ចៅអធិការប្រកាសថា «អត្តខាត់» ប្រធានមន្ទីរធម្មការថា «មិនពិត»
- កំពត
ខេត្តកំពត ៖ តាមការបង្ហោះហ្វេសប៊ុករបស់ព្រះចៅអធិការវត្តមុនីសុខារាម ដែលជាមន្ត្រីសង្ឃខេត្ត និងជាព្រះអនុគណស្រុកទឹកឈូខាងធម្មយុត្ត បានអំពាវនាវដល់ញាតិញោមពុទ្ធបរិស័ទនៅទីជិតឆ្ងាយ ដែលមានជំនឿ់លើព្រះពុទ្ធសាសនា សូមអញ្ជើញមកចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌដែលជាប្រពៃណីខ្មែរយើងក្នុងរដូវភ្ជុំបិណ្ឌ ។

ព្រះអង្គមានថេរដីកាថា ពិធីកាន់បិណ្ឌ៣វេនហើយ ពុំមានពុទ្ធបរិស័ទចូលរួមដូចវត្តដទៃទៀត នៅក្នុងស្រុកទឹកឈូនេះទេ ។ វត្តមុនីសុខារាម ស្ថិតនៅក្នុងភូមិកំពង់ចិន ឃុំស្ទឹងកែវ ស្រុកទឹកឈូ មានព្រះសង្ឃគង់ចាំព្រះវស្សាចំនួន៥០អង្គ តែពុំសូវមានពុទ្ធបរិស័ទអញ្ជើញមកទេ គឺជាវត្តអត្តខាត់ខ្លាំងណាស់ នៅពេលដែលទីអារាមនានាមានចង្ហាន់ជោរជន់ ផ្ទុយទៅវិញបែរជាវត្តអាត្មាគ្មានចង្ហាន់សម្រាប់ព្រះសង្ឃទេ ។
ទាក់ទិននឹងការបង្ហោះតាមបណ្តាញសង្គមបែបនេះ ភ្នាក់ងារកោះសន្តិភាពបានភ្ជាប់ទូរស័ព្ទទៅលោក នាក់ យឹតថូ ប្រធានមន្ទីរធម្មការ និងសាសនាខេត្ត ដើម្បីបំភ្លឺជុំវិញការបង្ហោះហ្វេសប៊ុកដែលថា វត្តខាងលើពុំមានពុទ្ធបរិស័ទទៅកាន់បិណ្ឌ ។ លោកប្រធានមន្ទីរបានឲ្យដឹងថា ការបង្ហោះហ្វេសប៊ុកខាងលើ គឺមិនពិតទេ លោកបានឲ្យលុបចេញ ប៉ុន្តែលោកមិនលុបទេ ។

លោកបានបញ្ជាក់ប្រាប់ភ្នាក់ងារយើង នៅវេលាម៉ោង១០ និង១៥នាទីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ថា វត្តនៅក្នុងឃុំស្ទឹងកែវទាំងអស់ ទាំងមហានិកាយ ទាំងធម្មយុត្ត គឺមានតែវត្តមុន្នីសុខារាមនេះទេ ដែលអធិកអធមជាងគេ ។
កន្លងមក ក៏ដូចសព្វថ្ងៃនេះដែរ វត្តមុន្នីសុខារាម មានពុទ្ធបរិស័ទជ្រះថ្លា មិនមែនតែក្នុងស្រុកទឹកឈូប៉ុណ្ណោះទេ គឺមានរហូតមកពីភ្នំពេញយ៉ាងច្រើនកុះករទៀតផង ។ លោកប្រធានមន្ទីរបន្តថា ជារៀងរាល់ឆ្នាំ ឲ្យតែដល់ខែដាក់បិណ្ឌ លោកតែងតែបង្ហោះហ្វេសប៊ុកនិយាយពីវត្តមានការអត្តខាត់រហូត ហើយរូបលោកក៏ធ្លាប់បានណែនាំឲ្យឈប់បង្ហោះអុឹចឹងទៅ តែលោកនៅតែមិនស្តាប់ ។ លោកប្រធានមន្ទីរបន្តទៀតថា មានវត្តមហានិកាយមួយនៅក្នុងឃុំស្ទឹងកែវនេះ ជាវត្តចាស់បុរាណយូរយារមកហើយ ប៉ុន្តែចាស់តែវត្តទេ រីឯការរីកចម្រើនចាញ់វត្តមុនីសុខារាមនេះ ដែលទើបកសាងបានជាង៤ឆ្នាំជាងប៉ុណ្ណោះ ។
កុដិ សាលាឆាន់ កសាងបានរួចរាល់អស់ហើយ នៅតែព្រះវិហារកំពុងកសាង ក៏ជិតហើយផងដែរ ។ រីឯព្រះសង្ឃគង់ចាំព្រះវស្សាឆ្នាំនេះមានចំនួនជាង៤០អង្គប៉ុណ្ណោះ ៕



ចែករំលែកព័តមាននេះ