ទោះព្យុះ«ស៊ូរីហ្គាអេ» ថយឥទ្ធិពល! កម្ពុជានៅតែអាចជួបភ្លៀងធ្លាក់ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ៣ថ្ងៃជាប់គ្នា
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ព្យុះទី២៦ «ស៊ូរីហ្គាអេ» បានថយឥទ្ធិពលមែន ប៉ុន្តែកម្ពុជានៅតែអាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ រហូតដល់ថ្ងៃទី៣ ខែតុលានេះ ។

ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសនាព្រឹកថ្ងៃទី០១ ខែតុលានេះថា ព្យុះទី២៦ ឈ្មោះ ស៊ូរីហ្គាអេ (Surigae)T2626 បានថយឥទ្ធិពលលើរបបខ្យល់មូសុងនិរតីដែលបក់លើឈូងសមុទ្របេងហ្គាល សមុទ្រអាន់ដាម៉ាន់ សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើព្រះរាជាណាចក្រកម្ពុជា ។ ព្រះរាជាណាចក្រកម្ពុជាពុំស្ថិតនៅក្នុងគន្លងផ្លូវដើររបស់ព្យុះ ស៊ូរីហ្គាអេ នេះទេ ។

ស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាស ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦៖
១- តំបន់វាលទំនាប៖ សីតុណ្ហភាពមធ្យមអប្បបរមា២៥°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៣°C ។ ខ្យល់បក់មកពីទិសនិរតី និងទិសពាយ័ព្យមានល្បឿនមធ្យម ៣ម៉ែត្រ/វិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង តាកែវ កណ្តាល និងរាជធានីភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី ៣០%។

២- តំបន់ខ្ពង់រាប៖សីតុណ្ហភាពមធ្យមអប្បបរមា២៤°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣១°C ។ ខ្យល់បក់មកពីទិសនិរតី និងទិសបូព៌ាមានល្បឿនមធ្យម ៥ម៉ែត្រ/វិនាទី។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្រប ដណ្តប់លើផ្ទៃដី ១៥% ។
៣- តំបន់មាត់សមុទ្រ៖សីតុណ្ហភាពមធ្យមអប្បបរមា ២៥°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣៤°C ។ ខ្យល់បក់មកពីទិសនិរតី និងទិសអាគ្នេយ៍មានល្បឿនមធ្យម ៣ម៉ែត្រ/វិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី ១៥% ។
ដោយឡែកចំពោះរលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,៧៥ម៉ែត្រ ៕




ចែករំលែកព័តមាននេះ