ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ការងារ ​បើក​វគ្គ​បណ្តុះបណ្តាល​ពី «​មូលដ្ឋាន​គ្រឹះ​សុវត្ថិភាព និង​សុខភាព​ការងារ​» ដើម្បី​ពង្រឹងសមត្ថភាព​គ្រូពេទ្យ និង​បុគ្គលិក​ទទួល​បន្ទុក​ផ្នែក​សុវត្ថិភាព និង​សុខភាព​ការងារ​ប្រចាំ​សហគ្រាស និង​រោងចក្រ

1 ម៉ោង មុន

រាជធានីភ្នំពេញ​ ៖ នាយកដ្ឋាន​ពេទ្យ​ការងារ នៃ​ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​រៀបចំ​វគ្គ​បណ្តុះបណ្តាល​លើក​ទី​១១ ស្តី​ពី «​មូលដ្ឋាន​គ្រឹះ​សុវត្ថិភាព​និង​សុខភាព​ការងារ​» សម្រាប់​គ្រូពេទ្យ​សហគ្រាស និង​បុគ្គលិក​ទទួល​បន្ទុក​ផ្នែក​សុវត្ថិភាព និង​សុខភាព​ការងារ​ប្រចាំ​សហគ្រាស ក្រុមហ៊ុន និង​រោងចក្រ សរុប​ប្រមាណ ៦០​នាក់ ក្នុង​រយៈពេល ៣​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២៨ ដល់​ថ្ងៃ​ទី​៣០ ខែកញ្ញា ឆ្នាំ​២០២៦ នៅ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​សុវត្ថិភាព និង​សុខភាព​ការងារ (OSHTC)​។

នៅ​ក្នុង​វគ្គ​បណ្តុះបណ្តាល​ដ៏​មាន​សារៈសំខាន់​នេះ គ្រូ​បង្គោល​នៃ​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​សុវត្ថិភាព និង​សុខភាព​ការងារ នៃ​នាយកដ្ឋាន​ពេទ្យ​ការងារ បាន​ធ្វើ​បទ​បង្ហាញ​ជូន​ដល់​សិក្ខាកាម អំពី​ឧបករណ៍​សុវត្ថិភាព​គ្រឿង​ម៉ាស៊ីន​ដែល​មាន​ហានិភ័យ​ខ្ពស់ ប្រព័ន្ធ​សុវត្ថិភាព​ឡ​ចំហាយ និង​ការ​ប្រើប្រាស់​បំពង់​ពន្លត់​អគ្គិភ័យ​ជាដើម​។

លើស​ពី​នេះ សិក្ខាកាម​បាន​ពិនិត្យ​មើល​ជាក់ស្ដែង​អំពី​ប្រសិទ្ធភាព​នៃ​ការ​ប្រើប្រាស់​សម្ភារ​ការពារ​បុគ្គល (PPE) ខ្សែក្រវាត់​សុវត្ថិភាព មួក​សុវត្ថិភាព ស្បែកជើង​សុវត្ថិភាព ជា​ពិសេស​បាន​ពិសោធ​ដោយ​ផ្ទាល់​ពី​ការ​ធ្លាក់​ពី​ទី​ខ្ពស់ និង​ការ​ប្រើ​ខ្សែក្រវាត់​សុវត្ថិភាព​ពេញ​ដងខ្លួន (Full Body Harness) សម្រាប់​សុវត្ថិភាព​ការងារ​ទី​ខ្ពស់ ព្រមទាំង​អនុវត្ត​ការ​ពិសោធ​អំពី​ការ​សង្គ្រោះ​ផ្លូវដង្ហើម (CPR) ដែល​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​សង្គ្រោះ​បងប្អូន​កម្មករនិយោជិត និង​លើកកម្ពស់​សុវត្ថិភាព និង​សុខភាព​ការងារ​។ វគ្គ​បណ្តុះបណ្តាល​នេះ​ក៏​បាន​ផ្សារ​ភ្ជាប់​សិក្ខាកាម ជាមួយនឹង​កា​រវិ​វត្ត​នៃ​ឌី​ជី​ថ​ល​ភាវូបនីយកម្ម​លើ​ការ​បណ្ដុះបណ្ដាល​ស្ដី​ពី សុវត្ថិភាព និង​សុខភាព​ការងារ នៅ​កម្ពុជា​ផង​ដែរ​។

មជ្ឈមណ្ឌល​បណ្តុះបណ្តាល​សុវត្ថិភាព និង​សុខភាព​ការងារ តែងតែបាន​បង្ហាញ​ពី​ការ​យកចិត្តទុកដាក់​ខ្ពស់ ក្នុង​ការ​ពង្រឹងសមត្ថភាព​ដល់​ភាគី​ពាក់ព័ន្ធ​លើ​ផ្នែក​សុវត្ថិភាព និង​សុខភាព​ការងារ (OSH) តាម​រយៈ​ការ​បណ្ដុះបណ្ដាល​ប្រកបដោយ​គុណភាព និង​ប្រសិទ្ធភាព​ដោយ​រួម​ប​ញ្ជូ​ល​ទាំង​ការ​សិក្សា​ផ្នែក​ទ្រឹស្ដី និង​ការ​អនុវត្ត​ដោយ​ផ្ទាល់​ជាមួយ​បរិក្ខារ​បណ្ដុះបណ្ដាល​ទំនើប​ៗ​ស្រប​តា​មកា​រវិ​វត្ត​នៃ​ពិភព​ការងារ​៕ អត្ថបទសហការ