ខេត្តបន្ទាយមានជ័យ ៖ នៅវេលាម៉ោង១៥និង០០នាទី ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានធ្វើប្រតិបត្តិការបង្ក្រាបករណី ជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន នៅចំណុចជើងភ្នំខ្លាកូន ស្ថិតក្នុងភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ឃាត់ខ្លួនជនសង្ស័យ ចំនួន០៣នាក់ រួមមាន ៖
១-ឈ្មោះ វង្ស ជីឈីង ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នរស់នៅភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ(ជួញដូរ រក្សាទុក និងប្រើប្រាស់)
២-ឈ្មោះ ហួត ដាណេ ហៅ ដា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នរស់នៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ(ប្រើប្រាស់)
៣-ឈ្មោះ សំ ផល្លី ហៅសក់វែងភេទប្រុស អាយុ៤០ឆ្នាំ បច្ចុប្បន្នរស់នៅភូមិបាណយ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ (ជួញដូរ រក្សាទុក និងប្រើប្រាស់) ។
ព្រមទាំងដកហូតវត្ថុតាង គ្រឿងញៀនប្រភេទម្ស៉ៅក្រាម ពណ៌សថ្លា (ICE) ចំនួន០១កូនថង់កិប ទម្ងន់០,៥០ក្រាម, គ្រឿងញៀនប្រភេទម្ស៉ៅក្រាមពណ៌ស (កេតាមីន) ចំនួន០២កូនថង់កិប ទម្ងន់២,១៧ក្រាម, ម៉ូតូចំនួន០១គ្រឿង, ទូរសព្ទដៃ ចំនួន០២គ្រឿង, កាបូបស្ពាយពណ៌ខ្មៅ ចំនួន០១ ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីសួរនាំ និងចាត់ការតាមនីតិវិធី ។
លោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានឱ្យដឹងថា ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានទិញគ្រឿងញៀនមក រក្សាទុកលក់ផង និងប្រើប្រាស់ដោយខ្លួនឯងផង ។
ដោយផ្អែកលើចម្លើយសារភាព និងមានវត្ថុតាងជាក់ស្តែងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង កសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ចាត់ការបន្តតាមនីតិវិធី ។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស បានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ ។
បច្ចុប្បន្ន ជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយនៅព្រឹកថ្ងៃពុធ ទី៣០ ខែកញ្ញា ឆ្នាំ២០២៦នេះ ដើម្បីអនុវត្តតាមនីតិវិធី ៕





ចែករំលែកព័តមាននេះ