សង្ស័យភ្លើងកន្ទុយបារីភ្ញៀវ បង្កការឆាបឆេះខ្យូសស្បូវហាងគោដុត រាលដាលតូបជាងជួសជុលម៉ូតូ១ខ្នងទៀត
- ភ្នំពេញ
រាជធានីភ្នំពេញ៖ មានករណីអគ្គិភ័យបានឆាបឆេះឆេះខ្យូស(កញ្ចុះ)ស្បូវនៅហាងគោដុតមួយកន្លែងយ៉ាងសន្ធោសន្ធៅអស់ចំនួន៤ខ្នងនៅសល់តែគ្រោងដែក ហើយភ្លើងក៏បានឆេះរាលដល់តូបជាងជួសជុលម៉ូតូ១ខ្នងទៀតដែរ បណ្ដាលឲ្យតូបនោះ ព្រមទាំងគ្រឿងបន្លាស់ម៉ូតូជាច្រើនទៀតបានរងការខូចខាតផងដែរ ។ ទាក់ទងទៅនិងគ្រោះអគ្គិភ័យនេះ ជាជំហានដំបូងនៃការស្រាវជ្រាវ ត្រូវបានសមត្ថកិច្ចដាក់ការសង្ស័យថា បង្កឡើងដោយភ្ញៀវដែលចូលទៅផឹកស៊ីនៅទីនោះបោះចោលកន្ទុយបារីផ្ដេសផ្ដាស់លើជញ្ជាំងខ្យូសស្បូវ ទើបឆាបឆេះបែបនេះ ។
ហេតុការណ៍ខាងលើបានកើតឡើងវេលាម៉ោង ៥និង០៥នាទីល្ងាច ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ នៅចំណុចហាងគោដុតយីហោ«ម៉ាដាម ម៉ៃ គោដុត១៦៨ក្រវ៉ាក្រុង» ដែលមានទីតាំងស្ថិតនៅជិតភ្លើងស្តុបជន្លង់ម្លូ ភូមិកប់ភ្លុក សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានប្រាប់ថា ខ្យូសដែលរងការឆាបឆេះខាងលើនោះបានសង់ពីដែកប្រក់ស្បូវ និងបិទបាំងជញ្ជាំងស្បូវពីលើដល់ក្រោមតែម្ដង ដោយឡែកនៅវេលាល្ងាចថ្ងៃកើតហេតុខណៈដែលមានភ្ញៀវមួយចំនួនកំពុងផឹកស៊ីនៅក្នុងខ្យូសនោះសុខៗ ក៏ស្រាប់តែមានអណ្ដាតភ្លើងឆាបឆេះសន្ធោសន្ធៅ ។ ពេលនោះភ្លើងបានចាប់ផ្ដើមឆេះពីខ្យូសដែលស្ថិតនៅខាងមុខមុន រួចក៏ឆេះរាលពី១ទៅ១ទៀតយ៉ាងឆាបរហ័សសរុបចំនួន៤ខ្យូស ដែលភ្លាមនោះមិនអាចពន្លត់ទាន់ឡើយ បន្ទាប់មកភ្លើងក៏បានឆេះរាលតូបជាងជួសជុលម៉ូតូ១ទៀតយី«ជាង ដា ១៦៨» ដែលស្ថិតនៅជាប់ទីតាំងហាងគោដុតនោះដែរ ។
សមត្ថកិច្ចដដែលបានប្រាប់ឲ្យដឹងបន្តទៀតថា ខណៈពេលភ្លើងកំពុងឆេះខ្យូសក៏មានរថយន្តម៉ាកFord ១គ្រឿង និងម៉ាកAlphard ១គ្រឿងចតនៅលើចិញ្ចើមផ្លូវក្បែរខ្យូសនោះដែរ ដែលសង្ស័យថា ជារថយន្តរបស់ភ្ញៀវដែលចូលទៅផឹកស៊ីនៅទីនោះ ។ ប៉ុន្តែភ្លាមៗនោះត្រូវបានម្ចាស់រត់ទៅបើកចេញទាន់ពេល ចំណែកម៉ូតូសណ្ដោងរ៉ឺម៉ក១គ្រឿងទៀត ក៏ស្ថិតនៅក្នុងបរិវេណហាងគោដុតខាងលើក្បែរខ្យូសនោះដែរ និងអូសចេញអត់ទាន់ទេ ប៉ុន្តែជាសំណាងល្អភ្លើងឆេះអត់ដល់ឡើយ ។
សមត្ថកិច្ចខាងលើបានប្រាប់បន្ថែមថា ដោយសារតែខ្យូសនោះដំបូលក៏ប្រក់ស្បូវ ហើយជញ្ជាំងក៏បិទបាំងដោយស្បូវពីលើដល់ក្រោមនោះ ទើបធ្វើឲ្យភ្លើងឆេះលឿនបំផុត ។ ចំណែកឯតូបជាងជួសជុលម៉ូតូដែលស្ថិតនៅជាប់គ្នានោះក៏សម្បូរទៅដោយសម្ភារៈងាយនិងឆាបឆេះដូចជាគ្រឿងជ័រ និងប្រេងម៉ាស៊ីនជាដើមទៀតនោះ តែមួយភ្លែតប៉ុណ្ណោះក៏ត្រូវភ្លើងពេញបន្ទុកមិនអាចពន្លត់ដោយការប្រើបំពង់ពន្លត់អគ្គិភ័យ ឬដងទឹកជះពន្លត់រលត់បានឡើយ ។
សមត្ថកិច្ចបានបញ្ជាក់ប្រាប់ទៀតថា ក្រោយពេលទទួលបានដំណឹងនេះភ្លាម កម្លាំងអាជ្ញាធរនិងសមត្ថកិច្ចខណ្ឌកំបូលបានចេញទៅជួយអន្តរាគមន៍ ហើយក៏មានរថយន្តដឹកទឹកលក់តាមភូមិ១គ្រឿងនៅជិតនោះបានទៅជួយបាញ់ពន្លត់ផង ទើបភ្លើងរលត់ទៅវិញទាំង ។ ពេលនោះមិនបានឆេះរាលដាលដល់កន្លែងផ្សេងទៀតនោះទេ ប៉ុន្តែខ្យូសទាំង៤ខ្នងខាងលើ ត្រូវភ្លើងឆេះនៅសល់តែគ្រោងដែក ហើយតុកៅអីនិងសម្ភារៈផ្សេងៗក៏ត្រូវភ្លើងឆេះខូចខាតអស់ដែរ ។ ចំណែកតូបជួសជុលម៉ូតូជាង ដា បានរងការចខូចខាត រួមទាំងសម្ភារៈគ្រឿងបន្លាស់ម៉ូតូទាំងអស់នៅក្នុងតូប ក៏បានរងការខូចខាតទាំងស្រុងដែរ ប៉ុន្តែនៅក្នុងគ្រោះអគ្គិភ័យខាងលើ ពុំបានបណ្ដាលឲ្យមានអ្នករងរបួសនោះឡើយ ៕















ចែករំលែកព័តមាននេះ