ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ជលផល​ខេត្តក្រចេះ បង្ក្រាប​ឧបករណ៍​នេសាទ​ខុសច្បាប់ និង​លែង​ត្រី​​ជិត​៤០០​គីឡូក្រាម

2 ម៉ោង មុន
  • ក្រចេះ

ខេត្តក្រចេះ​៖ កម្លាំង​ជំនាញ​រដ្ឋបាល​ជលផល សហការ​ជាមួយ​សមត្ថកិច្ច និង​សហគមន៍​នេសាទ បាន​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​នៅ​តាម​ដងព្រែក និង​តំបន់​ទំនាប​លិច​ទឹក​ក្នុងស្រុក​ចិត្រ​បុរី និង​ស្រុក​ព្រែក​ប្រសព្វ ខេត្តក្រចេះ កាលពី​ថ្ងៃ​ទី​៣០ ខែកញ្ញា​ឆ្នាំ​២០២៦ ​ដោយបាន​រុះរើ និង​បំផ្លាញ​ចោល​ឧបករណ៍​នេសាទ​ខុសច្បាប់​ជា​ច្រើន​ប្រភេទ ព្រមទាំង​ចាក់​លែង​ត្រី​ចម្រុះ​ប្រមាណ ៣៧០​គីឡូក្រាម​ចូល​ទៅ​ក្នុង​ដែនទឹក​ធម្មជាតិ​វិញ​។

លោក ម៉ុ​ក ពន្លក នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តក្រចេះ បាន​អោយ​ដឹង​ថា ​ក្នុង​ប្រតិបត្តិការ​នៅ​ស្រុក​ចិត្រ​បុរី ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តក្រចេះ បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត កម្លាំង​កងរាជអាវុធហត្ថ​មូលដ្ឋាន​ស្រុក​ចិត្រ​បុរី និង​សហគមន៍​នេសាទ ចុះ​ត្រួតពិនិត្យ និង​បង្ក្រាប​បទល្មើស​នេសាទ​នៅ​តាម​ដងព្រែក​ក្រគរ និង​តំបន់​ទំនាប​ស្រែ​លិច​ទឹក​ជុំវិញ​បឹង​ទ្រនូល​ឆ្នាំង ក្នុង​ឃុំ​ថ្ម​គ្រែ និង​ឃុំ​គោ​លាប់​។​

ប្រតិបត្តិការ​នេះ​បាន​រក​ឃើញ និង​រុះរើ​បំផ្លាញ​ចោល​ឧបករណ៍​នេសាទ​ខុសច្បាប់​ចំនួន ២​ករណី រួម​មាន របាំង​ព្រួល​សាច់​អួន​ដែល​លាតសន្ធឹង​លើស​ពី​ពីរ​ភាគ​បី​នៃ​ទទឹង​មុខទឹក​ព្រែក​ក្រគរ ចំនួន ២កន្លែង ប្រវែង សរុប​៣៥​ម៉ែត្រ និង​មាន​ក្រឡា​ទំហំ ២​សង្ទីម៉ែត្រ ព្រមទាំង​លប​សាច់​អួន​ចំនួន ៥​គ្រឿង ដែល​មាន​ក្រឡា​ទំហំ ២​សង្ទីម៉ែត្រ​។

សមត្ថកិច្ច​ក៏​បាន​រុះរើ​របាំង​ព្រួល​ស្បៃ​មុង​ចំនួន ២១ខ្សែ ប្រវែង​សរុប ១.៧៥០​ម៉ែត្រ លូ​ស្បៃ​មុង​ចំនួន ២៤មាត់​លូ និង​បង្គោល​ចម្រឹង​ធ្វើ​ពី​ឈើ និង​ឬ​ស្សី​ចំនួន ១២៥​ដើម​។ ត្រី​ចម្រុះ​ដែល​ប្រមូល​បាន​ពី​ឧបករណ៍​នេសាទ​ខុសច្បាប់ មាន​ទម្ងន់​ប្រមាណ ២៥០​គីឡូក្រាម ត្រូវ​បាន​ចាក់​លែង​ចូល​ក្នុង​ដែនទឹក​ធម្មជាតិ​វិញ​។

លោក​បន្ត​ថា ដោយឡែក នៅ​ស្រុក​ព្រែក​ប្រសព្វ ផ្នែក​រដ្ឋបាល​ជលផល​ព្រែក​ប្រសព្វ បាន​សហការ​ជាមួយ​គណៈកម្មការ​ស្រុក និង​សហគមន៍​នេសាទ​កែង​កំពង់ដ​ចុះ​ត្រួតពិនិត្យ និង​បង្ក្រាប​បទល្មើស​នេសាទ​នៅ​តាម​ដងព្រែក​ព្រលូង និង​តំបន់​ទំនាប​លិច​ទឹក ក្នុងភូមិ​ព្រែក​ព្រលូង ឃុំ​សោ​ប​ ។

​ប្រតិបត្តិការ​នៅ​តំបន់​នេះ​បាន​រក​ឃើញ និង​រុះរើ​បំផ្លាញ​ឧបករណ៍​នេសាទ​ខុសច្បាប់ រួម​មាន របាំង​ព្រួល​សាច់​អួន​ដែល​លាតសន្ធឹង​បិទ​ជិត​ព្រែក​ចំនួន ២​កន្លែង ប្រវែង​សរុប ២៥​ម៉ែត្រ និង​មាន​ក្រឡា​ទំហំ ២​សង្ទីម៉ែត្រ របាំង​ព្រួល​ស្បៃ​មុង​ចំនួន ៧​ខ្សែ ប្រវែង ៤៥០​ម៉ែត្រ លូ​ស្បៃ​មុង​ចំនួន ៧មាត់​លូ និង​បង្គោល​ឈើ និង​ឫស្សី​ចំនួន ៨៥​ដើម​។

ត្រី​ចម្រុះ​ទម្ងន់​ប្រមាណ ១២០​គីឡូក្រាម ដែល​បាន​រក​ឃើញ​ក្នុង​ប្រតិបត្តិការ​នោះ ត្រូវ​បាន​ចាក់​លែង​ចូល​ក្នុង​ដែនទឹក​ធម្មជាតិ​វិញ​។

ជាមួយ​គ្នា​នេះ​លោក ម៉ុ​ក ពន្លក នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តក្រចេះ បាន​អំពាវនាវ​ដល់​ប្រជា​នេសាទ និង​អ្នក​ពាក់ន្ធ​ទាំងអស់ ឱ្យ​បញ្ឈប់​ការ​ប្រើប្រាស់​ឧ​បករណ៍​នេសាទ​ដែល​ច្បាប់​ហាមឃាត់ និង​ចូលរួម​ការពារ​ធនធាន​ជលផល​។​

លោក​បាន​បញ្ជាក់​ថា ឧបករណ៍​និងវិធី​នេសាទ​ដែល​ត្រូវ​ហាមឃាត់ រួម​មាន ឧបករណ៍​ឆក់ គ្រឿងផ្ទុះ ការ​ត្រាំ​បំពុល ឧបករណ៍​នេសាទ​ស្បៃ​មុង​និងលប​អួន​ក្រឡា​ញឹកជាដើម​។

លោក​ក៏​បាន​ព្រមាន​ថា អ្នក​ដែល​នៅ​តែ​បន្ត​លួចលាក់​ប្រើប្រាស់​ឧបករណ៍​នេសាទ​ខុសច្បាប់ អាច​ប្រឈម​នឹង​ការ​កោះហៅ និង​ចាត់វិធានការ​តាម​ផ្លូវច្បាប់ ព្រមទាំង​ទោសទណ្ឌ​ដែល​ច្បាប់​បាន​កំណត់​។​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តក្រចេះ ក៏​បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ និង​គ្រប់​ភាគី​ពាក់ព័ន្ធ ចូលរួម​រាយការណ៍ និង​ទប់ស្កាត់​បទល្មើស​នេសាទ ដើម្បី​រួម​គ្នា​រក្សា​ធនធាន​ជលផល​និង​ជីវចម្រុះ​នៅ​ក្នុង​ដែនទឹក​ធម្មជាតិ​។ ក្នុង​ចំណោម​ធនធាន​ដែល​ត្រូវការ​ការពារ​ជា​ពិសេស មាន​ត្រី​មេ​ពូជ​នៅ​តាម​បឹង និង​ដង​ទន្លេមេគង្គ ព្រមទាំង​ជីវចម្រុះ​ក្នុង​តំបន់​អភិរក្ស ដូច​ជា បឹង អូរ និង​ស្ទឹង រួម​ទាំង​សត្វ​ផ្សោត​ទន្លេមេគង្គ​៕