បង្ក្រាបក្រុមចោរកាប់ប្លន់ម៉ូតូនៅក្រុងប៉ោយប៉ែតឃាត់ខ្លួនជាង១០នាក់
- បន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ ៖ ក្រោយកាប់ប្លន់យកម៉ូតូ តែកើតឡើងជាញឹកញាប់ កម្លាំងសមត្ថកិច្ចបានបើកប្រតិបត្តិការចុះបង្ក្រាប ឃាត់ខ្លួនជាបន្តបន្ទាប់បានជាង១០នាក់ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ នៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ។

ជាក់ស្តែង គេឃើញសកម្មភាពកម្លាំងសមត្ថកិច្ច មានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ និងកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានចុះបង្ក្រាបក្មេងទំនើងដែលតែងតែធ្វើសកម្មភាពកាប់ប្លន់យកម៉ូតូ និងបង្ករបួសស្នាមក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ប្រមាណ៤ទៅ៥កន្លែង និងបានឃាត់ខ្លួនជាង១០នាក់ ដោយរឹបអូសបានម៉ូតូជាមុខសញ្ញាកាប់ប្លនោ់ងដែរ ។

មានការកត់សម្គាល់ថា ក្រុមក្មេងទំនើងធ្វើសកម្មភាពកាប់ប្លន់យកម៉ូតូ និងបង្កហិង្សាមានរបួសស្នាម បណ្តាលឱ្យប្រជាពលរដ្ឋមានការភ័យខ្លាចនៅពេលយប់ ក្នុងមូលដ្ឋានដោយសារអសន្តិសុខ ភូមិ-ឃុំគ្មានសុវត្ថិភាព បានកើតឡើងជាញឹកញាប់ ស្របពេលក្រុងប៉ោយប៉ែតមានភាពស្ងប់ស្ងាត់ផងនោះ ធ្វើឱ្យប្រជាពលរដ្ឋគ្មានការងារធ្វើ ហើយការរកស៊ីទទួលទានជួបការលំបាក ប្រជាពលរដ្ឋខ្លះបានចាកចេញពីក្រុងប៉ោយប៉ែត ទៅរកស៊ីនៅតាមស្រុក ខេត្តផ្សេងៗ ។

ប្រជាពលរដ្ឋបានបង្ហាញភាពកក់ក្ដៅ ចំពោះការបង្ក្រាបក្មេងទំនើងដែលធ្វើសកម្មភាពកាប់ប្លន់យកម៉ូតូ និងប្រើប្រាស់ហិង្សា ដោយសង្ឃឹមថា ក្រុងប៉ោយប៉ែតមានសន្តិសុខល្អ ភូមិ-ឃុំមានសុវត្ថិភាព គ្មានសកម្មភាពក្មេងទំនើងកាប់ប្លន់កើតឡើងដូចមុន ក្រុងប៉ោយប៉ែតនឹងមានប្រជាពលរដ្ឋចូលមករកស៊ីច្រើនកុះករដូចមុន មានភាពអ៊ូអរអាចឱ្យប្រជាពលរដ្ឋប្រកបមុខរបររកស៊ីចិញ្ចឹមជីវិតបានល្អប្រសើរឡើងវិញ ៕







ចែករំលែកព័តមាននេះ