ឡូសអាន់ជឺឡេស ៖ យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា កំពង់ផែឡូសអាន់ជឺឡេស ដែលជាកំពង់ផែកុងតឺន័រដ៏មមារញឹកបំផុតរបស់សហរដ្ឋអាមេរិក បានបង្កើតកំណត់ត្រាដឹកទំនិញថ្មីប្រចាំខែមិថុនា ។
ការកើនឡើងនេះ កើតឡើងដោយសារក្រុមហ៊ុននានាចាប់ពីអាជីវកម្មលក់រាយរហូតដល់អ្នកសាងសង់មជ្ឈមណ្ឌលទិន្នន័យបានប្រញាប់ប្រញាល់នាំចូលទំនិញ ដើម្បីគេចចេញពីការចំណាយលើតម្លៃប្រេងឥន្ធនៈខ្ពស់ និងពន្ធនាំចូលថ្មីរបស់អាមេរិក ។
លោក Gene Seroka នាយកប្រតិបត្តិកំពង់ផែបានឱ្យដឹងថា កំពង់ផែភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ាមួយនេះ បានដោះស្រាយកុងតឺន័ររហូតដល់ ១,០០២,៧៣៤ TEU កាលពីខែមុន ដែលមានការកើនឡើងជាង១២% ធៀបនឹងខែមិថុនា ឆ្នាំ២០២៥ ។ នេះជាលើកទីបីហើយក្នុងប្រវត្តិសាស្ត្រ១១៨ឆ្នាំរបស់កំពង់ផែ ដែលបរិមាណដឹកជញ្ជូនបានហក់ហួសកម្រិត១លានTEU ក្នុងមួយខែ។
ការនាំចូលកើនឡើង ១៣% ដល់៥៣០,៥៥៨ TEU ។ ការនាំចេញកើនឡើងបន្តិចបន្តួច០.២% ដល់១២៦,៣៦៥ TEU ។
កំពង់ផែ Long Beach (ជាប់គ្នា) ដំណើរការបាន៧៧៩,៣៣១ TEU (កើនឡើង ១១% លើការនាំចូល) ដែលជាបរិមាណមមារញឹកបំផុតលំដាប់ទីបីសម្រាប់ខែមិថុនា ។
ផ្អែកតាមក្រុមហ៊ុនផ្តល់បច្ចេកវិទ្យាខ្សែសង្វាក់ផ្គត់ផ្គង់ Descartes Systems Group (DSG.TO) ការនាំចូលកុងតឺន័រសរុបរបស់សហរដ្ឋអាមេរិកបានកើនឡើង ៨.២% ក្នុងខែមិថុនា បើធៀបនឹងឆ្នាំមុន។
ជម្លោះរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ជាមួយប្រទេសអ៊ីរ៉ង់ បានរំខានដល់ផ្លូវដឹកជញ្ជូននៅមជ្ឈិមបូព៌ា និងជុំវិញពិភពលោក ដែលធ្វើឱ្យតម្លៃប្រេងឥន្ធនៈតាមសមុទ្រហក់ឡើងខ្ពស់។ អាជីវកម្មនានាបារម្ភថា វត្ថុធាតុដើម និងទំនិញរោងចក្រសំខាន់ៗអាចនឹងខ្វះខាត ឬមានតម្លៃដឹកជញ្ជូនថ្លៃពេកនៅថ្ងៃមុខ។
រដ្ឋបាលរបស់ប្រធានាធិបតី ដូណាល់ ត្រាំ មានគម្រោងអនុវត្តយុទ្ធសាស្ត្រពន្ធគយថ្មីនៅខែនេះ ដោយផ្អែកលើមាត្រា 301 នៃច្បាប់ពាណិជ្ជកម្មអាមេរិក ដើម្បីស៊ើបអង្កេតលើការអនុវត្តពាណិជ្ជកម្មមិនស្មោះត្រង់ ។
ការដាក់ពន្ធថ្មីនេះ ធ្វើឡើងដើម្បីជំនួសពន្ធបន្ទាន់មុនៗរបស់លោក ត្រាំ ដែលត្រូវបានលុបចោលដោយតុលាការកំពូលអាមេរិកកាលពីខែកុម្ភៈ ។

ចែករំលែកព័តមាននេះ