ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេភូមិស្បថថា មិនបានយកប្រាក់ជាថ្នូរឱ្យផ្ទះស្នាក់នៅទេ

3 ម៉ោង មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ លោក​មេ​ភូមិ​សាមគ្គី ត្រូវ​បាន​គេ​តម្រូវ​ឱ្យ​ស្បថ​នៅ​ចំពោះ​មុខ​ប្រជាពលរដ្ឋ​ថា លោក​មិន​បាន​ទទួល​លុយ​មួយ​លាន​ប្រាំ​សែន​រៀល ជា​ថ្នូរ​ឱ្យ​ផ្ទះ​១​ខ្នង​នៅ​តំបន់​ភៀស​សឹក ដូច​បណ្តាញ​សង្គម​បាន​ផ្សាយ​ចោទប្រកាន់​ឡើយ ។ សម្បថ​នេះ បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០២៦ នៅ​ស្នាក់​ការ​ភូមិ​សាមគ្គី ដែល​ស្ថិត​នៅ​ក្នុងភូមិ​រង់ចាំ ឃុំ​ស្ល​ក្រាម ស្រុក​ស្វាយចេក តំបន់​ជនភៀសសឹក ។

ក្នុង​ពិធី​នេះ ក៏​មាន​វត្តមាន​ឯកឧត្តម​ទេស​រដ្ឋមន្ត្រី គន់ គី​ម អនុប្រធាន​ទី​១ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ និង​ជា​អគ្គលេខាធិការ​សមាគម​អតីត​យុទ្ធ​ជន និង​និវត្តជន​កម្ពុជា និង​លោក ឃ្លូ​ក នួ​យ អភិបាលរង​ខេត្តបន្ទាយមានជ័យ តំណាង​ឱ្យ​ឯកឧត្តម អ៊ុំ រាត្រី អភិបាល​ខេត្តបន្ទាយមានជ័យ និង​ក្រុមការងារ​ថ្នាក់​ជាតិ និង​ខេត្ត ស្រុក ក្រុង ជា​ច្រើន​រូប​ទៀត​ចូ​រួម​ដឹង​ឮ ។

ឯកឧត្តម​ទេស​រដ្ឋមន្ត្រី គន់ គី​ម មាន​ប្រសាសន៍​ថា ព័ត៌មាន​បាន​ផ្សព្វផ្សាយ​ចោទប្រកាន់​លោក ជា តយ មេ​ភូមិ​សាមគ្គី​ថា យក​លុយ​ពី​ប្រជាពលរដ្ឋ​២​នាក់​ប្តី​ប្រពន្ធ ជា​ជន​ពិការ​ជា​ថ្នូរ​ឱ្យ​ផ្ទះ​១​ខ្នង​ចំនួន​១​លាន​៥​សែន​រៀល ។ ដើម្បី​ឱ្យ​លោក​មេ​ភូមិ​បកស្រាយ​ឱ្យ​បាន​ច្បាស់ ជូន​ប្រជាពលរដ្ឋ​បានដឹង តើ​ការ​ពិត ឬ​យ៉ាងណា ?

លោក ជា តយ មេ​ភូមិ​សាមគ្គី​បាន​បញ្ជាក់​ថា រឿង​ព័ត៌មាន​បាន​ផ្សាយ​ចោទប្រកាន់​ថា​លោក​យក​លុយ​ជា​ថ្នូរ​ផ្ទះ​១​ខ្នង​នោះ គឺ​លោក​បាន​និយាយ​ជាមួយ​គ្រួសារ​ជន​ពិការ​២​នាក់​ប្តី​ប្រពន្ធ ដែល​ទើប​ត្រឡប់​ពី​ធ្វើការ​នៅ​ប្រទេស​ថៃ ដោយ​លោក​បាន​បញ្ជាក់​ថា ទោះជា​មាន​លុយ​១​លាន​រៀល ឬ​១​លាន​៥​សែន​រៀល ក៏​គាត់​គ្មាន​ផ្ទះ​ឱ្យ​ដែរ ព្រោះ​គាត់​គ្មាន​សិទ្ធិ​បែងចែក និង​ប្រគល់​ជូន​ទេ គ្រាន់តែ​ទទួល​ពាក្យ​ដើម្បី​ស្នើ​សុំ និង​ទៅ​សិក្សា​ឱ្យ​ច្បាស់លាស់​ថា តើ​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​មូលដ្ឋាន​ពិតប្រាកដ ទើប​ថ្នាក់លើ​ប្រគល់​ជូន ។

លោក​បាន​ស្បថ​ចំពោះ​មុខ​ប្រជាពលរដ្ឋ​ថា លោក​មានកូន​៧​នាក់ និង​ចៅ​ជាង​២០​នាក់ បើសិនជា​លោក​បាន​យក​លុយ​១​លាន​រៀល ឬ​១​លាន​៥​សែន​រៀល ពី​ប្រជាពលរដ្ឋ​ណាមួយ​ជា​ថ្នូរ​ចែក​ផ្ទះ​១​ខ្នង សុំ​ឱ្យរ​ន្ទះ​បាញ់​ទាំង​ពូជ ព្រោះ​ផ្ទះ​សម្រាប់​ជនភៀសសឹក​នៅ​ភូមិ​រង់ចាំ លោក​គ្មាន​សិទ្ធិ​បែងចែក​ឡើយ តែ​មាន​សិទ្ធិ​ធ្វើ​របាយការណ៍​ស្នើ​សុំ​ទៅ​ថ្នាក់លើ ដើម្បី​ប្រគល់​ជូន​សម្រាប់​ប្រជាពលរដ្ឋ​រស់នៅ​ជាក់ស្តែង ក្នុង​តំបន់​ដែល​ភាគី​ថៃ​ហ៊ុម​ព័ន្ធ​យក​លំនៅ​ឋាន​ប៉ុណ្ណោះ ។

ឯកឧត្តម​ទេស​រដ្ឋមន្ត្រី គន់ គី​ម បាន​បញ្ជាក់​ថា បងប្អូន​ប្រជាពលរដ្ឋ​បាន​ស្គាល់​មេ​ភូមិ​របស់​ខ្លួន​ច្បាស់​ហើយ ទាំង​គាត់​បាន​ស្បថស្បែរ​ជូន​ដល់​ប្រជាពលរដ្ឋ ហើយ​ថា​រាល់​ព័ត៌​មាន​ក្នុង​បណ្តាញ​សង្គម បាន​ផ្សព្វផ្សាយ​ចោទប្រកាន់​លោក ជា តយ មេ​ភូមិ​សាមគ្គី គឺ​គ្មាន​ការ​ពិត​ឡើយ ជា​ការ​មួលបង្កាច់ ដែល​ជា​ព័ត៌មាន​មិន​ពិត ធ្វើ​ឱ្យ​ប៉ះពាល់​កិត្តិយស​សង្គម ។

ឯកឧត្តម​បាន​បញ្ជាក់​ថា នៅ​ពេល​ដែល​ជម្លោះព្រំដែន ទាហាន​ថៃ​បាន​ឈ្លានពាន​បូរណ​ភាព​ទឹកដី​កម្ពុជា បាន​ប្រើប្រាស់​អាវុធ​មាន​ទម្លាក់​គ្រាប់​ពីលើ​យន្តហោះ និង​គ្រាប់​ផ្លោងបណ្តាល​ឱ្យ​ប្រជាពលរដ្ឋ​ស្លូតត្រង់​ស្លាប់ និង​របួស ត្រូវ​បាន​ជម្លៀស​ចេញពី​លំនៅ​ឋាន ហើយ​ត្រូវ​បាន​ទាហាន​ថៃ​យក​លួស​បន្លា និង​កុងតឺន័រ​ហ៊ុម​ព័ទ្ធ​យក​លំនៅ​ឋាន​ប្រជាពលរដ្ឋ​ចំនួន​៦​ភូមិ​មាន​២​ភូមិ​ក្នុង​ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ និង​៤​ភូមិ​នៅ​ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ។

ឯកឧត្តម គន់ គី​ម បាន​បញ្ជាក់​ថា ជា​ការ​យកចិត្តទុកដាក់​ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា និង​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​កសាង​លំនៅ​ឋាន​បណ្តោះអាសន្ន រហូត​ពេល​នេះ​បាន​ចំនួន ៣ ៣១៨​ខ្នង​ផ្ទះ និង​ជនភៀសសឹក​បាន​ចូល​រស់នៅ​ជាង ៣ ០០០​គ្រួសារ ហើយ​មាន​ភ្លើង ទឹក សាលារៀន និង​ផ្សារ សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ភូមិ​រង់ចាំ​នេះ ៕