ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមលួ.ចសម្ភារៈ និងឧបករណ៍​​ការពាររន្ទះ​តាម​បង្គោល​អង់​តែ​ន​ ពេលចាប់បាន សារភាពថា ធ្លាប់ធ្វើ​សកម្មភាពបែបនេះច្រើន​ដង​

1 នាទី មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​៖ ជនសង្ស័យ​ចំនួន​២​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​ប​សេដ្ឋ​ធ្វើការ​ឃាត់ខ្លួន ខណៈ​ដែល​ក្រុម​ជនសង្ស័យ​ធ្វើ​សកម្មភាព លួច​សម្ភារៈ​តាម​បង្គោល​អង់​តែ​ន​(​សម្ភារៈ​ការពារ​រន្ទះ​) ហើយ​ព្យាយាម​រត់គេច​ខ្លួន ក៏​ចំ​ថ្ងៃ​ស៊យ​ត្រូវ​សមត្ថកិច្ច​ឃាត់​។

ករណី​ចោរកម្ម​លួច​សម្ភារៈ​និង​ទ្រព្យសម្បត្តិ​តាម​ក្រុមហ៊ុន​បង្គោល​អង់​តែ​ន​សេ​វ៉ា​ទូរស័ព្ទ​(​មិន​បាន​សម្រេច​) បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៦​និង​១០​នាទី​ព្រលប់​ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០២៦ នៅ​ចំណុច​អង់​តែ​ន​ប្រព័ន្ធ​សេ​វ៉ា​ទូ​ស័ព្ទ​ដៃ ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​ស្រូល ឃុំ​ពោធិ​អង្គ្រង ស្រុក​ប​សេដ្ឋ ខេត្តកំពង់ស្ពឺ ។

សមត្ថកិច្ច​ខេត្តកំពង់ស្ពឺ​បាន​និយាយ​ឱ្យ​ដឹង​ថា​ជនសង្ស័យ​ចំនួន​២​នាក់ បាន​ធ្វើ​សកម្មភាព​កាប់​កកាយ​ដី​លួច​យក​ខ្សែការពារ​រន្ទះ និង​ឧបករណ៍​ផ្សេង​ៗ​ក្នុង​បរិ​វេន​អង់​តែ​ន​ទូរស័ព្ទ ខណៈ​ដែល​ជនសង្ស័យ កំពុង​តែ​ធ្វើ​សកម្មភាព​លួច​នោះ ក៏​ត្រូវ​បាន​សមត្ថកិច្ច​ដេញចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់​រួម​ទាំង​វត្ថុ​តាង​និង សម្ភារៈ​ដែល​បាន​ធ្វើ​សកម្មភាព​មួយ​ចំនួន​។

សមត្ថកិច្ច​ខេត្តកំពង់ស្ពឺ​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា​ជនសង្ស័យ ដែល​ឃាត់ខ្លួន​ទី​១-​ឈ្មោះ ឈិ​ន តាក់ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ មានស្រុក​កំណើត​នៅ​ក្នុងភូមិ​កង​តា​ណឹ​ង ឃុំ​កង​តា​ណឹ​ង ស្រុក​កងមាស ខេត្តកំពង់ចាម និង​ទី​២- ឈ្មោះ បូ សុខ​ឃី​ម ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ មានស្រុក​កំណើត​នៅ​ក្នុងភូមិ​ស្វាយ​អ​ន្ទ​រ ឃុំ​ស្វាយ​អ​ន្ទ​រ ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង​។ ចំណែក​បក្ខពួក​របស់​ពួក​គេ​មួយ​ចំនួន​ទៀត​បាន​កំពុង​រត់គេច​ខ្លួន​។

ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​ធ្វើ​សម​កម្ម​ភាព​លួច​ទ្រព្យសម្បត្តិ​ក្រុមហ៊ុនទូរស័ព្ទ​ដៃ​នៅ​ចំណុច​បង្គោល​អង់​តែ​ន​ប្រព័ន្ធ​ទូរស័ព្ទ​ពិតប្រាកដ​មែន ។

សមត្ថកិច្ច​បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា​ក្រោយ​ឃាត់ខ្លួន​ក្រុម​ជនសង្ស័យ​បាន​សារភាព​បន្ថែម​ថា​កន្លង​ទៅ ពួក​ខ្លួន​ធ្លាប់​ធ្វើ​សកម្មភាព​លួច​ទ្រព្យសម្បត្តិ​តាម​ង្គោ​លអង់​តែ​ន​ទូរស័ព្ទ​ដៃ និង​ឧបករណ៍​ផ្សេង​ៗ​ជា​ច្រើន​ទៀត​តាម​បណ្តា​ស្រុក​ផ្សេង​ៗ​ជា​ច្រើន ។

បច្ចុប្បន្ន​ក្រុម​ជនសង្ស័យ​រួម​ជាមួយនឹង​វត្ថុ​តាង នគរបាល​បាន​កសាង​សំណុំរឿង​ទៅ​ការិយាល័យ​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ​ដើម្បី​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់​៕​