សង្គ្រាមអ៊ុយក្រែន ៖ ជាលើកដំបូងហើយ ចាប់តាំងពីរដូវរងាមុនមក ដែលរុស្ស៊ីវាយប្រហារខ្លាំងក្លាបំផុតលើបណ្ដាហេដ្ឋា រចនាសម្ព័ន្ធថាមពលក្រុងគៀវ កាលពីយប់ថ្ងៃទី២៩ មក ៣០កញ្ញា បណ្ដាលឲ្យមនុស្សច្រើននាក់ស្លាប់ និងនាំឱ្យដាច់ភ្លើង ។ ប្រធានាធិបតីអ៊ុយក្រែន លោកវ៉ូឡូឌីមៀរហ្សេឡេនស្គីថ្លែងថា មនុស្សយ៉ាងតិច៤នាក់ស្លាប់នៅក្រុងគៀវ និងតំបន់ជុំវិញ ក្នុងនោះ កុមារម្នាក់រកឃើញស្លាប់ក្រោមគំនរបាក់បែកនៃអគារមួយ ខណៈរដ្ឋធានីអ៊ុយក្រែនរយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ ក្លាយជាគោលដៅវាយប្រហារតាមអាកាសមិនឈប់ឈរ ទាំងថ្ងៃទាំងយប់របស់រុស្ស៊ី ។ ចំណែកមនុស្ស៣នាក់ទៀត ស្លាប់នៅកន្លែងផ្សេងរបស់ប្រទេស។

ម្យ៉ាងទៀត តាមនាយករដ្ឋមន្ត្រីអ៊ុយក្រែន លោកស័រហ្គីអ៉ីកូរេតស្គីថា ការវាយប្រហារទាំងនោះ កំណត់ពីការចាប់ផ្ដើមយុទ្ធនាការថ្មីរបស់រុស្ស៊ី វាយប្រហារប្រឆាំងផ្នែកថាមពលអ៊ុយក្រែន ពេលរដូវរងាចាប់មកដល់ ។ តាមតេឡេក្រាម លោកសរសេរថា ចាប់តាំងពីរដូវក្ដៅនេះមក គ្មានថ្ងៃណាមួយដែលសត្រូវមិនវាយប្រហារ ហេដ្ឋារចនាសម្ព័ន្ធ ថាមពលរបស់យើងឡើយ ។ ប៉ុន្តែការវាយប្រហារក្នុងទំហំធំលើកនេះ មានជាលើកដំបូងពេលរដូវរងាថ្មីជិតចូលមកដល់ ។ អ៊ុយក្រែនមានការភ័យខ្លាចដល់សេណារីយ៉ូនៃរដូវរងាកាលពីឆ្នាំទៅមិញ ពេលដែលរុស្ស៊ីវាយប្រហារ បណ្ដាទីតាំងថាមពលរបស់ប្រទេស ប៉ុនប៉ងឲ្យអ៊ុយក្រែនចុះញ៉ម។
នាដើមសប្ដាហ៍នេះ នាយករដ្ឋមន្ត្រីអ៊ុយក្រែនស្នើដល់បណ្ដាមនុស្សងាយរងគ្រោះ ចាកចេញពីរដ្ឋធានីមុនរដូវរងាមកដល់។ តាមផ្នែកឧតុនិយមអ៊ុយក្រែនថា ព្រិលដំបូងចាប់ធ្លាក់នាពេលយប់ចាប់ពីថ្ងៃទី១តុលាទៅ ក្នុងតំបន់ជាច្រើនរបស់ប្រទេស។ ក្រសួងការពារប្រទេសរុស្ស៊ីអះបអាងថា យើងបានវាយប្រហារបណ្ដាទីតាំងអគ្គិសនីដែលផ្គត់ផ្គង់អគ្គិសនី ដល់បណ្ដាសហគ្រាសយោធានៃរដ្ឋធានីគៀវ និងតំបន់ជុំវិញ ព្រមទាំងមជ្ឈមណ្ឌលវារីអគ្គិសនី មជ្ឈមណ្ឌលអគ្គិសនីប្រើប្រេងឬធ្យូងថ្ម ។

តាមកងទ័ពអាកាសអ៊ុយក្រែនថា ក្រុងមូស្គូបានប្រើជាពិសេសមីស៊ីលបាលីស្ទិក និងបណ្ដាដ្រូនរេអាក់ទ័រ ជាអាវុធដែលអ៊ុយក្រែនពិបាកស្ទាក់កម្ទេច មកពីខ្វះគ្រាប់ដែលអាចគម្ទេចបាន។ ទោះបីយ៉ាណាលោកហ្សេឡេនស្គីអះអាងថា ផ្នែកការពារអាកាសយើង អាចបាញ់ទម្លាក់មីស៊ីលបាលីស្ទិកមួយចំនួន។ លោកថ្លែងអំណរគុណដល់បណ្ដាសម្ព័ន្ធមិត្តក្រុងគៀវ ដែលនាពេលថ្មីៗនេះបានផ្ដល់ដល់អ៊ុយក្រែននូវមធ្យោបាយការពារអាកាសថ្មីៗ ។
ទន្ទឹមនេះដែរពេលរុស្ស៊ី ចាប់ផ្ដើមវាយប្រហារខ្លាំងក្លាលើបណ្ដាហេដ្ឋារចនាសម្ព័ន្ធថាមពលអ៊ុយក្រែន ប្រទេសនេះ ក៏គំរាមដែរបណ្ដាប្រទេសជាសមាជិកអូតង់ ប្រើបណ្ដាអាវុធដែលខ្លួនមាន ក្នុងនោះ មានអាវុធនុយក្លេអ៊ែរផងដែរ ប្រសិនបើបណ្ដារដ្ឋសមាជិកអូតង់ប៉ុនប៉ងធ្វើឲ្យទីក្រុងកាលីនីនក្រាដ ស្ថិតនៅឯកោ។ កាលីនីនហ្គ្រាដជាទីក្រុងមួយរបស់រុស្ស៊ីលយចូលទៅសមុទ្របាល់ទិក និងមានព្រំដែនជាប់ប៉ូឡូញ និងលីទុយអានី ។
កំណត់ការទូតមួយរបស់រុស្ស៊ីលើកឡើងថា រុស្ស៊ីត្រៀមប្រើកងទ័ព និងសមត្ថភាពយោធាដែលខ្លួនមាន ក្នុងនោះ រួមទាំងអាវុធនុយក្លេអ៊ែរផង ដើម្បីការពារដែនដីខ្លួន ប្រសិនបើបណ្ដាប្រទេសជាសមាជិកអូតង់ ប៉ុនប៉ងធ្វើឲ្យតំបន់កាលីនីនហ្គ្រាដស្ថិតនៅឯកោដាច់ពីប្រទេសខ្លួន ៕

ចែករំលែកព័តមាននេះ