ឃាត់ខ្លួនជនសង្ស័យ១១នាក់ ដកហូតម៉ូតូ២៥គ្រឿង និងអំពាវនាវឱ្យម្ចាស់ដើមមកផ្ទៀងផ្ទាត់យកម៉ូតូវិញ
- បន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ ៖ អនុវត្តតាមបទបញ្ជារបស់លោកឧត្ដមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៣០ កញ្ញា ឆ្នាំ២០២៦ កម្លាំងជំនាញផែនព្រហ្មទណ្ឌខេត្ត និងកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុង បានបើកប្រតិបត្តិការបង្ក្រាប និងបានឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ សរុប១១នាក់ (ស្រី ១នាក់) ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស (កាច់ក និងគាស់ទ្វារ) និងបទទទួលផលចោរកម្មយ៉ាងសកម្មក្នុងមូលដ្ឋាន ដោយដកហូតបានវត្ថុតាងម៉ូតូសរុបចំនួន២៥គ្រឿង ។

លោកវរសេនីយ៍ទោ ម៉ៅ ឈួន អធិការរងផ្នែកព្រហ្មទណ្ឌបានឱ្យដឹងថា យោងការស្រាវជ្រាវ និងសម្លើយសាររភាពជនសង្ស័យ៧នាក់ ជាអ្នកធ្វើសកម្មភាពលួច និង៤នាក់ទៀតជាអ្នកទិញទទួលផលចោរកម្មដោយគ្មានឯកសារ (រួមមានឈ្មោះ យិញ សុធា និងឈ្មោះ ពៅ ស្រីហ៊ីម ហៅចែភីម) ។

បច្ចុប្បន្ន ជនសង្ស័យទាំង១១នាក់ ស្ថិតក្នុងការសួរនាំ និងបញ្ជូនទៅការិយាល័យជំនាញដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី។

អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតក៏បានជូនដំណឹង និងអំពាវនាវយ៉ាងទទូចដល់ប្រជាពលរដ្ឋដែលធ្លាប់បាត់បង់ម៉ូតូកន្លងមក ឲ្យប្រញាប់នាំយកឯកសារពាក់ព័ន្ធមកផ្ទៀងផ្ទាត់នៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីទទួលយកទ្រព្យសម្បត្តិរបស់ខ្លួនត្រឡប់ទៅវិញ ខណៈម៉ូតូចំនួន៣គ្រឿងត្រូវបានផ្ទៀងផ្ទាត់ត្រូវតាមបណ្ដឹង និងបានរៀបចំប្រគល់ជូនម្ចាស់ដើមវិញរួចរាល់ហើយ ៕




ចែករំលែកព័តមាននេះ