋកិច្ច ការរស់នៅឯកោពីសហគមន៍អន្តរជាតិ និងការធ្វើមានធ្វើបានតែក្រុមអ្នកដឹកនាំមួយក្ដាប់តូច។

ការចាញ់ឆ្នោតលើកនេះបើកផ្លូវឱ្យគូប្រជែងរបស់លោកគឺលោកភីថឺ ម៉ាកយ៉ា (Peter Magyar) វ័យ៤៥ឆ្នាំទទួលបានសំឡេងគាំទ្រភាគច្រើនដាច់ខាតនៅក្នុងសភា។ ហេតុនេះ គេរំពឹងថាអាចនឹងមានការធ្វើកំណែទម្រង់លើចំណុចខ្លះដែលសហភាពអឺរ៉ុបរិះគន់ថាបានធ្វើឱ្យប៉ះពាល់ទម្រង់ប្រជាធិបតេយ្យ។ នៅពេលសន្លឹកឆ្នោតរាប់ជិតអស់ហើយ គណបក្សទីសហ្សា (Tisza) រំពឹងថានឹងទទួលបាន១៣៨អាសនៈ ពោលគឺលើសពី២/៣ដែលដែលបេក្ខជនរបស់គណបក្សនេះត្រូវការដើម្បីធ្វើកំណែទម្រង់រដ្ឋធម្មនុញ្ញ និងប្រយុទ្ធប្រឆាំងអំពើពុករលួយ។

លទ្ធផលឆ្នោតលើកនេះជាការបង្ហាញថាតើជនជាតិហុងគ្រីចំនួនប៉ុន្មានដែលចង់ប្រែក្លាយឱកាសនេះសម្រាប់អភិវឌ្ឍជាតិរបស់ខ្លួន។ លោកម៉ាកយ៉ាថ្លែងថាយើងធ្វើរឿងនេះបានសម្រេចហើយ។ គណបក្សទីសហ្សា និងប្រទេសហុងគ្រីជាអ្នកទទួលជ័យជម្នះនៅក្នុងការបោះឆ្នោតនេះ។ អ្នកខ្លះអុជទៀន និងចាក់ធុងបាស់អបអរសាទរ។ អ្នកខ្លះស្រែកថានៅទីបំផុតយើងនឹងដាក់ជំនួសប្រព័ន្ធដឹកនាំរដ្ឋរបស់លោកអ័របានហើយ ហើយយើងនឹងរួមគ្នារំដោះប្រទេសហុងគ្រី។ យើងនាំយកប្រទេសជាតិត្រឡប់មកវិញហើយ៕ ប្រភព៖ រ៉យទ័រ និងប្រភពដទៃទៀត
ចែករំលែកព័តមាននេះ