ផ្លូវជាតិលេខ ១០ ជាខ្សែផ្លូវយុទ្ធសាស្ត្រ ជាសរសៃឈាមសេដ្ឋកិច្ច និងទេសចរណ៍ថ្មី
- ពោធិ៍សាត់
ខេត្តពោធិ៍សាត់ ៖ ផ្លូវជាតិលេខ ១០ ដែលមានប្រវែងសរុប ១៩៨,៥១គីឡូម៉ែត្រ ត្រូវបានបញ្ចប់ការសាងសង់ជាស្ថាពរនៅក្នុងអំឡុងខែឧសភា ឆ្នាំ ២០២៥ បន្ទាប់ពីប្រើប្រាស់រយៈពេលសាងសង់ ៦៦ខែ ហើយត្រូវបានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ១ ខែតុលា ឆ្នាំ ២០២៦ ។
ប្រភពក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ផ្លូវនេះតភ្ជាប់ពីផ្លូវជាតិលេខ ៥៧-៧ ក្នុងខេត្តបាត់ដំបង ឆ្លងកាត់ខេត្តពោធិ៍សាត់ រហូតដល់ផ្លូវជាតិលេខ ៤៨ ក្នុងខេត្តកោះកុង ដោយសាងសង់ជាប្រភេទផ្លូវ DBST មានគន្លងរថយន្ត ២គន្លងទៅមក ។
ផ្លូវជាតិលេខ ១០ គឺជាខ្សែផ្លូវយុទ្ធសាស្ត្រ និងជាសរសៃឈាមសេដ្ឋកិច្ចថ្មីរបស់កម្ពុជា ដែលតភ្ជាប់ខេត្តចំនួន ៣ គឺបាត់ដំបង ពោធិ៍សាត់ និងកោះកុង (តភ្ជាប់ពីភូមិភាគពាយ័ព្យ មកកាន់តំបន់ឆ្នេរសមុទ្រភាគនិរតី នៃប្រទេសកម្ពុជា) ព្រមទាំងភ្ជាប់ជាមួយផ្លូវជាតិសំខាន់ៗមួយចំនួនទៀត ។
ក្រសួងសាធារណការ និងដឹកជញ្ជូន ឱ្យដឹងទៀតថា ការតភ្ជាប់នេះបានកាត់បន្ថយពេលវេលា និងចម្ងាយផ្លូវធ្វើដំណើរបានយ៉ាងច្រើន ដូចជាពីខេត្តបាត់ដំបង ទៅខេត្តកោះកុង ចំណេញ ៣០៦គីឡូម៉ែត្រ និងពីខេត្តប៉ៃលិន ទៅខេត្តកោះកុង ចំណេញ ៣៧២គីឡូម៉ែត្រ ។ ខ្សែផ្លូវនេះបានបម្រើដល់ការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនផ្ទៃក្នុង សម្រួលដល់ការដឹកជញ្ជូនផលិតផលទំនិញ កសិកម្ម និងការធ្វើដំណើរឆ្លងកាត់របស់ប្រជាពលរដ្ឋ ។ លើសពីនេះ ផ្លូវជាតិលេខ ១០ ក៏បានរួមចំណែកលើកកម្ពស់សក្តានុពលទេសចរណ៍នៅតាមបណ្តោយផ្លូវ ដែលសម្បូរទៅដោយទេសភាពធម្មជាតិដ៏ទាក់ទាញផងដែរ ៕



ចែករំលែកព័តមាននេះ