លួចកាត់ខ្សែភ្លើងអ្នកភូមិជាមួយគ្នា ម្ចាស់ឃើញទាន់ស្រែកចោរៗ
- កំពង់ស្ពឺ
ខេត្តកំពង់ស្ពឺ ៖ ជនជាមុខសញ្ញាលួចកាត់ខ្សែភ្លើងរបស់អ្នកភូមិជាមួយគ្នាម្នាក់ ត្រូវបានកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ ដឹកនាំកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាសាល និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរស្មីសាមគ្គីឃាត់ខ្លួន ខណៈជន សង្ស័យបើកគោយន្តរបស់ខ្លួនទៅចម្ការ ដោយនឹកស្មានថា អ្នកភូមិមិនស្គាល់ ។ ការចាប់ខ្លួននេះ ក្រោយពីម្ចាស់ខ្សែភ្លើងដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ ។

ការឃាត់ខ្លួនជនសង្ស័យលួចកាត់ខ្សែភ្លើងរបស់អ្នកភូមិជាមួយគ្នានេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ នៅចំណុចក្នុងភូមិក្នុងអាយ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។ នគរបាលស្រុកឱរ៉ាល់ បានឱ្យដឹងថា ជនសង្ស័យដែល
នគរបាលឃាត់ខ្លួនបានឈ្មោះ ធី ធឿន ហៅហ៊ួច ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរកសិករ រស់នៅក្នុងភូមិអាយ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។

នគរបាលស្រុកឱរ៉ាល់ បានបន្តឱ្យដឹងទៀតថា នៅមុនពេលឃាត់ខ្លួនជនសង្ស័យខាងលើ គឺនៅវេលាម៉ោង៦និង៥៤នាទីព្រលប់ថ្ងៃ៣០ ខែកញ្ញា ឆ្នាំ២០២៦ មានឈ្មោះ ម៉ែន សុផន ភេទស្រី អាយុ៥០ឆ្នាំ មុខរបរលក់ដូរ រស់នៅក្នុងភូមិអាយ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។ តាមការរៀបរាប់របស់ស្ត្រីខាងលើថា មានជនសង្ស័យម្នាក់ឈ្មោះ ធី ធឿន ហៅហ៊ួច ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិ-ឃុំជាមួយគ្នា បានធ្វើសកម្មភាពយកកាំបិតផ្គាក់មកកាត់ខ្សែភ្លើងរបស់គាត់ ពេលកំពុងធ្វើសកម្មភាពត្រូវបានគាត់ (ម្ចាស់ផ្ទះ)ឃើញទាន់ ក៏ស្រែកឆោឡោ ហើយជនសង្ស័យក៏រត់គេចខ្លួនបាត់ ។

នគរបាលស្រុកឱរ៉ាល់ បានបន្ថែមទៀតថា ក្រោយពីទទួលបានពាក្យបណ្តឹង និងកំណត់ហេតុបណ្តឹងពីជនរងគ្រោះ កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ឃុំតាសាល បានចុះទៅដល់កន្លែងកើតហេតុស្រាវជ្រាវ ឈានទៅដល់ឃាត់ខ្លួនជនសង្ស័យ និងដកហូតសម្ភារៈវត្ថុតាង ខ្សែភ្លើង១ដុំ និងកាំបិតផ្គាក់១ដើមផងដែរ ។

បច្ចុប្បន្ន ជនសង្ស័យរួមជាមួយនឹងវត្ថុតាង ត្រូវបាននគរបាលកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ ៕
ចែករំលែកព័តមាននេះ