ខេត្តកំពង់ឆ្នាំង ៖ ស្ត្រីជាម្ដាយម្នាក់បានស្លុតចិត្តជាខ្លាំង នៅពេលទទួលដំណឹងថាកូនប្រុសដែលជាទីស្រឡាញ់និងជាអ្នកទទួលបន្ទុកគ្រួសារ បានទទួលមរណភាព ដោយសារការឆក់ខ្សែភ្លើងគ្រាដែលកំពុងធ្វើការនៅរោងចក្រ ក្នុង រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី 4 ខែកញ្ញាឆ្នាំ 2025 នេះ។
លោក យ៉ែម យ៉ុង មេភូមិឃ្លៃ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ បានបញ្ជាក់ ប្រាប់ថា ស្ត្រីជាម្ដាយ មាន ឈ្មោះ ញ៉េប ប៉ាក់ អាយុ៦៦ ឆ្នាំ មានទីលំនៅភូមិឃ្លៃ ឃុំជ្រៃបាក់ ចំណែកកូនប្រុសដែលជួបគ្រោះអកុសលបាត់បង់ជីវិតដោយសារឆក់ខ្សែភ្លើង នៅរាជធានីភ្នំពេញមានឈ្មោះ ញ៉េប វាសនា អាយុ៣៧។ គ្រួសារនេះមានកូនស្រីម្នាក់ទៀត ប៉ុន្តែនាងបែកទៅរស់នៅជាមួយខាងប្ដី តែជាអកុសលប្ដីទើបនឹងស្លាប់ថ្មីៗនេះដោយសារគ្រោះថ្នាក់ចរាចរណ៍ដែរ ។
លោកមេភូមិបានបញ្ជាក់ថាគ្រួសារស្ត្រីឈ្មោះ ញ៉េប ប៉ាក់ គឺក្រីក្រខ្លាំង សព្វថ្ងៃរស់ពឹងលើកូនប្រុសដែលទៅធ្វើកម្មករនៅរាជធានីភ្នំពេញ និងផ្ញើលុយកាក់មកផ្គត់ផ្គង់គ្រួសារ ។ លុះនៅថ្ងៃទី ៤ខែ ខែកញ្ញា នេះ ក្រោយពីទទួលដំណឹងថាកូនប្រុសរបស់គាត់បានស្លាប់ដោយសារការឆក់ខ្សែភ្លើង ពេលធ្វើការនៅឯរាជធានីភ្នំពេញ ស្ត្រីជាម្ដាយមានការតក់ស្លុតជាខ្លាំង និងបានស្នើសុំឱ្យលោកដែលជាមេភូមិជួយទំនុកបម្រុងរៀបចំបុណ្យសពឱ្យកូនគាត់ផង ។ ក្នុងនាមលោកជាអាជ្ញាធរភូមិសូមអំពាវនាវ ដល់សប្បុរសជនមេត្តាជួយដល់គ្រួសារស្ត្រីចំណាស់ខាងលើនេះផងដែរ។
លោកមេភូមិបញ្ជាក់ថាគិតត្រឹមម៉ោង១២ថ្ងៃត្រង់ថ្ងៃទី ៤ ខែកញ្ញានេះ សពជនរងគ្រោះពុំទាន់បានដឹកដល់ផ្ទះនៅឡើយទេ៕
ចែករំលែកព័តមាននេះ