ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហជីព​៖ ការ​ដំឡើង​ប្រាក់​ឈ្នួល​សម្រាប់​ឆ្នាំ​២០២៧​នេះ គឺ​រក្សា​បាន​នូវ​ការងារ និង​កំណើន​រោងចក្រ​មិន​ឱ្យ​រើ​ចេញពី​កម្ពុជា

7 ម៉ោង មុន

រាជធានី​ភ្នំពេញ​ ៖ តំណាង​សហជីព​ធំ​ៗ​នៅ​កម្ពុជា ​បាន​លើក​ឡើង​ថា ប្រាក់​ឈ្នួល​អប្បបរមា​កើនឡើង​ដល់​ចំនួន ២១២​ដុល្លារ​ក្នុង​មួយ​ខែ​សម្រាប់​ឆ្នាំ​២០២៧ នឹង​ធានា​បាន​នូវ​ស្ថិរភាព​ការងារ និង​កំណើន​រោងចក្រ​មិន​ឱ្យ​រើ​ចេញពី​កម្ពុជា ក្រោយ​ពី​បាន​ប្រជុំ​ពិភាក្សា ពិចារណា​យ៉ាង​ម៉ត់ចត់​ឱ្យ​ស្រប​ទៅ​នឹង​ស្ថានភាព​សេដ្ឋកិច្ច សង្គម ជីវភាព​កម្មករនិយោជិត និង​សមត្ថភាព​របស់​វិស័យ​ផលិតកម្ម​ ។

ការ​លើក​ឡើង​នេះ បន្ទាប់​ពី​ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា បាន​សម្រេច​ដំឡើង ២១២​ដុល្លារ ​សម្រាប់​កម្មករនិយោជិត​ក្នុង​វិស័យ​វាយ​ន​ភណ្ឌ កាត់ដេរ ផលិត​ស្បែកជើង និង​ផលិតផល​ធ្វើ​ដំណើរ និង​កាបូប​សម្រាប់​ឆ្នាំ​២០២៧​។ ក្រុមប្រឹក្សា​បាន​ឯកភាព​ប្រើប្រាស់​ទិន្នន័យ​តាម​លក្ខណៈ​វិនិច្ឆ័យ​ទាំង​៧ រួម​មាន ស្ថានភាព​គ្រួសារ អតិផរណា ថ្លៃ​រស់នៅ ផលិតភាព ភាព​ប្រកួតប្រជែង ស្ថានភាព​ទីផ្សារ​ការងារ និង​ប្រាក់​ចំណេញ​របស់​វិស័យ ​។

លោក សំ សឿ​ន ប្រធាន​សហភាព​ពលកម្ម​ជាតិ​កម្ពុជា​ បាន​ថ្លែង​ថា លោក​គាំទ្រ​ចំពោះ​ការ​សម្រេច​របស់​ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា ព្រោះ​ជា​ការ​សម្រេច​ទៅ​តាម​មតិ​ភាគច្រើន​ ដែល​បាន​បោះ​ឆ្នោត​គាំទ្រ​។ លោក​ថា ការ​សម្រេច​ជា​រួម​ចុង​ក្រោយ​នេះ អាច​ធានា​បាន​ទាំង​ផលប្រយោជន៍​របស់​កម្មករនិយោជិត និង​កំណើន​រោងចក្រ​មិន​ឱ្យ​រើ​ចេញពី​កម្ពុជា​ ។

លោក​យល់​ថា ការ​កំណត់​ប្រាក់​ឈ្នួល​មិន​បាន​ផ្អែក​តែ​លើ​តម្រូវការ​របស់​ភាគី​ណាមួយ​នោះ​ទេ ប៉ុន្តែ​ត្រូវ​បាន​ពិនិត្យ​មើល​ទិន្នន័យ​ជាក់ស្តែង ព្រមទាំង​ស្ថានភាព​សេដ្ឋកិច្ច និង​សមត្ថភាព​ប្រកួតប្រជែង​របស់​វិស័យ​ផលិតកម្ម​។ លើស​ពី​នេះ អាច​ធានា​និរន្តរភាព​ការងារ​ជូន​ពលរដ្ឋ និង​បង្កើន​ការ​វិនិយោគ​នៅ​កម្ពុជា​ ។

ថ្នាក់ដឹកនាំ​សហជីព​រូប​នេះ​ថា​៖ «​ខ្ញុំ​យល់​ស្រប​ទៅ​តាម​មតិ​ភាគច្រើន ព្រោះ​ខ្ញុំ​ក៏​បាន​គិត​ដែរ​ថា យើង​គួរតែ​រក្សា​បាន​នូវ​តុល្យភាព​រវាង​ជីវភាព​កម្មករ និង​សមត្ថភាព​របស់​សហគ្រាស​។ ប្រសិនបើ​អាច​កំណត់​បាន​ក្នុង​កម្រិត​សមរម្យ​នេះ នោះ​នឹង​ជួយ​លើកកម្ពស់​ជីវភាព​កម្មករ រក្សា​ការងារ​ដែល​មាន​ស្រាប់ និង​បង្កើត​លក្ខខណ្ឌ​ល្អ​សម្រាប់​ការ​ពង្រីក​អាជីវកម្ម និង​ការ​វិនិយោគ​បន្ថែម​» ​។

ជាមួយ​គ្នា​នេះ លោក ប៉ាវ ស៊ី​ណា ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​បាន​លើក​ឡើង​ថា ប្រាក់​ឈ្នួល​ដែល​សម​ស្រប​អាច​ជួយ​ឱ្យ​កម្មករនិយោជិត​មាន​ស្ថិរភាព​ផ្នែក​ជីវភាព និង​បង្កើន​ការ​លើកទឹកចិត្ត​ក្នុង​ការងារ​។ តាម​ទស្សនៈ​របស់​លោក ការ​ពិភាក្សា​ប្រាក់​ឈ្នួល​គួរតែ​ផ្អែក​លើ​ទិន្នន័យ និង​ស្ថានភាព​ជាក់ស្តែង ដោយ​គិតគូរ​ទាំង​អត្ថប្រយោជន៍​របស់​កម្មករ និង​សមត្ថភាព​របស់​និយោជក​ ។

បើ​តាម​លោក ស៊ី​ណា បញ្ជាក់​ថា​៖«​ខ្ញុំ​សូម​បញ្ជាក់​ជាមួយ​បងប្អូន​ថា មាន​បងប្អូន​យើង​មួយ​ចំនួន​មិនសូវ​ជា​រីករាយ​ចំពោះ​តួលេខ​នេះ​ទេ ប៉ុន្ដែ​បងប្អូន​ត្រូវ​យល់​ថា ការ​ដែល​រក្សា​បាន​នូវ​ឱកាស​ការងារ រក្សា​នូវ​ការ​ប្រកួតប្រជែង​នូវ​ការ​នាំ​ចេញ​សម្លៀក​បំពាក់​នេះ មិនមែន​មាន​តែ​កម្ពុ​ជាមួយ​នោះ​ទេ គឺ​មាន​ដៃគូ​ជា​ច្រើន​ដែល​ជា​ដៃគូរ​របស់​យើង ហើយ​ប្រទេស​ទាំងនោះ​មាន​ប្រាក់​ឈ្នួល​តិច​ជាង​យើង​ថែម​ទៀត​។ ដូច្នេះ​បើ​យើង​មិន​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​ដំឡើង​ទេ គឺ​យើង​អាច​មាន​ឧបសគ្គ ដែល​ធ្វើ​ឱ្យ​អ្នក​វិនិយោគ​ងាក​ចេញពី​កម្ពុជា​នៅ​ថ្ងៃក្រោយ​»​ ។

ថ្នាក់ដឹកនាំ​សហជីព​ទាំង​ពីរ​បាន​សង្កត់ធ្ងន់​ថា ការ​កំណត់​ប្រាក់​ឈ្នួល​សម្រាប់​ឆ្នាំ​២០២៧ ត្រូវ​បាន​ជជែក​វែកញែក​ដោយ​ឈរ​លើ​មូលដ្ឋាន​ទិន្នន័យ​ច្បាស់លាស់ និង​ការ​ពិភាក្សា​ដោយ​សុចរិត​ភាព ដើម្បី​សម្រេច​បាន​នូវ​កម្រិត​ប្រាក់​ឈ្នួល​ដែល​អាច​ជួយ​លើកកម្ពស់​ជីវភាព​កម្មករ ខណៈ​រក្សា​បាន​នូវ​ការងារ ស្ថិរភាព​ផលិតកម្ម និង​បរិយាកាស​អំណោយផល​សម្រាប់​ការ​វិនិយោគ​នៅ​កម្ពុ​ជានា​ពេល​អនាគត​ ៕