ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វេទិកា និង​ពិព័រណ៍​កសិកម្ម​កម្ពុជា ឆ្នាំ ២០២៦ (CAFE26) នឹង​ត​ភ្ជាប់​ដោយ​ផ្ទាល់​ជាមួយ​អ្នកទិញ អ្នក​កែ​ច្នៃ អ្នក​នាំ​ចេញ អ្នក​លក់រាយ ស្ថាប័នហិរញ្ញវត្ថុ និង​ដៃគូ​អាជីវកម្ម​ផ្សេង​ៗ

1 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងកសិកម្ម រុក្ខ​ប្រមាញ់ និង​នេសាទ រៀបចំ​សន្និសីទ​សារព័ត៌មាន​ស្ដី​ពី វេទិកា និង​ពិព័រណ៍​កសិកម្ម​កម្ពុជា ឆ្នាំ ២០២៦ (CAFE26) លើក​ទី ២ ក្រោយ​ទទួល​ជោគជ័យ និង​មានការ​គាំទ្រ​យ៉ាងច្រើន​កុះករ​កាលពី​ឆ្នាំ ២០២៥ ។ វេទិកា និង​ពិព័រណ៍​កសិកម្ម​កម្ពុជា ឆ្នាំ ២០២៦ (CAFE26) នឹង​ចាប់ផ្តើម​នៅ​ថ្ងៃ​ទី ២៣-២៥ ខែតុលា ឆ្នាំ ២០២៦ ខាង​មុខ​នេះ​នៅ​មណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ រាជធានី​ភ្នំពេញ ។

ក្រៅពី​ការ​តាំង​បង្ហាញ​ផលិតផល ពិព័រណ៍​នេះ​ក៏​ត្រូវ​បាន​រៀបចំ​ឡើង​ដើម្បី​ជំរុញ​ការ​ផ្គូផ្គង​អាជីវកម្ម ការ​បង្ហាញ និង​សាកល្បង​បច្ចេកវិទ្យា ការ​ដាក់​បង្ហាញ​ផលិតផល​ថ្មី ការ​ផ្លាស់​ប្តូរ​ចំណេះដឹង និង​ការ​ផ្សារ​ភ្ជាប់​ដោយ​ផ្ទាល់​រវាង​កសិករ ធុរជន អ្នកទិញ និង​វិនិយោគិន ។

ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​ថ្ងៃ​ទី ០១ ខែ តុលា ឆ្នាំ ២០២៦  ​លោក ប្រាក់ ដា​វី​ដ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខ​ប្រមាញ់ និង​នេសាទ បានឱ្យ​ដឹង​ថា ៖ «​កម្មវិធី​នឹង​ផ្ដោត​លើ​ប្រធានបទ​ជាក់ស្ដែង ដែល​មាន​សារៈសំខាន់​សម្រាប់​សហគមន៍​កសិកម្ម រួម​មាន អភិបាលកិច្ច និង​ការ​គ្រប់គ្រង​អាជីវកម្ម និង​ហិរញ្ញវត្ថុ ការ​រៀបចំ​ផែនការ​ផលិតកម្ម លទ្ធភាព​ទទួល​បាន​ហិរញ្ញប្បទាន ការ​លើកកម្ពស់​គុណភាព ការ​ធ្វើ​ទីផ្សារ​រួម​គ្នា ការ​កែ​ច្នៃ និង​បង្កើត​តម្លៃបន្ថែម បច្ចេកវិទ្យា​ឌី​ជី​ថ​ល និង​កសិកម្ម​ធន់​នឹង​ការ​ប្រែប្រួល​អាកាសធាតុ ។ សហគមន៍​កសិកម្ម​ក៏​នឹង​មានឱកាស​ត​ភ្ជាប់​ដោយ​ផ្ទាល់​ជាមួយ​អ្នកទិញ អ្នក​កែ​ច្នៃ អ្នក​នាំ​ចេញ អ្នក​លក់រាយ ស្ថាប័នហិរញ្ញវត្ថុ និង​ដៃគូ​អាជីវកម្ម​ផ្សេង​ៗ» ។

យោង​លើ​ភាព​ជោគជ័យ​នៃ​ការ​រៀបចំ​លើក​ទី​មួយ​នៃ​ព្រឹត្តិការណ៍ CAFE 25 វេទិកា និង​ពិព័រណ៍​កសិកម្ម​កម្ពុជា ឆ្នាំ ២០២៦ នឹង​រួម​បញ្ចូល​វេទិកា នវានុវត្តន៍​សម្រាប់​យុវជន និង​វេទិកា​ចែករំលែក​ចំណេះដឹង​សម្រាប់​សហគមន៍​កសិកម្ម ហើយ​ព្រឹត្តិការណ៍​នេះ​រំពឹង​ថា នឹង​មាន​ស្តង់​ពិព័រណ៍​ជាង ៤០០​កន្លែង អ្នកចូលរួម​ទស្សនា​ប្រមាណ ២៥ ០០០​នាក់ និង​កសិករ​ជាង ២ ០០០​នាក់ ផង​ដែរ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា វេទិកា និង​ពិព័រណ៍​កសិកម្ម​កម្ពុជា គឺជា​ព្រឹត្តិការណ៍​ក្នុង​វិស័យ​ក​សិ​ស្បៀងអាហារ​ដែល​មាន​ទំហំ និង​វិសាលភាព​ធំ​បំផុត​មួយ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ។ លក្ខណៈ​ពិសេស​របស់ CAFE គឺ​ការ​ប្រមូលផ្ដុំ​គ្រប់​តួអង្គ​ទាំងអស់​ក្នុង ប្រព័ន្ធ​អេកូឡូស៊ី​ក​សិ​ស្បៀងអាហារ​ទាំងមូល​មក​ជួបជុំ​គ្នា​នៅ​លើ​ថ្នាល​តែ​មួយ ។ CAFE រួម​បញ្ចូល កិច្ច​សន្ទនា​គោលនយោបាយ ការ​ជំរុញ​វិនិយោគ​ការ​ផ្គូផ្គង​អាជីវកម្ម ការ​បង្ហាញ និង​សាកល្បង​បច្ចេកវិទ្យា ការ​ផ្លាស់​ប្តូរ​ចំណេះដឹង និង​ពិព័រណ៍​កសិកម្ម​ទ្រង់ទ្រាយ​ធំ ដើម្បី​ឱ្យ​អ្នកចូលរួម​ពិភាក្សា​អំពី​បញ្ហា​ប្រឈម ឱកាស និង​កា​រត​ភ្ជាប់​ទំនាក់ទំនង​ដោយ ផ្ទាល់ ក៏​ដូច​ជា​ស្វែងរក​ដំណោះស្រាយ និង​បង្កើត​ភាព​ជា​ដៃគូ​អាជីវកម្ម និង​វិនិយោគ​ជាក់ស្ដែង ។

លោក ប្រាក់ ដា​វី​ដ បន្ត​ថា វិស័យ​ក​សិ​ស្បៀងអាហារ​កម្ពុជា​ឈាន​ចូល​ដល់​ដំណាក់កាល​បរិវត្ត​កម្ម​ដ៏​សំខាន់​មួយ ។ ការ​នាំ​ចេញ​កសិផល​សំខាន់​ៗ ដូច​ជា​ស្រូវ​អង្ករ ស្វាយចន្ទី ស្វាយ ដំឡូង​មី និង​កៅស៊ូ បន្ត​កើនឡើង​ទៅ​កាន់​ទីផ្សារ​តំបន់ និង​សកល ។ ទោះជា​យ៉ាងណា​ក៏​ដោយ​ផលិតផល​ភាគច្រើន​ត្រូវ​បាន​នាំ​ចេញ​ក្នុង​ទម្រង់​ជា​វត្ថុធាតុដើម ដោយសារ​សមត្ថភាព​កែ​ច្នៃ​កសិផល​ក្នុងស្រុក និង​ការ​វិនិយោគ​ដើម្បី​បង្កើន​តម្លៃបន្ថែម​នៅ​មាន​កម្រិត ។ កម្ពុជា​ក៏​កំពុង​ពង្រឹង​ខ្លួន​ដើម្បី​ប្រែក្លាយ​ពី​ការ​នាំ​ចេញ​ផលិតផល​កសិកម្ម​ជា​វត្ថុធាតុដើម​ទៅ​ការ​នាំ​ចេញ​ផលិតផល​កែ​ច្នៃ និង​ពង្រឹងសមត្ថភាព​កែ​ច្នៃ​ក្នុងស្រុក​ដើម្បី​បង្កើន​តម្លៃបន្ថែម ។ ការណ៍​នេះ​បង្កើន​ឱកាស​វិនិយោគ​សម្រាប់​ការ​កែ​ច្នៃ ការ​ស្តុក​ទំនិញ ភស្តុ​ភារ បច្ចេកវិទ្យា​កសិកម្ម ការ​វេច​ខ្ចប់ និង​ការ​កែ​ច្នៃ​សម្រាប់​នាំ​ចេញ ។

លោក ប្រាក់ ដា​វី​ដ ក៏​បាន​លើកទឹកចិត្ត​ដល់​ស្ថាប័ន​សារព័ត៌មាន និង​អ្នក​សារព័ត៌មាន ចូលរួម​ផ្សព្វផ្សាយ​ឱ្យ​បាន​ទូលំទូលាយ​អំពី ព្រឹត្តិការណ៍ – CAFE26 បទ​ពិសោធន៍​ដែល​អ្នកចូលរួម​នឹង​អាច​ទទួល​បាន និង​ឱកាស​នានា​សម្រាប់​កសិករ ធុរជន វិនិយោគិន សហគមន៍​កសិកម្ម យុវជន និង​សាធារណជន​ទូទៅ ។

សូម​ជម្រាប​ជូន​ផង​ដែរ​ថា វេទិកា​និង​ពិព័រណ៍​កសិកម្ម​កម្ពុជា ដឹកនាំ​រៀបចំ​ដោយ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ដោយ​មានការ​ចូលរួម​សហការ​ពី​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ អង្គការ​ស្បៀង និង​កសិកម្ម​នៃ​សហប្រជាជាតិ (FAO) ដៃគូ​អភិវឌ្ឍន៍ និង​វិស័យ​ឯកជន​នានា ហើយ​នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ​ផង​ដែរ​ក៏​នឹង​មាន​វត្តមាន​ពី​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល កសិករ និង​សហគមន៍​កសិកម្ម ធុរជន វិនិយោគិន​ជាតិ និង​អន្តរជាតិ ស្ថាប័នហិរញ្ញវត្ថុ អ្នក​នវានុវត្តន៍ យុវជន ដៃគូ​អភិវឌ្ឍន៍ និង​តួអង្គ​ពាក់ព័ន្ធ​នានា ទាំង​ក្នុង និង​ក្រៅប្រទេស ៕