ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងបរិស្ថាន ទប់ស្កាត់​ការ​បញ្ចេញ​សំណល់​រាវ​កខ្វក់​ជិត​២០​លាន​ម៉ែត្រគូប ក្នុង​រយៈពេល​៩​ខែ​ដើមឆ្នាំ​២០២៦

5 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ក្រសួងបរិស្ថាន បាន​បន្ត​ទប់ស្កាត់​ការ​បញ្ចេញ​សំណល់​រាវ​កខ្វក់​ចេញពី​រោងចក្រ សហគ្រាស និង​ក្រុមហ៊ុន​នានា ក្នុង​រយៈពេល​៩​ខែ គិត​ចាប់ពី​ខែមករា ដល់​ខែកញ្ញា ឆ្នាំ​២០២៦ សរុប​ចំនួន ១៩,៦៨៥,០៨៥ ម៉ែត្រគូប ។ ដោយឡែក​គ្រាន់តែ​ក្នុង​ខែកញ្ញា ឆ្នាំ​២០២៦ ក្រសួងបរិស្ថាន​អនុវត្ត​យ៉ាង​សកម្ម ទប់ស្កាត់​ទឹក​កខ្វក់​បាន​ចំនួន​ជាង ២,២២ លាន​ម៉ែត្រគូប ។
 
ក្រសួងបរិស្ថាន សម្រេច​បាន​លទ្ធផល​នៅ​ក្នុង​យុទ្ធនាការ​«​ផ្ទៃ​ទឹក​ស្អាត​»​នេះ ដោយ​បាន និង​កំពុង​ជំរុញ​យ៉ាង​សកម្ម នូវ​វិធានការ​ច្បាប់ ដល់​ម្ចាស់​ក្រុមហ៊ុន រោងចក្រ និង​សហគ្រាស​នានា​នៅ​កម្ពុជា ធ្វើការ​ដំឡើង​ឧបករណ៍​ស្វ័​យ​ត្រួតពិនិត្យ និង​ប្រព័ន្ធ​គ្រប់គ្រង​ទិន្នន័យ​ការ​បញ្ចេញ​សំណល់​រាវ (Automatic Wastewater Quality Monitoring) ដើម្បី​តាមដាន​គុណភាព​ទឹក​កខ្វក់​ពី​ចម្ងាយ​ក្នុង​ពេល​ជាក់ស្តែង (Real-time) បាន​ចំនួន ៧២ ក្រុមហ៊ុន និង​រោងចក្រ រួច​មក​ហើយ គិត​ត្រឹម​ខែកញ្ញា ឆ្នាំ​២០៦​។ ចំនួន​នេះ​មានការ​កើន​ឡើងជា​លំដាប់ បើ​ប្រៀបធៀប​ទៅ​នឹង​ចុងឆ្នាំ​២០២៥ ដែល​មាន​ត្រឹមតែ ៥៦ កន្លែង ។
 
អ្នកនាំពាក្យ​ក្រ​សួ​អ​បរិស្ថាន លោក ខ្វៃ អាទិ​ត្យា បានឱ្យ​ដឹង​ថា យោង​តាម​របាយការណ៍​ខាងលើ ទឹក​កខ្វក់​ប្រមាណ​៧០​ម៉ឺន​ម៉ែត្រគូប ត្រូវ​បាន​ទប់ស្កាត់​ជា​រៀងរាល់ថ្ងៃ មិន​ឱ្យ​ហូរ​ចូល​ទៅ​បំពុល​តំបន់​ទឹកធម្មជាតិ ប៉ះពាល់​បរិស្ថាន និង​សុខភាព​សាធារណៈ​។ អ្នកនាំពាក្យ​ក្រ​សួ​អ​បរិស្ថាន បាន​ថ្លែងអំណរគុណ​ដល់​ម្ចាស់​រោងចក្រ សហគ្រាស ដែល​បាន​ចូលរួម​អនុវត្ត​ច្បាប់ និង​ការ​លើកកម្ពស់​ភាព​ស្អាត​នៅ​កម្ពុជា ។

លោក​បាន​បន្ត​ថា ក្រសួងបរិស្ថាន នឹង​បន្ត​ទប់ស្កាត់​ការ​បញ្ចេញ​សំណល់​រាវ បំពុល​ទឹកធម្មជាតិ​បន្ថែម​ទៀត ដោយ​បន្ត​ជំរុញ​លើកទឹកចិត្ត​ដល់​រោងចក្រ សហគ្រាស​នានា ដែល​មាន​សក្តានុពល​ប្រភព​បំពុល បន្ត​បំពាក់​ឧបករណ៍​ស្វ័​យ​ត្រួតពិនិត្យ ដើ​ម្ប​ប្រសិទ្ធភាព​ការងារ​ទប់ស្កាត់​ការ​បំពុលបរិស្ថាន និង​ជួយ​ឱ្យ​រោងចក្រ និង​ក្រុមហ៊ុន​ខ្លួនឯង​អាច​គ្រប់គ្រង​សំណល់​រាវ​បាន​ត្រឹមត្រូវ​តាម​ស្តង់ដារ​បរិស្ថាន និង​ស្រប​តាម​ក្រប​បរិស្ថាន និង​ធនធានធម្មជាតិ និង​ដើម្បី​ធានា​ថា ការ​បញ្ចេញ​សំណល់​រាវ មិន​ប៉ះពាល់​បរិស្ថាន និង​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ ៕