ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋបាលខេត្តកំពង់ស្ពឺណែនាំម្ចាស់អាជីវកម្ម និងមណ្ឌលកម្សាន្ត​ទាំងអស់ កុំឱ្យបង្កសំឡេងរំខានប៉ះពាល់ដល់ការ​រស់នៅរបស់ប្រជាពលរដ្ឋ

2 ម៉ោង មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​ ៖ រដ្ឋបាល​ខេត្តកំពង់ស្ពឺ ចេញ​សេចក្តីណែនាំដល់​ម្ចាស់​អាជីវកម្ម និងមណ្ឌល​កំសាន្ត​នានា កាត់​បន្ថយ​ការ​រំខាន​ដោយសារ​សំឡេង​នាំ​ឱ្យ​ប៉ះពាល់ដល់​សុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​ក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ស្ពឺ​ ។ នេះ​បើ​យោង​តាម​ការ​ចេញ​សេចក្តី​ប្រកាស​របស់​រដ្ឋបាល​ខេត្តកំពង់ស្ពឺ ចុះ​ថ្ងៃ​ទី​៣០ ខែកញ្ញា ឆ្នាំ​២០២៦​ ។

រដ្ឋបាល​ខេត្តកំពង់ស្ពឺ សូម​ជម្រាប​ជូន​ម្ចាស់​អាជីវកម្ម​ភោជនីយដ្ឋាន អាហារ​ដ្ឋា​ន រង្គសាល ខារ៉ាអូខេ និងមណ្ឌល​កំសាន្ត​ទាំងអស់​ជ្រាប​ថា ដើម្បី​ពង្រឹង​ការ​គ្រប់គ្រង កាត់​បន្ថយ​ការ​រំខាន​ដោយសារ​សំឡេង​នាំ​ឱ្យ​ប៉ះពាល់ដល់​សុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ រដ្ឋបាល​ខេត្តសូម​ធ្វើការណែនាំ​ដល់​ម្ចាស់​អាជីវកម្ម​ភោជ នីយដ្ឋាន អាហារ​ដ្ឋា​ន រង្គសាល ខារ៉ាអូខេ និង​មណ្ឌល​កម្សាន្ត​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​អនុវត្ត​តាម​គោលការណ៍​ណែនាំ​ឱ្យ​បាន​ម៉ឺងម៉ាត់​ដូច​ខាងក្រោម​៖

១-ត្រូវ​គ្រប់គ្រង​ការ​ប្រើប្រាស់​ឧបករណ៍​បំពង​សំឡេង​ឱ្យ​បាន​សម​ស្រប មិន​បង្ក​សំឡេង​រំខាន ឬ​មាន​ផល ប៉ះពាល់​ដល់​ការ​រស់នៅ និង​ការ​សម្រាក​របស់​ប្រជាពលរដ្ឋ ដែល​រស់នៅ​ជិតខាង​។

២-ត្រូវ​រៀបចំ និង​គ្រប់គ្រង​ចំណត​ទោចក្រយានយន្ត និង​យានយន្ត​គ្រប់​ប្រភេទ​ឱ្យ​មាន
​សណ្តាប់ធ្នាប់ មិនត្រូវ​បង្ក​ការ​កកស្ទះ រាំងស្ទះ​ចរាចរណ៍ ឬ​រាំងស្ទះ​ច្រកចេញ​-​ចូល របស់​ប្រជាពលរដ្ឋ​។

៣-​ត្រូវ​យកចិត្តទុកដាក់​រក្សា​សន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់ ទាំង​ក្នុង និង​ជុំវិញ​
ទីតាំង​អាជីវកម្ម ព្រមទាំង​ទទួលខុសត្រូវ​ចំពោះ​សកម្មភាព​របស់​បុគ្គលិក និង​អតិថិជន​ដែល​អាច​បង្ក​ផល​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សាធារណៈ​ ។

៤-ត្រូវ​ប្រកប​អាជីវកម្ម​ដោយ​គោរព​សិទ្ធិ និង​ផលប្រយោជន៍​ស្របច្បាប់របស់​ប្រជាពលរដ្ឋ​នៅ​ជិតខាង មិន​ត្រូវ​បង្ក​ការ​រំខាន ឬ​ផល​ប៉ះពាល់​ដល់​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​ដោយ​ប្រការ​​ណាមួយ​។

៥-ករណី​មានការ​តវ៉ា ឬ​ការ​ជូនដំណឹង​ពី​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​មូលដ្ឋាន ពាក់ព័ន្ធ​នឹង​សំឡេង​រំខាន ចំណត​យានយន្ត បញ្ហា​សុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ ត្រូវ​មាន​វិធានការ​ដោះស្រាយជា​បន្ទាន់ និង​មាន​ប្រសិទ្ធភាព ព្រមទាំង​រាយការណ៍​មក​អាជ្ញា​ធរមាន​សមត្ថកិច្ច​ ។​

៦-ត្រូវ​គោរព និង​អនុវត្ត​តាម​ច្បាប់ លិខិត​បទដ្ឋាន​គតិ​យុ​ត្ត និង​បទ​ប្បញ្ញតិ​ពាក់ព័ន្ធ​នានា​។ ក្នុង​ករណី អាជីវកម្ម​ណា​មិន​អនុវត្ត​តាម​ការ​ណែនាំ ប្រព្រឹត្ត​ល្មើស ឬ​បង្ក​ផល​ប៉ះពាល់​ដល់​សុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ រដ្ឋបាល​ខេត្ត និង​អាជ្ញា​ធរមាន​សមត្ថកិច្ច នឹង​ចាត់វិធានការ​ច្បាប់​តាម​នីតិវិធី​ជា​ធរមាន​ ។

អាស្រ័យ​ហេតុនេះ សូម​ម្ចាស់​អាជីវកម្ម​ភោជនីយដ្ឋាន អាហារ​ដ្ឋា​ន រង្គសាល ខារ៉ាអូខេ និង​មណ្ឌល​កំសាន្ត​, ទាំងអស់​ជ្រាប និង​ចូលរួម​អនុវត្ត​សេចក្តីណែនាំ​នេះ​ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ ចាប់ពី​ថ្ងៃ​ចុះហត្ថលេខា​នេះ​តទៅ​៕