សង្ក្រាមអ៉ីរ៉ង់ ៖ ប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំ អះអាងនាថ្ងៃទី៩ មីនា ថា សង្គ្រាមប្រឆាំងអ៉ីរ៉ងនឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ តែលោកមិនបញ្ជាក់ច្បាស់ថា តើនាពេលណាឡើយ ទោះបីជាអ៉ីរ៉ង់នៅបន្តវាយប្រហារ ដោយមីស៊ីលនិងដ្រូន ក្នុងតំបន់ឈូងសមុទ្រពែរ្ស៍ក៏ដោយ។ សេចក្ដីថ្លែងការណ៍បែបនេះរបស់លោកត្រាំនាំតម្លៃប្រេងធ្លាក់ចុះវិញ ក្រោយពីហក់ឡើងដ៏ខ្ពស់ ហើយភាគហ៊ុនក៏ឡើងថ្លៃវិញដែរ ។

ក្នុងសន្និសីទសារព័ត៌មានមួយ នៅក្រុងមៃអាមី ប្រធានាធិបតីអាមេរិកអះអាងថា សង្គ្រាមនឹងបញ្ចប់ក្នុងពេលដ៏ឆាប់ខាងមុខនេះ ។ ពេលឈានដល់ថ្ងៃទី១១នៃសង្គ្រាម ដែលអាមេរិកនិងអ៉ីស្រាអែលបានធ្វើប្រឆាំងអ៉ីរ៉ង់ លោកត្រាំក៏និយាយផងដែរថា ការវិវត្តន៍នៃជម្លោះគឺទៅមុខដ៏ប្រសើរ តាមកាលបរិច្ឆេទពី៤ ទៅ៥សប្ដាហ៍ ដូចដែលលោកធ្លាប់បានលើកពីមុន ។ ប្រធានាធិបតីអាមេរិកក៏គំរាមផងដែរ វាយប្រហារអ៉ីរ៉ង់កាន់តែខ្លាំងថែមទៀត ប្រសិនបើអ៉ីរ៉ង់យកពិភពលោកជាចំណាប់ខ្មាំង ដោយរាំងខ្ទប់ការដឹកជញ្ជូនប្រេងក្នុងតំបន់កាត់តាមច្រកសមុទ្រORMUZជាច្រកដែល១ភាគ៥នៃផលិតផលប្រេង និងឧស្ម័នពិភពលោកដឹកឆ្លងកាត់។
ប្រមុខក្រុមប្រឹក្សាជាន់ខ្ពស់នៃសន្តិសុខជាតិអ៉ីរ់ង់ លោកអាលីឡារីហ្សានី បានព្រមានកាលពីថ្ងៃទី៩មីនាថា ច្រកសមុទ្រយុទ្ធសាស្ត្រនោះនឹងនៅតែបិទប្រសិនបើសង្គ្រាមនៅបន្ត។ ក្នុងរយៈពេល១០ថ្ងៃនៃសង្គ្រាមប្រឆាំងអ៉ីរ៉ង់ អាមេរិកបានវាយប្រហារលើគោលដៅជាង៥០០០ ក្នុងនោះ មានការវាយប្រហារលើនាវាអ៉ីរ៉ង់ជាង៥០គ្រឿង ។

នេះបើតាមការអះអាងនាថ្ងៃទី៩មីនា របស់កងទ័ពអាមេរិក។ ទោះបីជាអាមេរិកចង់ដោយបើកចំហ ផ្ដួលរំលំរបបអ៉ីរ៉ង់ឬក៏ផ្លាស់ប្ដូរបណ្ដាមេដឹកនាំដាក់ជំនួសបណ្ដាមេដឹកនាំដែលស្របតាមផលប្រយោជន៍អាមេរិកក្ដី តែទិសដៅសំខាន់របស់អាមេរិក គឺកម្ទេចបណ្ដាសមត្ថភាពបាលីស្ទិករបស់ប្រទេសនោះ និងរារាំងមិនឲ្យអ៉ីរ៉ង់មានអាវុធនុយក្លេអ៊ែរ ជារឿងដែលអ៉ីរ៉ង់បានបដិសេធ។
ចំណែកកងទ័ពអ៉ីស្រាអែលវិញ កាលពីយប់ថ្ងៃទី៩ មីនា បានវាយប្រហារទ្រង់ទ្រាយធំថ្មីលើក្រុងតេហេរ៉ង់ ។ បណ្ដាហេដ្ឋារចនាសម្ព័ន្ធប្រេងកាតអ៉ីរ់ង់ ក៏រងការវាយប្រហារខ្លាំងក្លាដែរ ពីសំណាក់់អ៉ីស្រាអែលនិងអាមេរិក។ បណ្ដាទីតាំងស្តុកប្រេងនៅក្រុងតេហេរ៉ង់ រងការវាយប្រហារបណ្ដាលឲ្យមានភ្លើងឆាបឆេះយ៉ាងសាហាវ។ ចំណែកអ៉ីរ៉ង់វិញបន្តវាយប្រហារលើអ៉ីសអែល និងបណ្ដាប្រទេសជិតខាងនៅឈូងសមុទ្រពែរ្ស៍ ក្នុងនោះមានបណ្ដាហេដ្ឋារចនាសម្ព័ន្ធប្រេងរបស់ប្រទេសទាំងនេះ នាំឲ្យតម្លៃប្រេងឡើងខ្ពស់ខ្លាំងយ៉ាងលឿន។

ប្រទេសបារ៉ែនរាយការណ៍ពីមនុស្សម្នាក់ស្លាប់ និងច្រើននាក់រងរបួស នាព្រឹកព្រលឹមថ្ងៃទី១០ មីនា ក្នុងការវាយប្រហាររបស់អ៉ីរ៉ង់ត្រួវចំអគារស្នាក់នៅមួយនៃទីក្រុងម៉ាណាម៉ារដ្ឋថធានីប្រទេសនោះ។ រីឯមីស៊ីលអ៉ីរ៉ង់ទី២ត្រូវបានស្ទាក់កម្ទេចពីលើប្រទេសតួកគី នាំឲ្យក្រុងអង់ការ៉ាព្រមានដល់ក្រុងតេហេរ៉ង់ ។
ក្រោយការប្រកាសរបស់លោកត្រាំពីការបញ្ចប់សង្គ្រាមប្រឆាំងអ៉ីរ៉ង់ ក្នុងពេលឆាប់ខាងមុននេះ តម្លៃប្រេងឆៅBRENTបានធ្លាក់ចុះវិញដ៏ឆាប់មកនៅត្រឹមក្រោម៨៤ដុល្លារ ក្នុង១ធុងនាវេលាម៉ោង២០និង១០នាទីម៉ោងសកល គឺធ្លាក់ចុះវិញដល់៨,៦៨%ដែលមុននេះតម្លៃប្រេងឆៅនេះមានដល់៩០,៩៣ដុល្លារក្នុង១ធុង ៕

ចែករំលែកព័តមាននេះ