បង្ក្រាបបានហើយ! បុរសម្នាក់ឡើងលើផ្លូវល្បឿនលឿនPK54 យកដែកដាក់ទទឹងផ្លូវ
- កំពង់ស្ពឺ
ខេត្តកំពង់ស្ពឺ ៖ ដោយទទួលបានព័ត៌មានពីការក្រុមប្រចាំការលើផ្លូវល្បឿនលឿន និងការបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់ពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ កំលាំងអធិការនគរបាលស្រុកភ្នំស្រួច បានសហការជាមួយកំលាំងប្រចាំការលើផ្លូវល្បឿនលឿន ស្រាវជ្រាវបន្ទាន់លើករណីបុរសដែលយកដែកដាក់លើផ្លូវល្បឿនលឿន ចន្លោះគីឡូម៉ែត្រPK54_55 ស្ថិតក្នុងភូមិក្រាំងពោធិ៍ ឃុំអូរ ស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺ ។ នេះបើយោងតាមផេកស្នងការដ្ឋានខេត្តកំពងស្ពឺ ។

ប្រភពបន្តថា មូលហេតនៃករណីខាងលើ លោកវរសេនីយ៍ទោ ជុន ចន្ទដេត អធិការនគរបាលស្រុកភ្នំស្រួចបានបញ្ជាក់ថា ករណីបុរសសង្ស័យឈ្មោះ សេង សុខ អាយុ៣៤ឆ្នាំ រស់នៅភូមិក្រាំងពោធិ៍ ឃុំអូរ ស្រុកភ្នំស្រួច បានធ្វើសកម្មភាពលួចដែកមូលដែលមានប្រវែង៦ម៉ែត្រចំនួន២ដើម នៅក្នុងចម្ការមួយកន្លែងក្នុងឃុំអូរស្រុកភ្នំស្រួច ក្រោយលួចបានហើយក៏ដើរឆ្លងកាត់ឡើងទៅលើផ្លូវល្បឿនលឿន (ទិសដៅពីលិចទៅកើត) បានទុកដែកដាក់ទទឹងកណ្ដាលទ្រូងផ្លូវ ។

ប្រភពបន្តថា ស្របពេលមានរថយន្ដបើកមកដល់ បានគេចនឹងប៉ះបណ្ដាលឱ្យមានការព្រួយបារម្ភថា ជាសកម្មភាពស្ទាក់ប្លន់រថយន្ដ នៅយប់ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ រថយន្ដម៉ាក toyota prius ពណ៌ស ស្លាកលេខសៀមរាប 2D-2010 រងការខូចខាតផ្នែកខាងមុខ តែមិនបណ្ដាលឱ្យរងរបួសមនុស្សនោះទេ ។ នេះបើយោងតាមពាក្យបណ្ដឹងពីឈ្មោះ ឆេង រដ្ឋា ភេទប្រុស អាយុ៣៩
ឆ្នាំ។

បច្ចុប្បន្ន សមត្ថកិច្ចនគរបាលបានធ្វើការឃាត់ខ្លួនជនសង្ស័យ រួមជាមួយវត្ថុតាងដែកចំនួន២ដើម បញ្ជូនមកអធិការដ្ឋាន
នគរបាលស្រុកភ្នំស្រួច ធ្វើការកសាងសំណុំរឿងចំណាត់ការតាមនីតិវិធី៕


ចែករំលែកព័តមាននេះ