ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ជប៉ុនស្វែងរកដៃគូកម្ពុជា ដើម្បីប្រែក្លាយបច្ចេកវិទ្យាទំនើបទៅជាឱកាសធុរកិច្ច និងដំណោះស្រាយសង្គម

2 ម៉ោង មុន

រាជធានីភ្នំពេញ៖ ​ប្រទេសជប៉ុនកំពុងស្វែងរកដៃគូសហការពីក្រុមហ៊ុនកម្ពុជា និងស្ថាប័នពាក់ព័ន្ធ ដើម្បីប្រែក្លាយបច្ចេកវិទ្យា និងដំណោះស្រាយទំនើបរបស់ជប៉ុនទៅជាឱកាសធុរកិច្ចជាក់ស្តែង និងដំណោះស្រាយសម្រាប់បញ្ហាប្រឈមសង្គមនៅកម្ពុជា។ ការណ៍នេះត្រូវបានលើកឡើងក្នុងពិធីជប់លៀងស្វាគមន៍គណៈប្រតិភូធុរកិច្ចអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) និងទីភ្នាក់ងាររុករកអវកាសជប៉ុន (JAXA) កាលពីពេលថ្មីៗនេះ ដោយមានការចូលរួមពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ស្ថាប័នពាក់ព័ន្ធ និងតំណាងវិស័យធុរកិច្ចនៃប្រទេសទាំងពីរ។

ក្នុងឱកាសនោះ ភាគីជប៉ុនបានលើកឡើងពីកិច្ចពិភាក្សាដែលបានផ្តោតលើកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព រួមមាន បច្ចេកវិទ្យាផ្កាយរណប បញ្ញាសិប្បនិម្មិត (AI) បច្ចេកវិទ្យាកាត់បន្ថយការបញ្ចេញកាបូន និងគំនិតផ្តួចផ្តើម JCM ដូចជា AWD ព្រមទាំងជំនួបផ្គូផ្គងធុរកិច្ចរវាងក្រុមហ៊ុនជប៉ុន និងកម្ពុជា។

ភាគីជប៉ុនបានបញ្ជាក់ថា បច្ចេកវិទ្យា និងដំណោះស្រាយទំនើបរបស់ជប៉ុន អាចចូលរួមដោះស្រាយបញ្ហាប្រឈមសង្គមនៅកម្ពុជា និងគាំទ្រគោលដៅអព្យាក្រឹតភាពកាបូននៅឆ្នាំ២០៥០។ ដើម្បីសម្រេចបានលទ្ធផលជាក់ស្តែង ការមានបច្ចេកវិទ្យាតែមួយមុខមិនគ្រប់គ្រាន់ទេ ប៉ុន្តែត្រូវការដៃគូដែលអាចទុកចិត្តបាន។

តាមរយៈបេសកកម្មនេះ ក្រុមហ៊ុនជប៉ុនកំពុងស្វែងរកដៃគូ «សហបង្កើត» ជាមួយក្រុមហ៊ុនកម្ពុជា និងស្ថាប័នពាក់ព័ន្ធ ដើម្បីកសាងទំនាក់ទំនងដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក និងបង្កើតភាពជាដៃគូ ព្រមទាំងឱកាសធុរកិច្ចថ្មីៗ។

ភាគីជប៉ុនក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការយល់ដឹង និងការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា និងស្ថាប័នពាក់ព័ន្ធ ដើម្បីធានាជោគជ័យនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងបន្តពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជប៉ុន-កម្ពុជា៕