ឃាត់ខ្លួនជនសង្ស័យម្នាក់ លួចកាប់មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកគូលែន
- ព្រះវិហារ
ខេត្តព្រះវិហារ ៖ ជនសង្ស័យដែលលួចចូលទៅកាប់មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកគូលែន ខេត្តព្រះវិហារ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកគូលែនឃាត់ខ្លួនបញ្ជូនទៅអធិការដ្ឋាន ដើម្បីធ្វើកំណត់ហេតុបន្តទៅសាលាដំបូងខេត្តចាត់ការបន្ត ។

ការឃាត់ខ្លួននោះ សមត្ថកិច្ចធ្វើឡើងបន្ទាប់ពីជនសង្ស័យបានលួចចូលទៅកាប់ជនរងគ្រោះនិងកាំបិតផ្គាក់រងរបួសយ៉ាងធ្ងន់ ខណៈដែលកំពុងដេកក្នុងអង្រឹងនៅលើខ្យូសខាងក្រោយផ្ទះភ្លាមៗនោះដែរ ។
ហេតុការណ៍ជនសង្ស័យបង្កហិង្សាដ៏គួរឱ្យរន្ធត់នេះ កើតឡើងនៅវេលាម៉ោង៥ និង៥១នាទីល្ងាចថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ ស្ថិតនៅផ្ទះជនរងគ្រោះក្នុងភូមិស្រយង់ត្បូង ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ ។ ការបង្កហិង្សាត្រូវជនសង្ស័យប្រើកាំបិតផ្គាក់កាប់ទៅលើជនរងគ្រោះកំពុងដេកលង់លក់នៅក្នុងអង្រឹងលើខ្យូសខាងក្រោយផ្ទះ បណ្ដាលឱ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ។
យោងតាមប្រភពបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ចាន់ ស៊ី ភេទប្រុស អាយុ៤៨ឆ្នាំ ជាមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកគូលែន បានរងរបួសធ្ងន់នៅតំបន់ខាងស្តាំក្បែរត្រចៀក ដោយមុខរបួសមានប្រវែងប្រមាណ២១សង់ទីម៉ែត្រ ពីតំបន់កញ្ចឹង.កឡើងទៅលើក្បាល ហើយត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យក្នុងខេត្តសៀមរាប ។
ឯជនសង្ស័យឈ្មោះ លាង វាសនា ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរកសិករ និងមានទីលំនៅក្នុងភូមិឃុំជាមួយគ្នា ត្រូវបានសង្ស័យថា មានគំនុំជាមួយជនរងគ្រោះ។
នៅពេលកើតហេតុ ជនរងគ្រោះកំពុងតែដេកលង់លក់នៅក្នុងអង្រឹងក្នុងខ្យូសខាងក្រោយផ្ទះ ស្រាប់តែជនសង្ស័យបានយកកាំបិតផ្គាក់ដាក់ចូលក្នុងបាវ រួចដើរសំដៅទៅ ហើយធ្វើសកម្មភាពកាប់ពីខាងក្រោយដោយមិនបានដឹងខ្លួនជាមុន បណ្ដាលឱ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះអន្តរាគមន៍ និងឃាត់ខ្លួនជនសង្ស័យបានភ្លាមៗ រួចនាំទៅកាន់ អធិការដ្ឋាននគរបាលស្រុកគូលែន ដើម្បីសាកសួរ និងកសាងសំណុំរឿងបន្តតាមនីតិវិធីច្បាប់ ។
យ៉ាងណាក៏ដោយ ចំពោះមូលហេតុពិតប្រាកដនៃជម្លោះ និងគំនុំដែលឈានដល់ការប្រើអំពើហិង្សាដ៏ធ្ងន់ធ្ងរនេះ នៅមិនទាន់មានការបញ្ជាក់លម្អិតជាផ្លូវការនៅឡើយទេ ហើយសមត្ថកិច្ចកំពុងបន្តស៊ើបអង្កេត ៕

ចែករំលែកព័តមាននេះ