រាជធានីភ្នំពេញ ៖ យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ដើម្បីវិវដ្តទៅតាមយុគសម័យឌីជីថល និងសម្រេចបាននូវការផ្តល់សេវាសាធារណៈ ឱ្យបានឆាប់រហ័ស សន្សំសំចៃកម្រៃ និងពេលវេលាធ្វើដំណើររបស់ប្រជាពលរដ្ឋ ក្នុងការមកដាក់ពាក្យស្នើសុំផ្ទាល់ នៅសាលារាជធានីភ្នំពេញនោះ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យអនុវត្តជាផ្លូវការនូវការទទួលពាក្យស្នើសុំ និងផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញ (Online) លើវិស័យចំនួន៩ រួមមាន ៖
១.ការងារនីត្យានុកូលកម្ម (ការបញ្ជាក់លើឯកសារថតចម្លង)
២.ការងាររដ្ឋបាល
៣.វិស័យទេសចរណ៍
៤.វិស័យសាធារណការ និងដឹកជញ្ជូន
៥. វិស័យវប្បធម៌ និងវិចិត្រសិល្បៈ
៦.វិស័យឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍
៧.វិស័យរ៉ែ និងថាមពល
៨. វិស័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី
៩.វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។
រដ្ឋបាលរាជធានីភ្នំពេញ សូមបញ្ជាក់ជូនបងប្អូនប្រជាពលរដ្ឋថា ការស្នើសុំ និងទូទាត់កម្រៃសេវារដ្ឋបាល តាមប្រព័ន្ធអនឡាញ (Online) នេះ គឺមានតម្លៃសេវារដ្ឋបាលដូចគ្នាទៅនឹងការមកស្នើសុំបង់កម្រៃសេវាជា សាច់ប្រាក់ដោយផ្ទាល់នៅសាលារាជធានីភ្នំពេញ ដោយពុំមានការបន្ថែមកម្រៃលើសេវាទូទាត់នោះទេ ។
ទន្ទឹមនឹងការផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញ (Online) បងប្អូនប្រជាពលរដ្ឋទាំងអស់នៅតែ អាចបន្តអញ្ជើញមកទំនាក់ទំនងស្នើសុំសេវាដោយផ្ទាល់នៅអង្គភាពច្រកចេញចូលតែមួយរាជធានីភ្នំពេញ ដែលមានទីតាំងនៅក្នុងបរិវេណសាលារាជធានីភ្នំពេញ ស្ថិតនៅអាសយដ្ឋានលេខ៦៩ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញដូចមុនដដែល ។
សម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលមានបំណងចង់ដាក់ពាក្យស្នើសុំសេវារដ្ឋបាលតាមប្រព័ន្ធអនឡាញ (Online) សូមចូលទៅកាន់គេហទំព័រ http://online.owso.gov.kh/ ឬស្កេនយ្យ.អរ.កូដ (QR Code) ខាងក្រោម ដើម្បីបង្កើតគណនីសម្រាប់ស្នើសុំសេវារដ្ឋបាលទាំង៩វិស័យខាងលើ ដោយភ្ជាប់ឯកសារពាក់ព័ន្ធ តាមការណែនាំក្នុងជំហាននីមួយៗ ៕


ចែករំលែកព័តមាននេះ