ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​កម្មករនិយោជិត ក្នុង​វិស័យ​វាយ​ន​ភណ្ឌ កាត់ដេរ ផលិត​ស្បែកជើង និង​កាបូប ឆ្នាំ​២០២៧ កំណត់​ជា​ផ្លូវការ ២១២​ដុល្លារ ក្នុង​មួយ​ខែ ដោយ​មិន​ទាន់​បូក​អត្ថប្រយោជន៍​ផ្សេង​ៗ​ទៀត

2 អាទិត្យ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ នៅ​ថ្ងៃ​ទី​៣០ ខែកញ្ញា ឆ្នាំ​២០២៦ ការ​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា សម្រាប់​កម្មករនិយោជិត ក្នុង​វិស័យ​វាយ​ន​ភណ្ឌ កាត់ដេរ ផលិត​ស្បែកជើង និង​ផលិតផល​ធ្វើ​ដំណើរ​និង​កាបូប សម្រាប់​ឆ្នាំ​២០២៧ ត្រូវ​បាន​កំណត់​ជា​ផ្លូវការ ២១២​ដុល្លារ​អាម៉េរិក ជា​ប្រាក់​ឈ្នួល​គោល បន្ទាប់​ពី​ទទួល​បានការ​សម្រេច​ឱ្យ​បន្ថែម ២​ដុល្លារ ពី​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​។

តាម​រយៈ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានឱ្យ​ដឹង​ថា​៖ «២១២​ដុល្លារ​អាម៉េរិក ជា​ប្រាក់​ឈ្នួល​គោល ប៉ុន្តែ​បើ​បូក​រួម​នឹង​អត្ថប្រយោជន៍​ផ្សេង​ៗ​ទៀត ប្រាក់​ដែល​ទទួល​បាន​ពិតប្រាកដ គឺ​ស្ថិត​ក្នុង​ចន្លោះ​ពី​ចំនួន ២៣១,៥ ដុល្លារ​អាម៉េរិក ដល់ ២៤២,៥​ដុល្លារ​អាម៉េរិក ក្នុង​មួយ​ខែ ​។ បើ​ទោះបីជា​ស្ថានភាព​សេដ្ឋកិច្ច មាន​ភាព​មិន​ប្រាកដប្រជា ហើយ​ប្រទេស​ជា​ច្រើន​នៅ ក្នុង​តំបន់​មិន​មានការ​ដំឡើង​ប្រាក់​ឈ្នួល អប្បបរមា​យ៉ាងណា​ក៏​ដោយ ក៏​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា ជូន​បងប្អូន​កម្មករនិយោជិត ទោះ​តិច​ក្តី​ច្រើន​ក្តី សំដៅ​ជួយ​សម្រួល​បន្ទុក ចំណាយ​របស់​បងប្អូន​កម្មករនិយោជិត​» ។

តំណាង​ភាគី​និយោជក ឧកញ៉ា ណា​ង សុធី បានឱ្យ​ដឹងផង​ដែរ​ថា ៖ «​ដោយសារ​ប្រជាជន​យើង​តម្លៃ​នៅ​ទាប ដូចនេះ​អាម៉េរិក ជប៉ុន និង​សហភាព​អឺ​ុ​រ៉ុ​ប តែងតែ​បង្កើត​ឱកាស ដូច​ជា EBA, GSP (Generalized System of Preferences ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ​) ដើម្បី​ជួយ​បង្កើត​ការងារ​ដល់​ប្រជាជន​យើង ហើយ​ការ​ផលិត​ទំនិញ​ទាំងនេះ​គឺ​ទាមទារ​ការ​ដឹកនាំ​ទៅ​ក្រៅប្រទេស ប្រ​សិន​ស្ថានភាព​ទីផ្សារ​ពិភពលោក បច្ចុប្បន្ន​មាន​ស្ថេ​រ​ភាព នោះ​វា​មិនសូវ​អី​ទេ តែ​គ្រប់​គ្នា​បាន​មើលឃើញ​ហើយ​ថា នៅ​តាម​ប្រទេស​មួយ​ចំនួន នោះ​ការ​បញ្ជា​ទិញ​នឹង​ធ្លាក់​ចុះ ​។ ដូចនេះ​បានជា​យើង​ត្រូវការ​កិច្ចប្រជុំ​គិត​គ្រប់​ជ្រុងជ្រោយ ដើម្បី​រក្សា​ការងារ​នេះ​ឱ្យ​បាន​ល្អ​។ ជា​រួម​រវាង​កម្មករនិយោជិត និង​និយោជក អត់​មាន​បញ្ហា​អ្វី​នោះ​ទេ លើកលែងតែ​ក្រុមការងារ​ការទូត​របស់​សហជីព​ខ្លះ (​ពីរ បី​នាក់​) ដែល​លោក​តែ​តែង​ទទួល​បានការ​គាំទ្រ​ពី​អ​ង្គ្ក​ការ​សហប្រជាជាតិ គាត់​ពុំ​បាន​លើកយក​បញ្ហា​ជាក់ស្តែង ដែល​យើង​កំពុង​តែ​ជួប​ប្រទះ​លើក​មក​ស្នើ​ទេ តែ​គាត់​លើ​យក​តួលេខ​មេ​របស់​ពួក​គាត់​ចង្អុលបង្ហាញ​មក យក​មក​ដាក់​ស្នើ​សុំ ​(​ស្នើ​សុំ​កំណើន​ប្រាក់​ឈ្នួល​) ដែល​ប្រាស់ចាក​នឹង​ការ​ពិត​»​ ។

ឧកញ៉ា ណា​ង សុធី បាន​បញ្ជាក់​ផង​ដែរ​ថា បងប្អូន​កម្មករនិយោជិត​យើង​បាន​សហការ ទៅ​លើ​ការ​ប្រជុំ​ប្រាក់​ឈ្នួល​អប្បបរមា ដោយ​ពួក​គាត់​មាន​ភាព​ចាស់ទុំ​ល្អ​ណាស់ រួម​ទាំង​បាន​គាំទ្រ​ស្មារតី​សាមគ្គីភាព និង​រាជរដ្ឋាភិបាល​កម្ពុជា​ផង ការ​ពិភាក្សា​ធ្វើ​ឡើង​ដោយ​រលូន មិន​មានការ​លំបាក​ដូច​ឆ្នាំ​មុន​ៗ​ទេ ​។

ជាមួយ​គ្នា​នេះ​ផង​ដែរ លោក គឹ​ម ចាន់​សំណាង ប្រធាន​សភា​សម្ព័ន្ធ​សហជីព​ជាតិ​កម្ពុជា (NACC) សម្រាប់​ភាគី​សហជីព យើង​ឃើញ​ថា​លទ្ធផល​ថ្ងៃនេះ យើង​ភាគច្រើន​គឺ​ទទួលយក​នូវ​លទ្ធផល ដែល​អាច​នាំ​ឱ្យ​ទាក់ទាញ​ការ​វិនិយោគ នៅ​កម្ពុជា​កាន់តែ​ច្រើន ពេល​នោះ​ការ​ផ្ដល់​ការងារ​ជូន បងប្អូន​កម្មករនិយោជិត និង​ពលករ ដែល​ចំណាកស្រុក មក​ពី​ប្រទេស​ថៃ​ក៏​បាន​កាន់តែ​ច្រើន​។ នេះ​គឺជា​លទ្ធផល​មួយ​ដ៏​ល្អ សម្រាប់​ដើម្បី​យើង​ទាក់ទាញ និង​ស្រូប​យក​នូវ​អ្វី​ដែល​ជា​ការងារ ហើយ​យើង​ក៏​បាន​ពិនិត្យ​ឃើញ ថា​ស្ថានភាព​បច្ចុប្បន្ន​នេះ យើង​គួរតែ​ទទួលយក​ ។

លោក គឹ​ម ចាន់​សំណាង បន្ត​ថា ៖ «​យើង​ឃើញ​ថា​តាម​រយៈ​របាយការណ៍ របស់​ក្រសួង​ការងារ​កន្លង​មក មានការ​ទទួល​បាន​នូវ​អ្នក​វិនិយោគ​ជា​ច្រើន ជា​ពិសេស​គឺ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ មានការ​កើនឡើង​នូវ​វិស័យ​កាត់ដេរ ជា​ពិសេស​រោងចក្រ​ប្រមាណ​ជា​ជាង ៣០០ រោងចក្រ ដែល​មាន​កំពុង​មាន​វត្ត​មាននៅ​ប្រទេស​កម្ពុជា ហើយ​ក៏​យើង​ស្រូប​យក​កម្លាំង​ពលកម្ម​រាប់​ម៉ឺន​នាក់​ផង​ដែរ​» ។

សូម​ជម្រាប​ជូន​ផង​ដែរ​ថា បន្ទាប់​ពី​កិច្ចប្រជុំ​ចំនួន ១៧​លើក ភាគី​និយោជក និង​ភាគី​កម្មករនិយោជិត​នៅ​តែ​មាន​គោល​ជំហរ​ផ្សេង​ៗ​គ្នា ដោយ​ភាគី​កម្មករនិយោជិត បាន​ស្នើ​តួលេខ​កំណើន​ចំនួន ១៥​ដុល្លារ​អាម៉េរិក ដែល​ស្មើនឹង ២២៥​ដុល្លារ​អាម៉េរិក ហើយ​ភាគី​និយោជក បាន​ស្នើ​រក្សា​តួលេខ​ប្រាក់​ឈ្នួល​អប្បបរមា ២១០​ដុល្លារ​អាម៉េរិក ជា​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​ឆ្នាំ​២០២៧​។ ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា​បាន​អនុវត្ត​នូវ​នីតិវិធី​បោះ​ឆ្នោត​ជា​សម្ងាត់ ដើម្បី​គាំទ្រ​តួលេខ​នីមួយ​ៗ​។ ឈរ​លើ​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​នេះ ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា បាន​សម្រេច​យក​តួលេខ ២១០​ដុល្លារ​អាម៉េរិក ក្នុង​មួយ​ខែ​ជា​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​ឆ្នាំ​២០២៧ ៕ អត្ថបទសហការ