ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បងប្អូន​កម្មករនិយោជិត​ទទួល​បានការ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ក្នុង​វិស័យ​កាត់ដេរ កើនឡើង​ដល់​ចំនួន ២១២​ដុល្លារ​ក្នុង​មួយ​ខែ សម្រាប់​ឆ្នាំ​២០២៧

7 ម៉ោង មុន

រាជធានី​ភ្នំពេញ​ ៖ ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា​អាណត្តិ​ទី​៤ ឆ្នាំ​ទី​២ បាន​បើក​កិច្ចប្រជុំ​លើក​ចុង​ក្រោយ​របស់​ខ្លួន នា​ព្រឹក​ថ្ងៃ​ទី​៣០ ខែកញ្ញា ឆ្នាំ​២០២៦​នេះ នៅ​ទីស្តីការក្រសួង​ការងារ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដើម្បី​ពិនិត្យ​ពិភាក្សា​លើ​លទ្ធភាព​សម្រេចការ​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា សម្រាប់​កម្មករនិយោជិត​ផ្នែក​វាយ​ន​ភណ្ឌ កាត់ដេរ ផលិត​ស្បែកជើង និង​ផលិត​ផលិតផល​ធ្វើ​ដំណើរ​និង​កាបូប សម្រាប់​ឆ្នាំ​២០២៧​ ។

បន្ទាប់​ពី​កិច្ចប្រជុំ​ចំនួន ១៧​លើក ភាគី​និយោជក និង​ភាគី​កម្មករនិយោជិត​នៅ​តែ​មាន​គោល​ជំហរ​ផ្សេង​ៗ​គ្នា ដោយ​ភាគី​កម្មករនិយោជិត បាន​ស្នើ​តួលេខ​កំណើន​ចំនួន ១៥​ដុល្លារ​អាម៉េរិក ដែល​ស្មើនឹង ២២៥​ដុល្លារ​អាម៉េរិក ហើយ​ភាគី​និយោជក បាន​ស្នើ​រក្សា​តួលេខ​ប្រាក់​ឈ្នួល​អប្បបរមា ២១០​ដុល្លារ​អាម៉េរិក ជា​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​ឆ្នាំ​២០២៧​។ ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា​បាន​អនុវត្ត​នូវ​នីតិវិធី​បោះ​ឆ្នោត​ជា​សម្ងាត់ ដើម្បី​គាំទ្រ​តួលេខ​នីមួយ​ៗ​។ ឈរ​លើ​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​នេះ ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា បាន​សម្រេច​យក​តួលេខ ២១០​ដុល្លារ​អាម៉េរិក ក្នុង​មួយ​ខែ​ជា​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​ឆ្នាំ​២០២៧​ ។

ឈរ​លើ​លទ្ធផល ​នៃ​ការ​បោះ​ឆ្នោត និង​យោង​តាម​ច្បាប់​ស្តី​ពី​ប្រាក់​ឈ្នួល​អប្បបរមា សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​សម្រេច​ឱ្យ​ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា​បន្ថែមចំនួន ២​ដុល្លារ​អាម៉េរិក​លើ​តួលេខ​ដើម​របស់​ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា​។ ដូច្នេះ ក្នុង​ឆ្នាំ​២០២៧ បងប្អូន​កម្មករនិយោជិត​ក្នុង​វិស័យ​កាត់ដេរ ផលិត​ស្បែកជើង និង​ផលិត​ផលិតផល​ធ្វើ​ដំណើរ​និង​កាបូប នឹង​ទទួល​បាន​កំណើន​ប្រាក់​ឈ្នួល​គោល​ចំនួន ៤,៥​ដុល្លារ​អាម៉េរិក ក្នុង​មួយ​ខែ ដែល​ក្នុង​នោះ​រួម​មាន​កំណើន​ប្រាក់​ឈ្នួល​អប្បបរមា​ចំនួន ២​ដុល្លារ​អាម៉េរិក​, ប្រាក់​ឧបត្ថម្ភ​បណ្តោះអាសន្ន​លើ​សោហ៊ុយ​ធ្វើ​ដំណើរ និង​ថ្លៃ​ស្នាក់​នៅ​ចំនួន ២,៥​ដុល្លារ​អាម៉េរិក ​។

បើ​បូក​ទាំង​អត្ថប្រយោជន៍​ផ្សេង​ទៀត ប្រាក់​ឈ្នួល​គោល ដែល​បងប្អូន​កម្មករនិយោជិត ក្នុង​វិស័យ​កាត់ដេរ ផលិត​ស្បែកជើង និង​ផលិត​ផលិតផល​ធ្វើ​ដំណើរ​និង​កាបូប ទទួល​បាន​ពិតប្រាកដ សម្រាប់​ឆ្នាំ​២០២៧ គឺ​ស្ថិត​ក្នុង​ចន្លោះ​ពី​ចំនួន ២៣១,៥​ដុល្លារ​អាម៉េរិក ដល់ ២៤២,៥​ដុល្លារ​អាម៉េរិក ក្នុង​មួយ​ខែ​។ បើ​ទោះបីជា​ស្ថានភាព​សេដ្ឋកិច្ច​មាន​ភាព​មិន​ប្រាកដប្រជា ហើយ​ប្រទេស​ជា​ច្រើន​នៅ​ក្នុង​តំបន់​មិន​មានការ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​យ៉ាងណា​ក៏​ដោយ ក៏​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ជូន​បងប្អូន​កម្មករនិយោជិត ទោះ​តិច​ក្តី​ច្រើន​ក្តី សំដៅ​ជួយ​សម្រួល​បន្ទុក​ចំណាយ​របស់​បងប្អូន​កម្មករនិយោជិត​ ៕