រាជធានីភ្នំពេញ ៖ នារសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ឯកឧត្តម ឡា វិបុល អនុរដ្ឋលេខាធិការ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបគណៈប្រតិភូសមាគមសម្ព័ន្ធពាណិជ្ជកម្មកម្ពុជា-រុស្ស៊ី ដឹកនាំដោយលោក តាំង សាំងហេង ប្រធានសមាគម និងលោក Sergey Kuryshev បុគ្គលិកជាន់ខ្ពស់នៃ GAZ Group ប្រចាំតំបន់អាស៊ី ដើម្បីសម្តែងការគួរសម និងឈ្វេងយល់អំពីដំណោះស្រាយយានយន្តថ្មីៗ និងលទ្ធភាពប្រើប្រាស់សម្រាប់ដឹកជញ្ជូនកម្មករនិយោជិតនៅកម្ពុជា ។
ក្នុងជំនួបនេះ GAZ បានបង្ហាញយានយន្តជាច្រើនប្រភេទ ព្រមទាំងចែករំលែកបទពិសោធក្នុងការផលិត ចែកចាយ និងគាំទ្រផ្នែកបច្ចេកទេសនៅវៀតណាម និងតំបន់អាស៊ាន។ ការពិភាក្សាបានផ្តោតលើរថយន្តក្រុងក្នុងទីក្រុងទំហំ ២៦កៅអី ដែលមានសក្តានុពលសម្រាប់ដឹកជញ្ជូនកម្មករនិយោជិត ខណៈភាគីកម្ពុជាបានចាប់អារម្មណ៍លើលក្ខណៈបច្ចេកទេស សុវត្ថិភាព ផាសុកភាព សមត្ថភាពដឹកអ្នកដំណើរ ភាពងាយស្រួលក្នុងការឡើងចុះ និងតម្រូវការថែទាំ ។
ភាគីទាំងពីរបានពិភាក្សាបន្ថែមអំពីសេវាកម្មក្រោយការលក់ គ្រឿងបន្លាស់ ការគាំទ្រផ្នែកបច្ចេកទេស និងសមត្ថភាពថែទាំទូទាំងប្រទេសកម្ពុជា ដើម្បីឱ្យការប្រើប្រាស់យានយន្តស្របតាមលក្ខខណ្ឌបច្ចេកទេស និងសុវត្ថិភាពនៅកម្ពុជា។ ជាមួយគ្នានេះ GAZ បានបង្ហាញការពេញចិត្តចំពោះកិច្ចសហការជាមួយក្រសួង ក្នុងការពង្រឹងគ្រូបច្ចេកទេស និងជ្រើសរើសជាងបច្ចេកទេសសម្រាប់ថែទាំរថយន្តតាមតម្រូវការនៅទូទាំង ២៥ រាជធានី-ខេត្ត ។
ទន្ទឹមនឹងនេះ តំណាង GAZ ក៏បានរំលេចពីសក្តានុពលក្នុងការវិនិយោគរោងចក្រផលិតគ្រឿងបន្លាស់បន្ថែមទៀតនៅកម្ពុជា។ ឯកឧត្តមអនុរដ្ឋលេខាធិការ បានស្វាគមន៍ចំពោះការចែករំលែកបទពិសោធ និងដំណោះស្រាយរបស់ GAZ ព្រមទាំងបង្ហាញចំណាប់អារម្មណ៍ចំពោះលទ្ធភាពប្រើប្រាស់យានយន្តសមស្របសម្រាប់ដឹកជញ្ជូនកម្មករនិយោជិត ។
ជាលទ្ធផល ភាគីទាំងពីរបានបង្ហាញឆន្ទៈបន្តពិភាក្សាលើទិដ្ឋភាពបច្ចេកទេស និងពាណិជ្ជកម្ម ដើម្បីស្វែងរកឱកាសបង្កើតកិច្ចសហការជាក់ស្តែងនាពេលខាងមុខ។ ក្នុងឱកាសនោះផងដែរ ឯកឧត្តមអនុរដ្ឋលេខាធិការ និងគណៈប្រតិភូ បានចុះពិនិត្យរថយន្តក្រុងទំហំ ២៦កៅអី ដោយផ្ទាល់ ៕










ចែករំលែកព័តមាននេះ