ទីក្រុងសេអ៊ូល៖ កូរ៉េខាងត្បូងហាក់ដូចជាមិនអស់ចិត្តទាល់តែសោះជុំវិញករណីដែលប្រមុខដឹកនាំអ៊ុយក្រែន លោកហ្សេឡិនស្គី ប្រកាសនៅចំពោះមុខមហាសន្និបាតអង្គការសហប្រជាជាតិពាក់ព័ន្ធនឹងការបញ្ជូនឈ្លើយសឹកកូរ៉េខាងជើងដែលចាប់បានប្រគល់ទៅឱ្យកូរ៉េខាងត្បូង។ ទីភ្នាក់ងារសម្ងាត់កូរ៉េខាងត្បូងជឿជាក់ថាលោកហ្សេឡិនស្គីទំនងជាទម្លាយអាថ៌កំបាំងស្ដីពីការចាប់បញ្ជូនឈ្លើយសឹក២នាក់នោះទៅទីក្រុងសេអ៊ូលដើម្បីទាក់ទាញការគាំទ្រពីមហាជននៅកូរ៉េខាងត្បូង ដ្បិតកូរ៉េខាងត្បូងជាអ្នកបញ្ជូនអាវុធយុទ្ធភ័ណ្ឌទៅអ៊ុយក្រែន។ ខាងលើនេះជាការអះអាងរបស់អ្នកតំណាងរាស្ត្រកូរ៉េខាងត្បូងម្នាក់។

លោកហ្សេឡិនស្គីអះអាងថាឈ្លើយសឹកទាំង២នាក់នោះមិនមែនឱ្យអ៊ុយក្រែនចាប់បានទាំងរស់ដោយងាយស្រួលនោះឡើយ។ លោកថានៅពេលដឹងថារៀបនឹងត្រូវគេចាប់ខ្លួន ពួកគេប្រុងធ្វើអត្តឃាត។ បន្ទាប់ពីធ្វើអត្តឃាតមិនបានសម្រេច ពួកគេមានអារម្មណ៍ភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ថ្លែងនៅអង្គការសហប្រជាជាតិត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ ប្រធានាធិបតីកូរ៉េខាងត្បូង លោកលីជេម្យុង សម្ដែងការមិនយល់ស្រប។ លោកថាភាគីទាំង២មុនដំបូងបានព្រមព្រៀងគ្នាថាដឹងរឿងនេះតែ២នាក់ទេ ហើយមិនបញ្ចេញឱ្យដឹងជាសាធារណៈឡើយ។ លោកថាការរក្សាការណ៍សម្ងាត់ជារឿងសំខាន់ដើម្បីការពារសាច់ញាតិរបស់ឈ្លើយសឹកដែលកំពុងរស់នៅកូរ៉េខាងជើង។ ស្រួលមិនស្រួល អាជ្ញាធរធ្វើទុក្ខបុកម្នេញពួកគេ។

កាលពីថ្ងៃចន្ទសប្ដាហ៍នេះ កូរ៉េខាងត្បូងកោះហៅបេសកជនរបស់អ៊ុយក្រែនប្រចាំទីក្រុងសេអ៊ូលទៅសួរនាំ និងបង្ហាញការកើតទុក្ខមិនសុខចិត្តចំពោះរឿងនេះទេព្រោះជាកង្វល់ដ៏ធំ។ អ្នកតំណាងរាស្ត្រកូរ៉េខាងត្បូង លោកយូយឹងហាថ្លែងថាភ្នាក់ងារសម្ងាត់កូរ៉េខាងត្បូងជឿជាក់ថាលោកហ្សេឡិនស្គីសម្រេចចិត្តបញ្ចេញរឿងនេះជាសាធារណៈដោយលោកសង្ឃឹមថាមហាជននៅកូរ៉េខាងត្បូងរឹតតែគាំទ្រឱ្យរដ្ឋាភិបាលទីក្រុងសេអ៊ូលបញ្ជូនអាវុធទៅជួយអ៊ុយក្រែន ព្រមទាំងជំនួយដទៃទៀត។

អ្នកតំណាងរាស្ត្រម្នាក់ទៀតឈ្មោះយុនឃុនយ៉ាំងថ្លែងថាឈ្លើយសឹកទាំង២នាក់ទៅដល់កូរ៉េខាងត្បូងកាលពីពាក់កណ្ដាលខែកញ្ញា។ ពួកគេគ្រាន់តែមានបញ្ហាសុខភាពបន្តិចបន្តួចតែប៉ុណ្ណោះ ប៉ុន្តែបើនិយាយជារួមស្ថានភាពរបស់ពួកគេគឺល្អ។ ពួកគេយល់ព្រមរួមរស់នៅលើទឹកដីកូរ៉េខាងត្បូង។ អ្នកតំណាងរាស្ត្រយូអះអាងថាមែនទែនទៅ គ្មានកិច្ចព្រមព្រៀងជាផ្លូវការរវាងថ្នាក់ដឹកនាំកូរ៉េខាងត្បូង និងអ៊ុយក្រែនក្នុងការរក្សាការណ៍សម្ងាត់ពាក់ព័ន្ធនឹងការបញ្ជូនឈ្លើយសឹកទាំង២នាក់នោះទេ។ ប៉ុន្តែមន្ត្រីការទូតឯកភាពគ្នាថានឹងរក្សាទុករឿងនេះមិនឱ្យខ្ចរខ្ចាយទៅខាងក្រៅ។ ប៉ុន្តែនៅទីបំផុត ខ្ចរខ្ចាយទាល់តែបាន៕ ប្រភព៖ Euro News

ចែករំលែកព័តមាននេះ