ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុនយក្សចិន CMEC បង្ហាញទំនុកចិត្តខ្ពស់លើស្ថិរភាពកម្ពុជា ត្រៀមពង្រីកការវិនិយោគលើវិស័យថាមពល និងកសិកម្ម

1 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ប្រធាន​ក្រុមហ៊ុន CMEC បាន​ថ្លែង​ថា កម្ពុជា គឺជា​ប្រទេស​ដែល​មាន​ស្ថិរភាព​នយោបាយ និង​មានការ​អភិវឌ្ឍ​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស ដែល​ផ្ដល់​នូវ​ទំនុកចិត្ត​ខ្ពស់​សម្រាប់​ក្រុមហ៊ុន​ក្នុង​ការ​បណ្ដាក់ទុន​វិនិយោគ ។

ការ​លើក​ឡើង​របស់ លោក Fang Yanshui ប្រធាន​ក្រុមហ៊ុន China Machinery Engineering Corporation Group (CMEC) ក្នុង​ឱកាស​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​អនុញ្ញាត​ឱ្យ​ចូល​ជួប​សម្តែង​ការ​គួរសម នា​រសៀល​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០២៦ ។

ក្នុង​ឱកាស​នៃ​ជំនួប​លោក​ប្រធាន​ក្រុមហ៊ុន​គូសបញ្ជាក់​ថា កម្ពុជា គឺជា​ប្រទេស​ដែល​មាន​ស្ថិរភាព​នយោបាយ និង​មានការ​អភិវឌ្ឍ​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស ដែល​កត្តា​នេះ គឺជា​មូលដ្ឋាន​គ្រឹះ​ដ៏​រឹង​មាំ ធ្វើ​ឱ្យ​ក្រុមហ៊ុន​មាន​ភាព​កក់ក្ដៅ និង​ទំនុកចិត្ត​ខ្ពស់ ក្នុង​ការ​បណ្ដាក់ទុន​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា ។

ទន្ទឹម​នឹង​នេះ ប្រធាន​ក្រុមហ៊ុន ក៏​បាន​គោរព​ជម្រាប​ជូន​សម្ដេច​ធិ​បតី អំពី​វឌ្ឍនភាព​នៃ​ដំណើរការ​អាជីវកម្ម​របស់​ក្រុមហ៊ុន ដែល​បាន​ចាប់ផ្ដើម​បោះទុន​វិនិយោគ​នៅ​កម្ពុជា តាំងពី​ឆ្នាំ​២០០៨ ដោយ​ផ្ដោត​សំខាន់​លើ​វិស័យ​ថាមពល និង​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ ។ បច្ចុប្បន្ន ក្រុមហ៊ុន​កំពុង​មាន​កិច្ច​សហប្រតិបត្តិការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​ដៃគូ​ក្នុងស្រុក ក្នុង​ការ​សាងសង់​រោងចក្រ​ថាមពល​ដើរ​ដោយ​ឧស្ម័ន​ធម្មជាតិ​រាវ (LNG) នៅ​ខេត្តកោះកុង ។

ប្រធាន​ក្រុមហ៊ុន​សម្ដែង​ភាព​រីករាយ ដែល​បាន​រួមចំណែក​ដល់​ការ​អភិវឌ្ឍ​វិស័យ​ថាមពល​នៅ​កម្ពុជា ដើម្បី​ធានា​បាន​នូវ​សន្តិសុខ និង​ឯករាជ្យ​ភាព​ផ្នែក​ថាមពល​របស់​កម្ពុជានា​ពេល​អនាគត ។ បន្ថែម​លើ​នេះ ប្រធាន​ក្រុមហ៊ុន ក៏​បាន​ជម្រាប​សម្ដេច​ធិ​បតី អំពី​បំណង​ក្នុង​ការ​ស្វែងរក​កាលានុវត្តភាព ដើម្បី​ពង្រីក​ការ​វិនិយោគ​បន្ថែម​ទៀត​លើ​វិស័យថាមពល និង​វិស័យ​កសិកម្ម ។

ប្រធាន​ក្រុមហ៊ុន​បញ្ជាក់​ថា ក្រុមហ៊ុន​កំពុង​ផ្សារ​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​បណ្ដា​ក្រុមហ៊ុន​ជា​ច្រើន​នៅ​ក្នុង​ប្រទេស​ចិន ដើម្បី​កៀរគរ​ក្រុមហ៊ុន​ទាំងនោះ​មក​ស្វែងរក​ឱកាស​វិនិយោគ​លើ​វិស័យ​សក្ដានុពល​នានា នៅ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ ។

ជា​ការ​ឆ្លើយ​តប សម្ដេច​ធិ​បតី​អបអរសាទរ ចំពោះ​ភាព​ជោគជ័យ​នៃ​ប្រតិបត្តិការ​អាជីវកម្ម​របស់​ក្រុមហ៊ុន​នៅ​តាម​បណ្ដា​ប្រទេស​នានា ក៏​ដូច​ជា ភាព​ជោគជ័យ​នៃ​ការ​វិនិយោគ​របស់​ក្រុមហ៊ុន​នៅ​កម្ពុជា ។ សម្ដេច​ធិ​បតី ពេញចិត្ត​ចំពោះ​កិច្ចសហការ​រវាង​ក្រុមហ៊ុន​ជាមួយ​ដៃគូ​ក្នុងស្រុក ក្នុង​ការ​វិនិយោគ​លើ​វិស័យ​ថាមពល LNG នេះ ។ សម្ដេច​ធិ​បតី​គូសបញ្ជាក់​បន្ថែម​ថា វិស័យ​ថាមពល​ជា​វិស័យ​គន្លឹះ​ដ៏​មាន​សារៈសំខាន់ ហើយ​ការ​ធានា​ឱ្យ​បាន​នូវ​សន្តិសុខ​ថាមពល ជា​កិច្ចការ​ចាំបាច់​ដែល​មិន​អាច​ខ្វះ​បាន ។

សម្ដេច​ធិ​បតី​សង្កត់ធ្ងន់​ថា ការ​វិនិយោគ​លើ​វិស័យ​ថាមពល​នៅ​កម្ពុជា មិន​ត្រឹមតែ​សម្រាប់​ឆ្លើយ​តប​នឹង​តម្រូវការ​ផ្គត់ផ្គង់​នៅ​ក្នុងស្រុក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​អាច​ឈាន​ទៅ​ដល់​ការ​ផ្គត់ផ្គង់​ទៅ​កាន់​បណ្ដា​ប្រទេស​សមាជិក​អាស៊ាន​ផង​ដែរ តាម​រយៈ​គោលនយោបាយ​បណ្ដាញ​អគ្គិសនី​អាស៊ាន ៕