ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ការងារ ផ្សព្វផ្សាយ​ពី «​ការ​ទប់ស្កាត់​ការ​ប្រើប្រាស់​ឧបករណ៍​អេ​ឡិច​ត្រូ​និក​និង​សារធាតុ​គីមី​សម្រាប់​ជក់​» ដើម្បី​លើកកម្ពស់​ការ​យល់​ដឹង និង​ចូលរួម​ទប់ស្កាត់ ជា​ពិសេស​ក្នុង​ចំណោម​យុវជន

1 ម៉ោង មុន

រាជធានីភ្នំពេញ​ ៖ ក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​រៀបចំ​កម្មវិធី​ផ្សព្វផ្សាយ​ស្តី​ពី “​ការ​ទប់ស្កាត់​ការ​ប្រើប្រាស់​ឧបករណ៍​អេ​ឡិច​ត្រូ​និក​និង​សារធាតុ​គីមី​សម្រាប់​ជក់​” នា​រសៀល​ថ្ងៃ​ទី​៣០ ខែកញ្ញា ឆ្នាំ​២០២៦ នៅ​វិទ្យាស្ថាន​ជាតិ​បណ្តុះបណ្តាល​បច្ចេកទេស ដែល​មាន​អ្នកចូលរួម​ប្រមាណ ៥០០​នាក់​ដែល​ជា​ថ្នាក់ដឹកនាំ​ក្រសួង​ការងារ តំណាង​គ្រឹះស្ថាន ធី​វេ​ត អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា សិស្សានុសិស្ស និង​យុវជន​។ កម្មវិធី​ផ្សព្វផ្សាយ​នេះ មាន​គោលបំណង លើកកម្ពស់​ការ​យល់​ដឹង​ពី​ផល​ប៉ះពាល់​នៃ​ផលិតផល​ថ្នាំជក់ និង​ឧបករណ៍​អេ​ឡិច​ត្រូ​និក និង​សារធាតុ​គីមី​សម្រាប់​ជក់ ព្រមទាំង​ទប់ស្កាត់​ការ​ប្រើប្រាស់​ឧបករណ៍​អេ​ឡិច​ត្រូ​និក​និង​សារធាតុ​គីមី​សម្រាប់​ជក់​។

ថ្លែង​ទៅ​កាន់​អង្គពិធី ឯកឧត្តម ឡៅ ហ៊ី​ម រដ្ឋលេខាធិការ និង​ជា​ប្រធាន​គណៈកម្មការ​ជំនាញ​សុខភាព​សិក្សា​នៃ​ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ដែល​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​នេះ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា និង​អង្គភាព​ស្ថាប័ន​ពាក់ព័ន្ធ​ដែល​បាន​សហការ​រៀបចំ និង​គាំទ្រ​កម្មវិធី​នេះ ដែល​ជា​ផ្នែក​មួយ​យ៉ាង​សំខាន់​ក្នុង​ការ​រួមចំណែក​ដល់​ការ​ការពារ និង​ការ​អភិវឌ្ឍ​មូលធន​មនុស្ស​ឱ្យ​មាន​សុខភាព​ល្អ ស្រប​តាម​យុទ្ធសាស្ត្រ​បញ្ច​កោណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល ដែល​ផ្តល់​អាទិភាព​លើ​ការ​អភិវឌ្ឍ​មូលធន​មនុស្ស សម្រាប់​ជំរុញ​ពិពិធ​កម្ម និង​កំណើនសេដ្ឋកិច្ច​។

ឯកឧត្តម​មាន​ប្រសាសន៍​ថា រាជរដ្ឋាភិបាល ក្រសួង​ការងារ និង​អង្គការ​ដៃគូ​កំពុង​យកចិត្តទុកដាក់​លើ​ការ​លើកកម្ពស់​សុខុមាលភាព​សិស្ស និស្សិត​នៅ​តាម​គ្រឹះស្ថាន ធី​វេ​ត បងប្អូន​កម្មករនិយោជិត​នៅ​តាម​បណ្ដា​សហគ្រាស ក្រុមហ៊ុន រោងចក្រ និង​សាធារណជន ដោយ​ធ្វើការ​អប់រំ​ផ្សព្វផ្សាយ​ឱ្យ​មានការ​យល់​ដឹង​ពី​ផល​ប៉ះពាល់ ហើយ​ចៀសវាង​ការ​ប្រើប្រាស់​ឧបករណ៍​អេ​ឡិច​ត្រូ​និក និង​សារធាតុ​គីមី​សម្រាប់​ជក់​ទាំងនេះ ជា​ពិសេស​យុវជន​ដែល​ជា​ធនធានមនុស្ស​ដ៏​សំខាន់​សម្រាប់​អភិវឌ្ឍ​ប្រទេស​ជាតិ​។ ទន្ទឹម​នេះ ក្រសួង​ក៏​បន្ត​ជំរុញ​ការ​អនុវត្ត​គោលនយោបាយ​ជាតិ ស្តី​ពី​សុខភាព​សិក្សា ដែល​សម្រេច​បាន​លទ្ធផល​ជា​ច្រើន និង​បាន​ចេញ​សេចក្តីណែនាំ​ស្តី​ពី​ការ​ហាមឃាត់​ការ​ប្រើប្រាស់ ការ​កាន់កាប់ ការ​ផលិត និង​ការ​ស្តុក​ទុក​ឧបករណ៍​អេ​ឡិច​ត្រូ​និក​និង​សារធាតុ​គីមី​សម្រាប់​ជក់ និង​ស៊ី​ស្សា ដើម្បី​ចូលរួម​រក្សា​សណ្តាប់ធ្នាប់​សង្គម ការពារ​សុខភាព​សាធារណៈ ជា​ពិសេស​សុខភាព​អ្នក​សិក្សា និង​បុគ្គលិក​អប់រំ នៃ​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​។

ក្រៅពី​នោះ ក៏​មាន​សេចក្តីណែនាំ​ស្តី​ពី​ការ​ហាមឃាត់​ការ​ប្រើប្រាស់ ការ​កាន់កាប់ ការ​ផលិត និង​ការ​ស្តុក ទុក​ឧបករណ៍​អេ​ឡិច​ត្រូ​និក​និង​សារធាតុ​គីមី​សម្រាប់​ជក់ និង​ស៊ី​ស្សា នៅ​តាម សហគ្រាស ក្រុមហ៊ុន រោងចក្រ និង​សេចក្តីណែនាំ​ស្តី​ពី​ការ​លើកកម្ពស់​ឥរិយាបថ​រស់នៅ ប្រកបដោយ​សុខុមាលភាព​របស់​កម្មករនិយោជិត​នៅ​តាម​សហគ្រាស ក្រុមហ៊ុន រោងចក្រ ដើម្បី​ចូលរួម​រក្សា​សណ្តាប់ធ្នាប់​សង្គម ការពារ​សុខភាព​សាធារណៈ និង​លើកកម្ពស់​សុវត្ថិភាព​និង​សុខភាព​ការងារ និង​កាត់​បន្ថយ​កត្តា​ហានិភ័យ​ចម្បង​នៃ​ជំងឺមិនឆ្លង​។

នា​ឱកាស​នោះ ឯកឧត្តម​បាន​លើកទឹកចិត្ត​ឱ្យ​អ្នកចូលរួម​យកចិត្តទុកដាក់​ស្តាប់​បទ​បង្ហាញ​ពី​ផល​ប៉ះពាល់​នៃ​ការ​ប្រើប្រាស់​ឧបករណ៍​អេ​ឡិច​ត្រូ​និក និង​សារធាតុ​គីមី​ដើម្បី​ឱ្យ​មានការ​យល់​ដឹង ហើយ​បន្ត​ចែករំលែក​ដល់​បងប្អូន មិត្តភក្តិ សាច់ញាតិ និង​សហគមន៍ ព្រមទាំង​ចូលរួម​ទប់ស្កាត់​បញ្ហា​នេះ​ទាំងអស់​គ្នា​។ ឯកឧត្តម​សង្ឃឹម​យ៉ាង​មុតមាំ​ថា តាម​រយៈ​កម្មវិធី​ផ្សព្វផ្សាយ​នេះ ថ្នាក់ដឹកនាំ​គ្រប់​អង្គភាព​ក្រោម​ក្រសួង​នឹង​យកចិត្តទុកដាក់​ចូលរួម​អនុវត្ត​សេចក្ដីណែនាំ​ដែល​បាន​ដាក់​ចេញ និង​ពិនិត្យ​រាល់​សកម្មភាព​របស់​អង្គភាព បុគ្គលិក មន្ត្រីរាជការ សាស្ត្រាចារ្យ សិក្ខាកាម សិស្ស​និស្សិត ដើម្បី​ធានា​មិន​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន ឬ​ផលិតផល​ដែល​អាច​ផ្ដល់​ផល​ប៉ះពាល់​ដល់​យុវជន និង​សង្គម​។

ជាមួយ​គ្នា​នេះ លោក​វេជ្ជបណ្ឌិត មុំ គង់ នាយក​ប្រតិបត្តិ​អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា ក៏​បាន​ធ្វើ​បទ​បង្ហាញ​ពី​ផល​ប៉ះពាល់​, ប្រភេទ និង​បច្ចុប្បន្នភាព​នៃ​ការ​ចែកចាយ​ឧបករណ៍​អេ​ឡិច​ត្រូ​និក​និង​សារធាតុ​គីមី​សម្រាប់​ជក់​ជូន​អង្គពិធី​ផង​ដែរ ជា​ពិសេស​គឺ​ការ​ផ្សព្វផ្សាយ​លក់​នៅ​តាម​បណ្តាញ​សង្គម​។ លោក​វេជ្ជបណ្ឌិត​បាន​ផ្តល់​អនុសាសន៍​ឱ្យ​មានការ​បន្ត​បិទ​គណនី​សង្គម​ដែល​កំពុង​បង្ហោះ​ចែកចាយ​លក់​ឧបករណ៍​អេ​ឡិច​ត្រូ​និក​សម្រាប់​ជក់​, ណែនាំ​ប្រតិបត្តិ​ករ​ដឹក​ជញ្ជូន​កុំ​ឲ្យ​ដឹក​ជញ្ជូន​ឧបករណ៍​អេ​ឡិច​ត្រូ​និក​សម្រាប់​ជក់ និង​ចាត់វិធានការ​ផ្លូវច្បាប់​ទៅ​លើ​អ្នក​ប្រព្រឹត្ត​ល្មើស​នឹង​បទបញ្ជា​លេខ ០២​បប របស់​រាជរដ្ឋាភិបាល​៕ អត្ថបទសហការ