ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​បើក​ការដ្ឋាន​សាងសង់​តំបន់ឧស្សាហកម្ម​អាកាសចរណ៍​តម្លៃ​ជាង​៥​ពាន់​លាន​ដុល្លារ នៅ​អេ​មី​រ៉ាត​អា​រ៉ាប់​រួម ចំ​ពេល​ហានិភ័យ​សង្គ្រាម​អ៊ី​រ៉​ង់​នៅ​តែ​បន្ត​អូស​បន្លាយ

2 ម៉ោង មុន

ប្រទេស​អេ​មី​រ៉ាត​អា​រ៉ាប់​រួម ៖ ក្រុមហ៊ុន​សាងសង់ និង​វិនិយោគ​រដ្ឋ​ចិន China Railway Construction Corporation (CRCC) បាន​បើក​ការដ្ឋាន​សាងសង់​មជ្ឈមណ្ឌល​ថែទាំ…

ប្រទេស​អេ​មី​រ៉ាត​អា​រ៉ាប់​រួម ៖ ក្រុមហ៊ុន​សាងសង់ និង​វិនិយោគ​រដ្ឋ​ចិន China Railway Construction Corporation (CRCC) បាន​បើក​ការដ្ឋាន​សាងសង់​មជ្ឈមណ្ឌល​ថែទាំ និង​ជួសជុល​យន្តហោះ​ដ៏​ធំ​បំផុត​មួយ​លើ​ពិភពលោក នៅ​ប្រទេស​អេ​មី​រ៉ាត​អា​រ៉ាប់​រួម​។ នេះ​បើ​តាម​ប្រភព​ពី​កាសែត South China Morning Post ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​២១ ខែឧសភា ឆ្នាំ​២០២៦​។

យោង​តាម​ទីភ្នាក់ងារសារព័ត៌មាន​ចិន ស៊ី​ន​ហួ គម្រោង​នេះ​មានការ​វិនិយោគ​សរុប​ជាង ៥ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក រួម​ទាំង​ឃ្លាំង​យន្តហោះ​ធំ​ៗ​ចំនួន ៨ សម្រាប់​ថែទាំ និង​ផ្ទុក​យន្តហោះ ដែល​មាន​ផ្ទៃដី​សរុប​ប្រហែល ១,២១​លាន​ម៉ែត្រការ៉េ មាន​ទីតាំង​ស្ថិត​នៅ​​ទីក្រុង​ឌូ​បៃ ដោយ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​បញ្ចប់​នៅ​ឆ្នាំ ២០៣០ ហើយ​នេះ​ក៏​ជា​កិច្ចសន្យា​សាងសង់​មួយ​ក្នុង​ចំណោម​កិច្ចសន្យា​ដែល​មាន​ទំហំ​ធំ​បំផុត ដែល​ក្រុមហ៊ុន​ម៉ៅ​ការ​ចិន​ធ្លាប់​ទទួល​សិទ្ធិ​នៅ​ក្នុង​តំបន់​មជ្ឈិមបូព៌ា​ផង​ដែរ​។

គម្រោង​នេះ​កំពុង​ត្រូវ​បាន​អនុវត្ត​ប្រឆាំង​នឹង​ហានិភ័យ​ភូមិសាស្ត្រ​នយោបាយ​ជា​បន្តបន្ទាប់​នៅ​តំបន់​មជ្ឈិមបូព៌ា ជា​ពិសេស​បន្ទាប់​ពី​ជម្លោះ​រវាង​សហរដ្ឋអាមេរិក​-​អ៊ី​ស្រា​អែ​ល ជាមួយនឹង​អ៊ី​រ៉​ង់​។

ប៉ុន្តែ​ទោះជា​យ៉ាងណា​ក៏​ដោយ ប្រទេស​ចិន នៅ​តែ​បន្ត​ពង្រីក​វត្តមាន​សេដ្ឋកិច្ច​របស់​ខ្លួន​នៅ​ក្នុង​តំបន់​ដែល​សម្បូរ​ថាមពល​មួយ​នេះ តាម​រយៈ​ការ​វិនិយោគ​ពាណិជ្ជកម្ម និង​ហេដ្ឋារចនាសម្ព័ន្ធ​។

យោង​តាម​ថ្នាក់ដឹកនាំ CRCC គម្រោង​នេះ ក៏​ជា​ព្រឹត្តិការណ៍​សំខាន់​ថ្មី​មួយ​សម្រាប់​គំនិត​ផ្តួចផ្តើម​ខ្សែ​ក្រ​វ៉ា​ត់ និង​ផ្លូវ (BRI) ដែល​បាន​ដាក់​ចេញ​ដោយ​ប្រធានាធិបតី​ចិន លោក ស៊ី ជី​ន​ពីង (Xi Jinping ) ក្នុង​ឆ្នាំ ២០១៣ ដើម្បី​លើកកម្ពស់​កា​រត​ភ្ជាប់​ពាណិជ្ជកម្ម​សកល និង​ហេដ្ឋារចនាសម្ព័ន្ធ​។ ចំណែក​លោក Sheikh Ahmed bin Saeed al-Maktoum ប្រធាន និង​ជានា​យក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​អាកាសចរណ៍ Emirates Airline and Group បាន​ថ្លែង​ថា គម្រោង​នេះ នឹង​ជួយ​ពង្រឹង​ជំហរ​របស់​ទីក្រុង​ឌូ​បៃ ក៏​ដូច​ជា​ប្រទេស​អេ​មី​រ៉ាត​អា​រ៉ាប់​រួម​ក្នុង​វិស័យ​អាកាសចរណ៍​។

យោង​តាម​ស្ថានទូត​ចិន​ប្រចាំ​ប្រទេស​អេ​មី​រ៉ាត​អា​រ៉ាប់​រួម បានឱ្យ​ដឹង​ថា ប្រទេស​ចិន​គឺជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​របស់​ប្រទេស​នៅ​មជ្ឈិមបូព៌ា​មួយ​នេះ អស់​រយៈពេល​១០​ឆ្នាំ​ជាប់​ៗ​គ្នា​។ តួលេខ​ពាណិជ្ជកម្ម​ទ្វេភាគី​ត្រូវ​បាន​ព្យាករ​ថា​នឹង​ឈាន​ដល់​១០៨ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​នៅ​ឆ្នាំ ២០២៥ ដែល​ជា​ការ​កើនឡើង ៦% ធៀប​នឹង​ឆ្នាំ​មុន​។

បច្ចុប្បន្ន​អេ​មី​រ៉ាត​អា​រ៉ាប់​រួម ក៏​ជា​អ្នក​ផ្គត់ផ្គង់​ប្រេង​ឆៅ​ធំ​ជាងគេ​លំដាប់​ទី ៦ របស់​ចិន​ផង​ដែរ ដោយ​ការ​នាំ​ចេញ​ទៅ​កាន់​មហា​យក្ស​នៅ​អាស៊ី​មួយ​នេះ ឈាន​ដល់ ៣៧,៥ លាន​តោន​កាលពី​ឆ្នាំ​មុន​។ ក្រៅ​អំពី​ថាមពល អេ​មី​រ៉ាត​អា​រ៉ាប់​រួម​ក៏​ជាទី​ផ្សារ​ដ៏​សំខាន់​មួយ​សម្រាប់​ក្រុមហ៊ុន​បច្ចេកវិទ្យា​ចិន​ផង​ដែរ ជា​ពិសេស​ក្នុង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​អេ​ឡិច​ត្រូ​និក និង​ទូរគមនាគមន៍​។ ប្រព័ន្ធ​បណ្តាញ​ជា​ច្រើន​នៅ​ក្នុង​ប្រទេស​ឈូង​សមុទ្រ​មួយ​នេះ កំពុង​ត្រូវ​បាន​ដាក់​ពង្រាយ​ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​របស់​ក្រុមហ៊ុន Huawei​។

យោង​តាម​ក្រសួងពាណិជ្ជកម្ម​ចិន ដែល​រាយការណ៍​តាម​ប្រព័ន្ធ​តាមដាន​ការ​វិនិយោគ​ផ្ទាល់​ទៅ​ក្រៅប្រទេស​របស់​ចិន​ឆ្នាំ ២០២៦ បានឱ្យ​ដឹង​ថា នៅ​ក្នុង​ត្រីមាស​ទី​១ នៃ​ឆ្នាំ​នេះ ទំហំ​វិនិយោគ​ផ្ទាល់​ទៅ​ក្រៅប្រទេស​សរុប​របស់​ចិន​បាន​សម្រេច​ដល់ ៤៤,៥៣ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ដែល​ឆ្លុះ​បញ្ចាំង​ពី​ការ​កើនឡើង ៨,៩% ធៀប​នឹង​ឆ្នាំ​មុន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ