ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នាំ​ ២០២៧ បងប្អូន​កម្មករ ទទួល​បាន​ប្រាក់​ឈ្នួល​សរុប​ទាប​បំផុត ​២៣១,៥​ដុល្លារ​ក្នុង​ម្នាក់ ដោយ​មិន​ទាន់​គិត​ប្រាក់​បន្ថែម​ម៉ោង និង​អត្ថប្រយោជន៍​ផ្សេង​ៗ​

1 ម៉ោង មុន

រាជធានីភ្នំពេញ​ ៖ នៅ​ឆ្នាំ​ ២០២៧ បងប្អូន​កម្មករនិយោជិត​ក្នុង​វិស័យ​វាយ​ន​ភណ្ឌ កាត់ដេរ ផលិត​ស្បែកជើង និង​ផលិត​ផលិតផល​ធ្វើ​ដំណើរ​ និង​កាបូប នឹង​ទទួល​បាន​ប្រាក់​ឈ្នួល​សរុប​ចាប់ពី​ ២៣១,៥​ដុល្លារ​ក្នុង​ម្នាក់​ក្នុង​មួយ​ខែ ដោយ​រួម​បញ្ចូល​ប្រាក់​ឈ្នួល​អប្បបរមា​ ២១២​ដុល្លារ ប្រាក់​រង្វាន់​ធ្វើការ​ទៀងទាត់​ ១០​ដុល្លារ និង​ប្រាក់​សោហ៊ុយ​ធ្វើ​ដំណើរ​ និង​ស្នាក់​នៅ​ ៩,៥​ដុល្លារ​ ។

លោក ស៊ុន មេ​សា អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​បញ្ជាក់​ថា បងប្អូន​កម្មករ​នឹង​ទទួល​បាន​ប្រាក់​ឈ្នួល​សរុប​ចាប់ពី​ ២៣១,៥​ដុល្លារ ដល់​ ២៤២,៥​ដុល្លារ​ក្នុង​មួយ​ខែ ដោយ​មិន​ទាន់​រាប់​បញ្ចូល​ប្រាក់​ឈ្នួល​ធ្វើការ​បន្ថែម​ម៉ោង និង​អត្ថប្រយោជន៍​ផ្សេង​ទៀត ដូច​ជា ប្រាក់​ថ្លៃ​អាហារ​ចំនួន​ ២០០០​រៀល ពេលធ្វើការ​បន្ថែម​ម៉ោង​ដោយ​ស្ម័គ្រចិត្ត និង​ប្រាក់​ឧបត្ថម្ភ​ជំនាញ​ដែល​នឹង​ទទួល​បានជា​រៀង​រាល់​ខែ ចាប់ពី​ឆ្នាំ​ទី​ ២​ ទៅ​ផង​ដែរ​ ។

បន្ថែម​ពី​នេះ បងប្អូន​កម្មករនិយោជិត​ដែល​មាន​អតីតភាព​ការងារ​លើស​ពី ​១​ឆ្នាំ ក៏​ទទួល​បាន​ប្រាក់​រង្វាន់​អតីតភាព​ការងារ​ចាប់ពី​ ២​ដុល្លារ ដល់ ​១១​ដុល្លារ​ក្នុង​មួយ​ខែ អាស្រ័យ​លើ​រយៈពេល​បម្រើ​ការងារ​ ។ បើ​គិត​បញ្ចូល​ប្រាក់​ឈ្នួល​ធ្វើការ​បន្ថែម​ម៉ោង​ទៀត​នោះ ជា​មធ្យមបងប្អូន​កម្មករ​នឹង​ទទួល​បាន​ចំណូល​ជាង ​៣០០​ដុល្លារ​ក្នុង​ម្នាក់​ក្នុង​មួយ​ខែ ​។

គួរ​រំឭក​ថា ប្រាក់​ឈ្នួល​អប្បបរមា​ចំនួន ​២១២​ដុល្លារ នឹង​ចាប់ផ្តើម​អនុវត្ត​ពី​ថ្ងៃ​ទី​ ១ ខែមករា ឆ្នាំ ​២០២៧​ ។ តួលេខ​នេះ​ត្រូវ​បាន​កំណត់​ក្រោយ​កិច្ចប្រជុំ​ចុង​ក្រោយ​របស់​ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា កាលពី​ថ្ងៃ​ទី​ ៣០ ខែកញ្ញា ឆ្នាំ​ ២០២៦ និង​ការ​សម្រេច​របស់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បន្ថែមចំនួន ​២​ដុល្លារ​លើ​តួលេខ​ ២១០​ដុល្លារ ដែល​ទទួល​បាន​សំឡេង​គាំទ្រ​ភាគច្រើន​ក្នុង​ការ​បោះ​ឆ្នោត ​៕ អត្ថបទសហការ