ទីក្រុងបាងកក ៖ ទឹកជំនន់នៅក្នុងប្រទេសថៃ បានបង្កឱ្យមានការបិទរោងចក្រក្រុមហ៊ុន Toyota) ចំនួន ៤ បណ្តោះអាសន្ន និងផ្អាកសេវាដឹកជញ្ជូនទំនិញរបស់ក្រុមហ៊ុនអាកាសចរណ៍ជាតិ Thai Airways ខណៈប្រទេសនេះ កំពុងប្រុងជើងការទប់ទល់នឹងភ្លៀងធ្លាក់ខ្លាំងបន្ថែមទៀត នៅសប្តាហ៍ក្រោយ។ នេះបើតាមប្រភពពី Reuters បានចេញផ្សាយកាលពីថ្ងៃទី៣០ ខែកញ្ញា។
ទីភ្នាក់ងារឧតុនិយមរបស់ប្រទេសថៃបានព្យាករណ៍ថា នឹងមានភ្លៀងធ្លាក់ខ្លាំង ចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី៨ ខែតុលា ដោយរំពឹងថា បរិមាណទឹកភ្លៀងនឹងកើនឡើងនៅភាគឦសាន និងភាគខាងជើង។
ទីក្រុងបាងកកបានប្រកាសជាតំបន់រងគ្រោះមហន្តរាយ បន្ទាប់ពីទទួលបរិមាណទឹកភ្លៀងដល់ ៣២០ មីលីម៉ែត្រក្នុងរយៈពេល ៣ថ្ងៃ កាលពីចុងសប្តាហ៍មុន ពោលច្រើនស្មើនឹងបរិមាណទឹកភ្លៀងដែលទីក្រុងនេះ ទទួលបានពេញមួយខែកញ្ញាតែម្តង។ នាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul បានប្រាប់អ្នកយកព័ត៌មានថា ទីក្រុងបាងកក តំបន់ជុំវិញរាជធានី និងតំបន់កណ្តាលនៃប្រទេសថៃ នៅតែស្ថិតក្នុងហានិភ័យពីទឹកជំនន់ហូរធ្លាក់មកពីភាគខាងជើង។
ដោយឡែក អនុប្រធានធនាគារជាតិនៃប្រទេសថៃ ក៏បានថ្លែងដែរថា គ្រោះទឹកជំនន់បានប៉ះពាល់ដល់សេវាកម្ម ផ្នែកលក់រាយ លក់ដុំ និងសំណង់ ប៉ុន្តែមិនទាន់បានជះឥទ្ធិពលទូលំទូលាយដល់វិស័យផលិតកម្មនោះទេ។ ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Toyota បានផ្អាកដំណើរការរោងចក្រចំនួន ៤ ជាបណ្តោះអាសន្ន បន្ទាប់ពីទឹកជំនន់រំខានដល់ការដឹកជញ្ជូនគ្រឿងបន្លាស់។ ស្របពេលក្រុមហ៊ុនអាកាសចរណ៍ជាតិ Thai Airways ក៏បានផ្អាកសកម្មភាពដឹកជញ្ជូនទំនិញទាំងចូល និងចេញ ចាប់ពីថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី៦ ខែតុលា ដោយសារបុគ្គលិកជាច្រើនមិនអាចធ្វើដំណើរមកធ្វើការបាន។
ទឹកជំនន់ក៏បានបង្កការរំខានដល់ព្រលានយន្តហោះសុវណ្ណភូមិរបស់ទីក្រុងបាងកកផងដែរ កាលពីថ្ងៃទី២៩ កញ្ញា ដោយសារបុគ្គលិកប្រហែលពាក់កណ្តាលនៃក្រុមហ៊ុន Thai Airways មិនអាចមកបំពេញការងារបាន បណ្តាលឱ្យវ៉ាលីរាប់ពាន់ត្រូវគរទុកចោល និងបង្ខំឱ្យលុបចោលជើងហោះហើរជាច្រើន ទោះបីជាព្រលានយន្តហោះនៅតែបន្តដំណើរការក៏ដោយ៕


ចែករំលែកព័តមាននេះ