ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៉ីរ៉ង់ទទួលបានការឆ្លើយតបជាផ្លូវការពីសហរដ្ឋអាមេរិក លើសំណើបញ្ចប់ស.ង្គ្រា.មរយៈពេល​៧ខែ

2 ម៉ោង មុន

សង្គ្រាម​អ៉ី​រ៉​ង់ ៖ បណ្ដា​អ្នក​ទទួលខុសត្រូវអ៉ី​រ៉​ង​គូសបញ្ជាក់​ កាលពី​ថ្ងៃ​ទី​៣០​ កញ្ញា​ ថា បាន​ទទួល​ចម្លើយ​ជា​ផ្លូវការ​របស់​អា​មេ​រិ​ក​ហើយ ចំពោះ​សំណើ​ចុង​ក្រោយ​របស់អ៉ី​រ៉​ង់ សំដៅ​បញ្ចប់សង្គ្រាម​ដែល​មាន​រយៈពេល​៧​ខែ​មក​ហើយ ។ សំណើ​នោះ​ ធ្លាប់​ត្រូវ​បាន​ប្រធានាធិបតី​អា​មេ​រិ​ក ​លោក​ដូ​ណា​ល់​ត្រាំ​ បដិសេធ​ជា​សាធារណៈ​រួច​ហើយ​កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ​ ។

អ្នក​ទទួលខុសត្រូវ​អ៉ី​រ៉​ង់​ទាំងនោះ​ មិន​បាន​បញ្ជាក់​ពី​ខ្លឹមសារ​នៃ​ចម្លើយ​នោះ​ទេ​ ។ រដ្ឋមន្ត្រី​ការ​បរទេស​អ៉ី​រ៉​ង់ ​លោក​អាប់​បាស់​ អា​រ៉ា​សជី​ បាន​យក​ចម្លើយ​តប​នោះ​របស់​អា​មេ​រិ​ក​ជូន​ដល់​ប្រធានាធិបតី​លោក​ម៉ា​ស៊ូ​ដ​ប៉េ​ហ្សេ​ស្គី​យ៉ា​ន់ ក្នុង​ឱកាស​នៃ​កិច្ចប្រជុំ​មួយ​របស់​គណៈរដ្ឋមន្ត្រី​។ ប្រធានាធិបតី​អ៉ី​រ៉​ង់​ថ្លែង​ថា យើង​នឹង​ធ្វើ​អ្វី​សព្វ​យ៉ាង ដើម្បី​ឲ្យ​កិច្ចព្រមព្រៀង​នោះ​សម្រេច​បាន ហើយ​យើង​នឹង​ការពារ​ម៉ឺ​ង​ម៉ាត់​សិទ្ធិ​របស់​ប្រជាជនអ៉ី​​រ៉​ង់​ ។ កិច្ចព្រមព្រៀង​នោះ​ ចាប់ពី​ពេល​នេះ​ទៅ​ គឹ​ផ្អែក​លើ​យុទ្ធសាស្ត្រ​ឈ្នះ​-​ឈ្នះ​។

កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​អ៉ី​​រ៉​ង់​នោះ​ធ្វើ​ឡើង បន្ទាប់​ពី​ការ​វិល​ត្រឡប់​របស់​លោក​អា​រ៉ា​សជី មក​កាន់​អ៉ី​​រ៉​ង់​វិញ ក្រោយ​ពី​លោក​ធ្វើ​ដំណើរ​​ទៅ​កាន់​ក្រុង​ញូ​វ​យ៉​ក​ចូលរួម​ក្នុង​មហាសន្និបាត​អ​.​ស​.​ប​កាលពី​ស​ប្ដា​ហ៍​មុន​ ។ នៅ​ទីនោះ​រូប​លោក​ និង​បណ្ដា​អ្នក​ទទួល​ខុសត្រូវ​អ៉ី​​រ៉​ង់ បាន​ពិភាក្សា​គ្នា​ដោយ​ប្រយោល​ជាមួយ​បណ្ដា​តំណាង​អា​មេ​រិ​ក ហើយ​ក៏​ជួប​ផង​ដែរ​អ្នក​អាជ្ញាកណ្ដាល​កា​តា ​និង​
ប៉ា​គី​ស្ថាន​ខាងក្រៅ​មហា​ស​ន្និ​សន្និបាត​ប្រចាំឆ្នាំ​របស់​អ​.​ស​.​ប ដែល​មានការ​ចូលរួម​របស់​បណ្ដា​មេដឹកនាំ​ពិភពលោក​ ។ លោក​អា​រ៉ា​សជី​ បាន​រាយការណ៍​ក្នុង​កិច្ចប្រជុំ​នោះ ពី​ដំណើរ​ទៅ​កាន់​ក្រុង​ញូ​វ​យ៉​ករប​ស់លោក និង​ពី​បណ្ដា​ការ​ជួប​គ្នា​ពិភាក្សា​ដែល​លោក​បាន​​ធ្វើ​នៅ​ទីនោះ ពិសេស​ពី​បណ្ដា​លក្ខខណ្ឌ​ដែល​អ៉ី​​រ៉​ង់​បាន​ដាក់ សម្រាប់​ការ​បើក​ច្រក​សមុទ្រ​ហ័​រ​មូស​ឡើង​វិញ ដែល​លក្ខ​ខណ្ឌ​ទាំងនោះ​ប​ញ្ជូ្ជ​ន​ដល់​អា​មេ​រិ​កតាម​រយៈ​អាជ្ញាកណ្ដាល​ ។

រដ្ឋមន្ត្រី​ការ​បរទេស​អ៉ី​រ៉​ង់​ធ្លាប់​គូសបញ្ជាក់​កាលពី​ស​ប្ដា​ហ៍​មុន​ថា អ៉ី​​រ៉​ង់​ស្នើ​បើក​ច្រក​សមុទ្រ​ហ័​រ​មូស​ឡើង​វិញ​៧​ថ្ងៃ​ បន្ទាប់​ពី​ប្រសិន​បើ​អា​មេ​រិ​ក ព្រម​ទទួលយក​លក្ខខណ្ឌ​ទាំងនោះ ដែល​ក៏​មានការ​ទាមទារ​ផង​ដែរ ឲ្យ​អា​មេ​រិ​ក​លុប​ចោលការ​ហ៊ុម​ព័ទ្ធ​កំពង់​ផែអ៉ី​រ៉​ង់ ប្រគល់​ឲ្យ​អ៉ី​រ៉​ង់​វិញ ​បណ្ដា​ទ្រព្យសម្បត្តិ​ខ្លួន​ដែល​បង្កក និង​លុប​ចោល​បណ្ដា​ទណ្ឌកម្ម​លើ​ការ​លក់​ប្រេង​អ៉ី​រ៉​ង់​ ៕