រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានបន្តស្នើដល់អាជ្ញាធរពាក់ព័ន្ធ ជាពិសេសខេត្តជាប់ព្រំដែនថៃទប់ស្កាត់ការលួចនាំទំនិញចូលមកពីប្រទេសថៃ ។
ការស្នើរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងកិច្ចសំណេះសំណាលជាមួយថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ក្រសួង និងក្រុមប្រឹក្សារាជធានី ខណ្ឌ សង្កាត់ និងប្រធានមន្ទីរ អង្គភាពនានាជាង៤ពាន់នាក់ នាព្រឹកថ្ងៃអាទិត្យ ទី២៤ ខែឧសភា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញការប្រតិកម្មជាថ្មីចំពោះការបន្តលួចនាំទំនិញចូលពីប្រទេសថៃ ។
សម្តេចតេជោ ក៏បានបន្តរំលឹកពីការលួចនាំទុរេនចូលមកកម្ពុជា តាមច្រកក្នុងខេត្តបាត់ដំបង ។ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យសម្តេចតេជោ ហ៊ុន សែន បានស្រង់ប្រសាសន៍សម្តេចតេជោ មកបញ្ជាក់ដូច្នេះ «តើមន្ត្រីរបស់យើងជាសត្វ ឬជាមនុស្ស ឈ្មួញមួយចំនួនជាមនុស្ស ឬជាសត្វ ។ មន្ត្រីរបស់យើងត្រូវមើលលើបញ្ហានេះ ។ នគរបាលយើងទៅណា? គយយើងទៅណា? ហេតុអ្វីក៏ទំនិញចូលមក?»។
លើសពីនេះ សម្តេចតេជោ បានហៅអ្វីដែលជាវិធានការនេះមិនមែនដើរហួសពីព្រំដែនអង្គការពាណិជ្ជកម្មពិភពលោកនោះទេ ប៉ុន្តែប្រទេសថៃនោះទេ ជាអ្នកផ្តើមវិធានការរាំងខ្ទប់ទំនិញមកកម្ពុជា ក្នុងចេតនាដាក់សម្ពាធផ្នែកសេដ្ឋកិច្ចកម្ពុជា ។
សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងគាំទ្ររាជរដ្ឋាភិបាល សម្រេចបើកប្រាក់បៀវត្សរ៍ជូនយោធាតាមប្រព័ន្ធធនាគារ ។ សម្តេចតេជោ ហ៊ុន សែន ចាត់ទុកការបើកប្រាក់បៀវត្សរ៍ជូនយោធា និងនគរបាលជាតិ ជាវិធានការមួយលុបបំបាត់អំពើពុករលួយនៅក្នុងជួរកងកម្លាំង៕
ចែករំលែកព័តមាននេះ