ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដេញថ្លៃចុះជាង ៦០ភាគរយ ព្រមា.នថា បើខុសបច្ចេកទេសចុះក្នុងបញ្ជីខ្មៅ

3 ម៉ោង មុន
  • ត្បូងឃ្មុំ

ខេត្ត​ត្បូងឃ្មុំ​ ៖ មាន​ក្រុមហ៊ុន​យ៉ាង​ហោច​ណាស់​ជាង ​២០ បាន​ចូលរួម​ដេញថ្លៃ​គម្រោង​សាងសង់​ផ្លូវ​ក្រាល​គ្រួ​ស​ក្រហម​ប្រវែង​ ៩២០​ម៉ែត្រ​នៅ​សាលាឃុំ​ព្រែក​អា​ជី ស្រុក​ត្បូងឃ្មុំ ដែល​ធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​ ១៤​ ខែកក្កដា​ឆ្នាំ ២០២៦ សម្រាប់​តម្លៃ​ដាក់​ឲ្យ​ដេញថ្លៃ​ជាង​៧៣​លាន​រៀល ក្នុង​នោះ​មាន​តែ ​៦ ក្រុមហ៊ុន​បាន​យក​ប៊ីត​ដាក់​ក្នុង​ប្រអប់​សំបុត្រ ចំពោះ​លទ្ធផល​នៃ​ការ​ដេញថ្លៃ​ឃើញ​ថា ​មានការ​ប្រកួតប្រជែង​យ៉ាង​ចាស់ដៃ​ធ្វើ​ឲ្យ​ការ​ធ្លាក់​ចុះ​មក​នៅ​ត្រឹមតែ ២០​លាន​រៀល​ជាង​ប៉ុណ្ណោះ ​។

ជាមួយ​នោះ​អាជ្ញាធរ​ក៏​ដូច​ជា​ស្ថាប័ន​ជំនាញ​បាន​ព្រមាន​ដល់​ក្រុមហ៊ុន​ធ្វើ​យ៉ាងណា​ឲ្យ​ត្រូវ​ស្តង់ដាបច្ចេកទេស បើ​ពុំនោះ​ទេ​នឹង​ដាក់​ក្នុង​បញ្ជីខ្មៅ​ឱ្យចុះនរករបស់​ក្រសួងមហាផ្ទៃ​ហើយ​ ។

លោក​ ឆេ​ង សុផល មេឃុំ​ព្រែក​អា​ជី​ បាន​ឲ្យ​ដឹង​ថា​ ដោយ​មានការ​ស្នើ​សុំ​ពី​ប្រជាពលរដ្ឋ​នៅ​ភូមិ​ឈើទាល​ទី​មួយ មក​កាន់​អាជ្ញាធរ​ដើម្បី​សុំ​ផ្លូវ​មួយ​ខ្សែ​ឆ្ពោះទៅ​កាន់​ស្រែ ​និង​ចម្ការ​របស់​ពួក​គាត់​ ។​ ដោយ​មើលឃើញ​ពី​ការ​លំបាក​អាជ្ញាធរ​បាន​សម្រេច​ផ្ដល់​ផ្លូវ​មួយ​ខ្សែ​ប្រវែង ​៩២០​ម៉ែត្រ ហើយ​ក៏​បាន​ដាក់​ឲ្យ​ដេញថ្លៃ​ជា​សាធារណៈ​ធ្វើ​ឡើង​នៅ​សាលាឃុំ ទិដ្ឋភាព​គឺ​មានការ​ប្រកួតប្រជែង​ដោយ​មាន​ក្រុមហ៊ុន​ច្រើន​ចូលរួម ​។

លោក​មេឃុំ​ព្រែក​អា​ជី បន្ត​ថា កន្លង​មក​ក្រុមហ៊ុន​ដែល​ដេញ​ផ្លូវ​បាន​គឺ​មាន​ផលវិបាក​ត្រង់​ថា ​គ្រួ​ស​ក្រហម​ត្រូវ​ទៅ​រក​ពី​តំបន់​ឆ្ងាយ​នៅ​ឃុំ​រកា​ពរ​ប្រាំ ដែល​មាន​ចម្ងាយ​ប្រមាណ​ ២០​គីឡូម៉ែត្រ ចំពោះ​នៅ​តំបន់​របស់​លោក​មិន​មាន​នោះ​ទេ ​។

ក្រុមហ៊ុន​ឈ្មោះ​សឿ​ន វាសនា​ ដែល​ដេញថ្លៃ​ផ្លូវ​បាន​នេះ​កន្លង​មក​ធ្លាប់​មានបទពិសោធន៍​សាងសង់​ទំនប់​បង្ហៀរទឹក ​និង​ផ្លូវ​បេតុង​នៅ​ឃុំ​បឹង​ព្រួល​ជាប់​នឹង​ឃុំ​របស់​លោក​ចំពោះ​គុណភាព​គឺ​អាច​ទទួលយក​បាន តែ​ការ​ដេញថ្លៃ​ផ្លូវ​នេះ​ចុះ​ច្រើន​លើស​ពី​ ៦០% ដូច្នេះ​ចុះ​ក៏​ចុះ​ទៅ​តែ​គុណភាព​ត្រូវ​តែ​គោរព​តាម​ស្តង់ដា​បច្ចេកទេស​ ។

លោក​ សឹង សេរី​វ៉ា​ន់​ឌី ប្រធាន​ការិយាល័យ​ផែនការ​ និង​វិនិយោគ​ខេត្ត​ត្បូងឃ្មុំ ​វិញ​បានឱ្យដឹង​ដែរ​ថា រូប​លោក​សូម​ក្រើន​រំលឹក​ដល់​ក្រុមហ៊ុន​ធ្វើ​យ៉ាងណា​ដេញ​កុំ​ចង់បាន​តែ​ឈ្នះ​ហើយ តម្លៃ​ចុះ​ច្រើន​ដូច្នេះ​នឹង​ធ្វើ​ឲ្យ​ការ​សាងសង់​គ្មាន​គុណភាព ​។ សូម​ពិនិត្យ​ឱ្យ​បាន​ច្បាស់លាស់​កាលណា​ធ្វើ​អត់​មានគុណ​ភាព បើ​ជួសជុល​ផ្លូវ​ក្រាល​គ្រួ​ស​ក្រហម​ចាក់​កិន​បង្ហាប់​បាន​មិន​មាន​បញ្ហា​។​

តែបើ​ស្ថាបនា​ផ្លូវ​បេតុង​ក្នុង​សុពលភាព​កន្លែង​ដែល​ដេញ​ថោក​ពេក​ត្រូវ​កាត់​ចេញ​គាស់​ចោល ធ្លាប់​កើត​មាននៅ​កំពង់ចាម​ និង​ត្បូងឃ្មុំ​ក៏​មាន ​។ កន្លែង​ដែល​ខូច​មាន​ប្រវែង ​១៧៧ ម៉ែត្រ ត្រូវ​គាស់​ចោល​ព្រោះ​លួច​បន្លំ​ការ​សាងសង់ ធ្វើ​តាម​បច្ចេកទេស​នោះ​មិន​មាន​បញ្ហា​ចោទ​ទេ​ ។​

បើ​រក​ឃើញ​មាន​បែប​នេះ​បន្ត​ទៀត​ក្រុមហ៊ុន​ និង​ត្រូវ​ដាក់​ក្នុង​បញ្ជីខ្មៅ​ក្រសួងមហាផ្ទៃ ​។ ​អ្នក​រកស៊ី​ គឺ​ចង់បាន​ចំណេញ​តែ​សូម​ឱ្យ​មានគុណ​ភាពល្អ ជាមួយ​នោះ​ក៏​សូម​អរគុណ​ដល់​អ្នក​សារព័ត៌មាន​ដែល​បាន​រាយការណ៍​ពី​ក្រុមហ៊ុន​ដែល​ស្ថាបនា​ផ្លូវ​ហើយ​ក្រុមការងារ​របស់​លោក​ក្រោយ​ពី​ទទួល​បាន​ចុះ​ទៅ​ត្រួតពិនិត្យ​ដោយ​ផ្ទាល់​ឬ​អាជ្ញាធរ​មូលដ្ឋាន​លើ​ក្រុមហ៊ុន​ដែល​កសាង​សង់​មិន​គោរព​តាម​កិច្ចសន្យា ​៕

ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ​