ខេត្តស្វាយរៀង ៖ កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ចុះបង្ក្រាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចបន្ទប់ជួល នៅក្រុងបាវិត ។ នេះបើយោងតាមផេកស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងបានប្រកាសនារសៀលថ្ងៃទី២៤ ខែឧសភានេះ។
ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានបន្តថា ដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់ ពី ឯកឧត្ដម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្ដមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង កាលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ កម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង សហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងបាវិត និងដោយមានការសម្របសម្រួលពីលោកស្រី ស៊ុន យឺត ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត ចុះស្រាវជ្រាវ និងបង្ក្រាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចបន្ទប់ជួល ស្ថិតក្នុងភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត ដោយឃាត់ខ្លួនមនុស្សក្នុងរង្វង់ប្រតិបត្តិការចំនួន០៨នាក់ ស្រី០១នាក់ (ជនជាតិម៉ាឡេស៊ី០៧នាក់ ក្នុងនោះស្រី០១នាក់, ជនជាតិវៀតណាម ០១នាក់ ប្រុស) ។
ចំពោះការដកហូតសម្ភារពាក់ព័ន្ធនឹងបទល្មើសរួមមានៈ កំព្យូទ័រលើតុ All-In-One , ទូរស័ព្ទដៃ និងសម្ភារប្រើប្រាស់មួយចំនួនទៀត ។
បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់ រីឯទីតាំងប្រព្រឹត្តិបទល្មើសបានក្រុមការងារបានបិទទីតាំងបណ្ដោះអាសន្ន ៕


ចែករំលែកព័តមាននេះ