ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុការណ៍ចា.ក់គ្នាក្នុងកាប៊ីនយន្តហោះ ​ឆ្ពោះទៅអ៊ីស្រាអែល មុនពេលចុះចតសុវត្ថិភាពនៅអារ៉ាប៊ីសាអូឌីត

49 នាទី មុន

ប្រទេស​អ៉ី​ស្រា​អែ​ល ៖ កាលពី​ថ្ងៃ​ទី​៣០​ កញ្ញា​ អ្នក​បើក​យន្តហោះ​ម្នាក់​បាន​ចាក់​អ្នក​បើក​ម្នាក់​ទៀត ក្នុង​យន្តហោះ​ដឹក​អ្នកដំណើរ​១​គ្រឿង ដែល​ហោះ​ទៅ​កាន់​អ៉ី​ស្រា​អែ​ល មុន​ពេល​បណ្ដា​អ្នកដំណើរ​សម្រុកចូល​ក្នុង​កាប៊ី​ន​យន្តហោះ ហើយ​ប្រតាយប្រតប់​គ្នា​ជាមួយ​អ្នក​ចាក់​រូប​នោះ​ ។

បណ្ដា​សាក្សី​រៀបរាប់​ថា យន្តហោះ​ចាប់ផ្ដើម​បង្ខំ​ចុះ​នាំ​ឲ្យ​បណ្ដា​អ្នកដំណើរ​ស្រែក​ភ័យ​ជ្រួលច្របល់​ ។ យន្តហោះ​នោះ​ បន្ទាប់​មក​វិល​​មក​មាន​លំនឹង​វិញ ​ហើយ​ចុះ​បន្ទាន់​នៅ​អា​រ៉ា​ប៊ី​សា​អូឌីត​ ។ មូលហេតុ​នៃ​ការ​ចាក់​នោះ ដែល​នាំ​ឲ្យ​អ៉ី​ស្រា​អែ​ល​ត្រៀម​បណ្ដា​យន្ត​ហោះ​ប្រយុទ្ធ ខ្លាច​មាន​សកម្មភាព​ចាប់​ពង្វាង​យន្តហោះ នៅ​មិន​ទាន់​ច្បាស់​នៅឡើយ​ ។ នាយក​រដ្ឋមន្ត្រី​អ៉ី​ស្រា​អែ​ល​លោក​បេន​ចា​មីន​នេ​តាន់​យ៉ា​ហ៊ូ​ ប្រកាស​ថា អា​រ៉ា​ប៊ី​សា​អូឌីត​​បាន​ចាប់ខ្លួន​អ្នក​បើក​ដែល​ចាក់​គេ​នោះ ដែល​អត្តសញ្ញាណ​របស់​គេ​មិន​ត្រូវ​បាន​លាតត្រដាង​នៅឡើយ​ ។

បណ្ដា​អ្នកដំណើរ​ដែល​ភ័យ​ជ្រួលច្របល់​នៃ​យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ FLYDUBAI ភ្ជាប់​ក្រុង​ឌូ​បៃ​ ទៅ​ក្រុង​តែ​ល​អា​វីវ បាន​ទៅ​ដល់​អ៉ី​ស្រា​អែ​ល​ នា​យប់​ថ្ងៃ​ទី​៣០​ កញ្ញា​ នោះ តាម​យន្តហោះ​១​គ្រឿង​ទៀត ក្រោម​ការ​ទះដៃ​អបអរ​ពី​សំណាក់​បណ្ដា​អ្នក​រង់ចាំ​ ។

បណ្ដា​អ្នក​ជំនាញការ​ខាង​អាកាសចរណ៍​ មានការ​ងឿងឆ្ងល់​ដែល​យន្តហោះ​នោះ​មិន​ផ្ទុះ ក្រោយ​ការ​ចុះ​ដោយ​បង្ខំ ដោយ​ផ្នែក​មួយ​ធំ​​នៃ​ច​ង្កូ​ត​យន្តហោះ​បាន​ដាច់​ពី​កន្ទុយ​ ។ តាម​វី​ដេ​អូ​មួយ​ផ្សាយ​ដោយ​ទូរទស្សន៍​ CHANNEL 12 គេ​ឃើញ​អ្នកដំណើរ​ម្នាក់​លោក​យ៉ា​នី​ល​ ហា​យូ​ន ​ដែល​ប្រតាយប្រតប់​ជាមួយ​អ្នក​ចាក់ ពាក់​អាវយឺត​មួយ​ប្រឡាក់​ដោយ​ឈាម ហើយ​ចាប់ដៃ​ដោយ​លោក​នេ​តាន់​យ៉ា​ហ៊ូ​ ដែល​និយាយ​ថា ខ្ញុំ​នឹង​ជួប​លោក​ទៀត​ ដោយ​លោក​ជា​តោ​មួយ​ និង​ជា​វីរបុរស​មួយ​រូប ​។

លោក​យ៉ា​នី​ល ​ហា​យូ​ន​ រៀ​បរាប់​ថា បន្ទាប់​ពី​អ្នកដំណើរ​ម្នាក់​បានឃើញ​អ្នក​បើក​យន្តហោះ​ម្នាក់​ចាក់​អ្នក​បើក​ម្នាក់​ទៀត ដែល​ស្រែក​រក​ជំនួយ​ រូបគេ​និង​អ្នកដំណើរ​ដទៃ​ៗ​ទៀត​បាន​នាំ​គ្នា​សម្រុកចូល​ក្នុង​កាប៊ី​ន ហើយ​បានឃើញ​អ្នក​ចាក់់​ប៉ុនប៉ង​បំផ្លាញ​ឧបករណ៍​បញ្ជា​យន្តហោះ​ប៉ុនប៉ង​ឲ្យ​យន្តហោះ​ធ្លាក់​ ។ ក្រុមហ៊ុន​អាកាសចរណ៍​FLYDUBAI​គូសបញ្ជាក់​ថា យន្តហោះ​ត្រូវ​បាន​ធានា​សន្តិសុខ​ដោយ​ក្រុម​យានិក​កំពុង​បម្រើ​ការ​ដែល​នាំ​យន្តហោះ​បក​ក្រោយ មក​ចុះ​ចត​បាន​ដោយ​សុ​វត្តិភាព​នៅ​អា​រ៉ា​ប៊ី​សា​អូឌីត​។

អ្នក​បើក​យន្តហោះ​ដែល​គេ​ចាក់​របួស ​គឹ​អនុសេនីយឯក​ជនជាតិ​ឥណ្ឌា​ លោក​SMIT MACHCHHAR ដែល​នាយក​រដ្ឋមន្ត្រី​
អ៉ី​ស្រា​អែ​ល​ថា​ ជា​បុរស​ដ៏​សែន​ក្លាហាន​ម្នាក់​ ។ រូបគេ​ទោះ​ត្រូវ​គេ​ចាក់​ហើយ​របួសធ្ងន់​នៅ​តែ​អាច​ការពារ​ខ្លួន​ និង​ត​ស៊ី​​ទប់ទល់ នាំ​ទៅ​ដល់​ការ​ជួយ​សង្គ្រោះ​អាយុជីវិត​មនុស្ស​១៧៤​នាក់ ដែល​ក្នុង​នោះ​មាន​បណ្ដា​ជនជាតិ​អ៉ី​ស្រា​អែ​ល ​និង​ជនជាតិ​បរទេស​
ផ្សេង​ៗ៕